ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ច្រាំង​អន្លុង​សត្វ​ផ្សោត ប្រឈម​ហានិភ័យ​សេដ្ឋកិច្ច​ទេសចរណ៍

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ពីរ​ឆ្នាំ​ជាប់​គ្នា​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​អន្លុង​ឈើទាល ភូមិ​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ប្រឈម​នូវ​ការ​ច្រាំង​ធ្លាក់​ចូល​ទន្លេ​ជា​បន្តបន្ទាប់

ខេត្តស្ទឹងត្រែង ៖ ពីរ​ឆ្នាំ​ជាប់​គ្នា​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​អន្លុង​ឈើទាល ភូមិ​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ប្រឈម​នូវ​ការ​ច្រាំង​ធ្លាក់​ចូល​ទន្លេ​ជា​បន្តបន្ទាប់ ដោយ​បង្ក​ជា​ហានិភ័យ​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច​ទេសចរណ៍ គ្រា​ដែល​ពុំ​មាន​ដំណោះស្រាយ ឬ​ចំណាត់ការ​ទប់ស្កាត់​ណាមួយ​ឡើយ​។ លោក ផ​យ វ​ណ្ណា សមាជិក​គណៈកម្មការ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​ឆ្នាំ​២០១៦​កន្លង​ទៅ ច្រាំង​តាម​មាត់ទន្លេ​រាប់​សិប​ម៉ែត្រ​រួម​ខ្យូ​ស រោង​អង្គុយ​ពិសារ​អាហារ និង​ទស្សនា​សត្វ​ផ្សោត​ត្រូវ​បាក់​ធ្លាក់​ចូល​ទន្លេ​អស់ ខណៈ​ទឹក​ហូរ​បុក​ច្រោះ​ខ្លាំង​ពី​តំបន់​ខាងលើ​ចុះ​ទៅ​ក្រោម​។ ចំណែក​ស្ថិត​ក្នុង​ខែកក្កដា ឆ្នាំ​២០១៧ រយៈពេល​ដប់​ថ្ងៃ​មកនេះ​ភ្លៀង​ធ្លាក់​មិន​ឈប់​ឈរ​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ឡើង​ខ្លាំង​បាក់​ច្រាំង​ទន្លេ​បន្តបន្ទាប់​ប្រវែង​ជាង​៥០​ម៉ែត្រ​ទៅ​ហើយ​។

លោក​បន្ត​ថា មុន​ពេល​សម្ពាធ​ទឹក​ហូរ​ខ្លាំង​បុក​ច្រាំង និង​ច្រោះ​ដី​ពុំ​មាន​អ្នក​ណា​អើពើ​រក​មធ្យោបាយ​ណាមួយ​ដើម្បី​ទប់ស្កាត់ និង​លើក​សែង​ជម្លៀស​ខ្យូ​សរោង​ក្រៅពី​ការ​ពឹងពាក់​អ្នក​ភូមិ​នោះ​ទេ​។ ហើយ​ច្រាំង​ស្ថិត​នៅ​កន្លែង​រមណីយដ្ឋាន​សត្វ​ផ្សោត​អន្លុង​ឈើទាល​នោះ គេ​រំពឹង​ថា​នឹង​បន្ត​បាក់​កាន់តែ​ខ្លាំង​នៅ​ពេល​ខាង​មុខ​ដោយសារ​តាម​បណ្តោយ​មាត់ច្រាំង​នោះ​មាន​កន្លែង​ខ្លះ​ត្រូវ​ទឹក​បុក​ដាច់​ក្លាយជា​ឈូង​ទៅ​ហើយ​។ សមា​ជិ​គ​គណៈកម្មការ​សហគមន៍​អេកូ​ទេសចរណ៍​រូប​នេះ​បាន​ត្អូញត្អែ​ថា កំណើន​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ធ្លាក់​បន្តបន្ទាប់​ចំណែក​ភ្ញៀវ​ទេសចរណ៍​ជាតិ​ស្ថិត​ក្នុង​កម្រិត​តិច​ទាប​ផង​ដែរ ដោយសារ​មើលឃើញ និង​ភ័យ​ខ្លាច​ខណៈ​ច្រាំង​ទន្លេ​បាក់​ធ្លាក់​ស្រឹប​ៗ​នោះ​។

លោក​បន្ត​ថា ការ​បាក់​ច្រាំង​ទន្លេ​នោះ​បាន​បង្ក​ការ​ខាតបង់​ជា​ច្រើន​ទាក់ទិន​ទៅ​នឹង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​ដូច​ជា ការ​ទទួល​បាន​សេវា​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជិះទូក​កម្សាន្ត មើល​សត្វ​ផ្សោត និង​សេវា​លក់​ម្ហូបអាហារ​។ លោក​បាន​បញ្ជាក់​ថា កម្រៃ​សេវា​ដែល​បាន​មក​ពី​ភ្ញៀវ​ទេសចរណ៍​រួមការ​លក់​ម្ហូបអាហា​ស្ទើរ​ដប់​ភាគរយ​ដាក់​បញ្ចូល​ទៅ​ក្នុង​សហគមន៍​ផង​ដែរ ហើយ​ភ្ញៀវ​ទេសចរណ៍​អាច​ញ៉ាំ​អាហារ​(​បាយ​សម្ល​)​មួយ​ឆ្អែត​ត្រឹមតែ​មួយ​ម៉ឺន​ពីរ​ពាន់​រៀល​ប៉ុណ្ណោះ​។ តែ​បច្ចុប្បន្ន​នេះ​ការ​រំពឹង​លើ​សេដ្ឋកិច្ច​ទេសចរណ៍​នេះ​ហាក់ដូច​ធ្លាក់​ចុះ​ខ្លាំង​ណាស់​។ គេ​បារម្ភ​ថា បើ​ច្រាំង​ទន្លេ​នៅ​បន្ត​បាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយសារ​គំហុក​ទឹក​នោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​មិន​ថា​នៅ​តំបន់​ទេសចរណ៍​នោះ​ឡើយ​សូ​ម្បី​ប្រជាពលរដ្ឋ​ក្នុងភូមិ​តាម​មាត់ទន្លេ​បើ​គ្មាន​យុទ្ធសាស្ត្រ​សម្រាប់​ទប់ស្កាត់​នោះ​។ 

លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តស្ទឹងត្រែង ឲ្យ​ដឹង​ថា នៅ​ស្ថាន​ជល​សាស្ត្រ​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​នា​រសៀល​ថ្ងៃ​ទី​២១ កក្កដា ២០១៧​នេះ កម្ពស់​ទឹក​ឡើង​ដល់​៨.២៥​ម៉ែត្រ ហើយ​រយៈពេល​បី​ថ្ងៃ​មកនេះ​ទឹក​ឡើង​ខ្លាំង​បង្ក​ឲ្យ​ដី​សើម​បូក​រួម​កម្លាំង​រលក​ទឹក​ទើប​ធ្វើ​ឲ្យ​ដី​ច្រាំង​បាក់ ហើយ​ឆ្នាំ​នេះ​ដូច​មិន​ទាន់​ឮ​របាយការណ៍​បាក់​ធ្ងន់ធ្ងរ​ដូច​កាល​ឆ្នាំទៅ​ឡើយ​។ លោក​ថា ចាស់ទុំ​ពី​ដើម​នៅ​ភូមិ​ព្រះ​រំកិល​នោះ​ប្រាប់​លោក​ថា មាត់ទន្លេ​កាលពីមុន​ចម្ងាយ​ប្រហែល​មួយ​រយ​ម៉ែត្រ​មក​ច្រាំង​ទន្លេ​បច្ចុប្បន្ន ហើយពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ច្រាំង​នោះ​ចេះ​តែ​បាក់​ម្តង​បន្តិច​ៗ​រហូត​ដល់​ពេល​នេះ​ដែរ​។ លោក​បន្ត​ថា ការ​បាក់​ច្រាំង​នោះ​មិន​បណ្តាល​មក​ពី​លំហូរ​ទឹក​នៃ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង ស្ថិត​នៅ​ខាងលើ​ទន្លេមេគង្គ​នោះ​ទេ ដោយសារ​វា​រី​អគ្គិសនី​នោះ​មិន​ទាន់​ដំណើរការ​ផលិត​ថាមពល​។

ទាក់ទង​ទៅ​នឹង​យុទ្ធសាស្ត្រ និង​គម្រោង​ទប់ស្កាត់​លើ​ការ​បាក់​ច្រាំង​នោះ​យ៉ាងណា កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ព័ត៌មាន​បន្ថែម​ទៅ​លោក​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ទេ ដោយសារ​នៅ​រសៀល​ថ្ងៃ​ទី​២១ កក្កដា ២០១៧​នេះ ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​។ តាម​ការ​ឲ្យ​ដឹង​ថា ក្រៅពី​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​អន្លុង​ឈើទាល​នៅ​មាន​ដី​ច្រាំង​ទន្លេ​ខាងក្រោម​ក្នុង​ឃុំ​ព្រះ​រំកិល និង​ច្រាំង​នៅ​ភូមិ​កោះ​ល្ង​តាម​បណ្តោយ​ទន្លេមេគង្គ​ក៏​កំពុង​បាក់​ធ្លាក់​គម្រាមកំហែង​ដល់​លំនៅ​ស្ថាន​ប្រជាពលរដ្ឋ​តាម​មាត់ទន្លេ​នោះ​ដែរ តែ​ស្ថិត​ក្នុង​ហេតុ​ការ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

ក្រោយ​ទំនាក់ទំនង​ទៅ​លោក​អភិបាលស្រុក​ពុំ​មាន​អ្នក​លើក លោក​បាន​ទូរស័ព្ទ​មក​វិញ​ដោយ​បាន​បញ្ជាក់​ថា បញ្ហា​បាក់​ច្រាំង​នោះ​អ​ជ្ញា​ធរ​ស្រុក​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ទេ​ព្រោះ​អន្លុង​ជ្រៅ​អាជ្ញាធរ​បាន​ត្រឹម​ជម្លៀស​ពី​តំបន់​គ្រោះថ្នាក់​មក​ទីទួល​សុវត្ថិភាព​ប៉ុណ្ណោះ ហើយ​ពេល​នេះ​អាជ្ញាធរ​ស្រុក​បាន​ប្រាប់​ទៅ​ឃុំ​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​ទាន់​ហេតុការណ៍​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ និង​បន្ត​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​ហើយ​ប្រសិនបើ​ករណី​ធ្ងន់ធ្ងរ​អាជ្ញាធរ​ខេត្ត​នឹង​បន្ត​ធ្វើ​របាយការណ៍​ជូន​ដល់​ថ្នាក់​ជាតិ​បន្ថែម​៕