ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​នៅ​ខេត្តព្រះវិហារ កើនឡើងគួរ​កត់សម្គាល់

6 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ យោង​តាម​តួលេខ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ បង្ហាញ​ថា កំណើន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ កន្លង​ទៅ ។

ខេត្តព្រះវិហារ  ៖ យោង​តាម​តួលេខ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ បង្ហាញ​ថា កំណើន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ កន្លង​ទៅ ។ ស្នងការដ្ឋាន​នគរបាល​ខេត្ត​អះអាង​ថា ការ​កើនឡើង នូវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បន្ទាប់​ពី​កម្លាំង​នគរបាល​ចរាចរណ៍​ផ្អាក​សកម្មភាព ត្រួតពិនិត្យ​ចរាចរណ៍​មួយ​រយៈ នៅ​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​ទៅ ។

នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី យិ​ន ចំណាន ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់​ពី​កម្លាំង នគរបាល​ចរាចរណ៍ បាន​ផ្អាក​សកម្មភាព​ត្រួតពិនិត្យ​ចរាចរណ៍​មួយ​រយៈ នៅ​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា និង​អំឡុង​ពេល​បោះ​ឆ្នោត ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើន​មាន​ជា​ហូរហែរ ភាគច្រើន​បណ្តាល​មក​ពី​ករណី បើកបរ​ហួរ​ល្បឿន​កំណត់ និង​កត្តា​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង ។

លោកស្នងការ​បន្ត​ថា បច្ចុប្បន្ន​នេះ កម្លាំង​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​ខេត្តព្រះវិហារ បន្ទាប់​ពី​មាន​បទបញ្ជា​ពី​លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហា ស្នងការ​បាន​ដាក់​កងកម្លាំង​បុ​ស្តិ៍​ត្រួតពិនិត្យ​ចរាចរណ៍​ឡើង​វិញ នៅ​ចំណុច​ផ្លូវ​សំខាន់​ៗ ដើម្បី​ត្រួតពិនិត្យ​នូវ​យានយន្ត ដែល​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ត្រួតពិនិត្យ ការ​បើកបរ​ហួស​ល្បឿន​កំណត់ និង​ត្រួតពិនិត្យ​សារជាតិ​ស្រវឹង ដល់​អ្នកបើកបរ​នៅ​ពេល​យប់ ដើម្បី​សុខ​សុវត្ថិភាព​ចរាចរណ៍ ដល់​អ្នកបើកបរ​ទាំងអស់ ។

លោក​ឧត្តមសេនីយ៍ ក៏​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត កំពុង​ដាក់​ទីតាំង​នៅ​ភូមិ​ត្រាវ​គៀត ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ និង​បន្ត​ដាក់​ពង្រាយ​កម្លាំង​ត្រួតពិនិត្យ​បន្ថែម នៅ​តាម​ផ្លូវជាតិ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដោយឡែក​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ ទូ​ទាំង​ខេត្តព្រះវិហារ ។

យោង​តាម​របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ បង្ហាញ​ថា ករណី​គ្រោះ​ចរាចរណ៍​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ កើតឡើង​ចំនួន​៤៧​លើក លើ​៣៣​លើក កើនឡើង​១៤​លើក ស្មើនឹង​៣៦% បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​តូច​ចំនួន​១៤​គ្រឿង ក្នុង​នោះ​ខូច​ធ្ងន់​១០​គ្រឿង ខូច​ម៉ូតូ​៣៦​គ្រឿង ខូច​ធ្ងន់​២៨​គ្រឿង របួស​មនុស្ស​៧៦​នាក់ ស្រី​១៩​នាក់ ក្នុង​នោះ​របួសធ្ងន់​៤៥​នាក់ ស្រី​១២​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៦​នាក់ ស្រី​០៥​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ឆមាស​ដូច​គ្នា ឆ្នាំ​២០១៦ ។