ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ឃាត់ខ្លួន​បាន​៥​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន ដោយ​រយៈពេល​ពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​រយៈពេល​ពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា ឃាត់ខ្លួន​ស្ត្រី​អ្នក​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន និង​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​បាន​ចំនួន​៣​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ប្រតិបត្តិការ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង លើក​ទី​១ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២ ថ្ងៃត្រង់ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ដោយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​១,​ឈ្មោះ ប៉ឹម ណា​រិ​ន ហៅ​ទី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ នៅ​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ២,​ឈ្មោះ ផ​ន សៀង​ហៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​។ ៣,​ឈ្មោះ ពេជ្រ សុខ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទុ​រ​ស័ព្ទ​ដៃ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ដោយឡែក​ប្រតិបត្តិការ​លើក​ទី​២ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក នៅ​ត្រង់​ចំណុច​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ស្ថិត​នៅ​ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា​លើក​ទី​២​នេះ កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​ប៉ុស្ដិ៍​ប្រទះ​ឡា​ង ក្រោម​បញ្ជា​របស់ លោក​វរ​សេនី​យ៏​ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី ដែល​ជា​ជនសង្ស័យ ក្នុង​ការ​ជួញដូរ​គ្រឿងញៀន​តែ​ម្ដង បាន​ចំនួន​២​នាក់​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ , ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​គូប សេ​៥០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 1AM-6377 លេខ​តួ​2114623 លេខ​ម៉ាស៊ីន​0902962 ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ យាន យូ​ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ វ៉ុ​ន សៀវ​ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ហើយ​អ្នក​ទាំង​ពីរ​នាក់​នេះ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សេន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​មុន​ពេល​ចាប់ខ្លួន​ក្រុម​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ទាំង​ពីរ​ក្រុម​នេះ កម្លាំង​នគរបាល​ខាងលើ​បាន​ចេញ​ល្បាត​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ ទើប​កំណត់​បាន​មុខសញ្ញា​ទាំងនោះ ហើយ​ក៏​បាន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​រួច​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​៕