ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើ​គ្រឿងយន្ត​កសិកម្ម​កើនឡើង​ជាង​91% ខណៈ​ការ​ប្រើប្រាស់​គោក្របី​ធ្លាក់​ចុះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន​កំពុង​តែ​វាយលុក​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​ដែល​កសិករ​ពឹងផ្អែក​លើក​កម្លាំង​សត្វពាហនៈ​ក្នុង​ការ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន​កំពុង​តែ​វាយលុក​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​ដែល​កសិករ​ពឹងផ្អែក​លើក​កម្លាំង​សត្វពាហនៈ​ក្នុង​ការ​ភ្ជួរ​រាស់​ដី​ធ្វើស្រែ​ចម្ការ​នោះ បាន​និង​កំពុង​ងាក​មក​ប្រើប្រាស់​គ្រឿងយន្ត​យ៉ាង​ខ្លាំងក្លា ។

តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​មាន​សន្ទុះ​កើនឡើង​ខ្ពស់ បើ​ធៀប​នឹង​ការ​ប្រើប្រាស់​ដោយ​គោ​-​ក្របី​។ ការ​ប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ផលិតកម្ម​កសិកម្ម គឺ​មាន​និន្នាការ​កើនឡើង​ដល់​៩១,១៧% បើ​ធៀប​នឹង​ការ​ប្រើប្រាស់​ដោយ​គោ​-​ក្របី​មាន​ត្រឹមតែ​៨,៨៣%​ប៉ុណ្ណោះ សម្រាប់​រយៈពេល​៦​ែ​ខ ឆ្នាំ​២០១៧​នេះ​។

របាយការណ៍​ដដែល​បញ្ជាក់​ថា ផ្ទៃដី​ភ្ជូ​រ​រាស់​សម្រេច​បាន​ចំនួន​១.៦៨៩.៨៤៩​ហិ​កតា ក្នុង​នោះ​ភ្ជួរ​រាស់​ដោយ​គោ​-​ក្របី​មាន​ចំនួន​៥៤.២៧៦​ហិ​កតា និង​ដោយ​គ្រឿងយន្ត​កសិកម្ម​មាន​ចំនួន​១.៦៣៥.៥៧៣​ហិ​កតា កើនឡើង​លើស​ឆ្នាំ​មុន​ចំនួន​២០៧.៤១៣​ហិ​កតា ។

លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ កក្កដា ថា ការ​ប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ផលិតកម្ម​កសិកម្ម​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជា​កសិករ​ទូទៅ ក៏​ដូច​ជា​អង្គភាព​ឯកជន​ដែល​ធ្វើការ​ងារ​លើ​វិស័យ​កសិកម្ម​។ និយាយ​រួម ផលិតកម្ម​កសិកម្ម​មានការ​កើនឡើង នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ចតុកោណ​ទី​១ មុំ​ទី​១ គឺ​ការ​បង្កើន​ផលិតភាព ។

លោក ឡោ រស្មី បញ្ជាក់​ថា ៖ « ពិតមែន​! គឺ​មានកា​រវិ​វត្ត និង​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ទៅ​លើ​កំណើន​នៃ​ការ​ប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ផលិតកម្ម​កសិកម្ម ក្នុង​បរិបទ​នៃ​សកលភាវូបនីយកម្ម ។ ដូច​កាលពី​ឆ្នាំ​១៩៦៩ អត់​មាន​ទូរស័ព្ទ អត់​មាន​ហ្វេ​ស​ប៊ុ​កអី​ទេ ប៉ុន្តែ​ឥឡូវនេះ​យើង​ឃើញ​ហើយ គឺ​ប​ចេ្ច​ក​វិទ្យា​ជឿនលឿន​ណាស់ ។ ដូច្នេះ បងប្អូន​ប្រជា​កសិករ ក៏​បាន​និង​កំពុង​ដេញ​តាម​បច្ចេកវិទ្យា​ផង​ដែរ » ។

លោក ឡោ រស្មី ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​១៩៦៩ កម្ពុជា​មាន​ត្រាក់ទ័រ​ប្រមាណ​ជាង​១.២០០​គ្រឿង គោ​យន្ត​៧៥១​គ្រឿង គឺ​ត្រាក់ទ័រ​ទាំងអស់​នោះ​បាន​ប្រើប្រាស់​នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ដីក្រហម​ក្នុង​ខេត្តកំពង់ចាម​នៅ​សម័យ​កាលនោះ ។

ក្រោយ​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៣ ពេល​នោះ​កម្ពុជា​បាន​ទទួល​អំណោយ​ត្រាក់ទ័រ​ពី​សហភាព​សូ​វៀត​១.៩២៩​គ្រឿង និង​ម៉ាស៊ីន​ឧបករណ៍​កសិកម្ម​ជា​ច្រើន​ទៀត ។ រហូត​មក​ដល់​ឆ្នាំ​២០១២ យើង​ឃើញ​ថា ការ​ភ្ជួរ​រាស់​ដោយ​គ្រឿងយន្ត​កសិកម្ម​ត្រូវ​បាន​ធ្វើ​នៅ​លើ​ផ្ទៃដី​ជាង ២,៣​លាន​ហិ​កតា រហូត​ដល់​ឆ្នាំ​២០១៦ ការ​ភ្ជួរ​រាស់​ដោយ​គ្រឿងយន្ត​កសិកម្ម​ឈាន​ទៅ​ដល់​ជាង ៣​លាន​ហិ​កតា គឺ​ប្រមាណ​ជាង​៩២% រីឯ​ការ​ប្រើប្រាស់​ដោយ​កម្លាំង​អូស​ទាញ​មាន​ប្រមាណ​តែ​៨%​ទេ ។

រីឯ​ចំនួន​គ្រឿងយន្ត​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​គឺ​មានការ​កើនឡើង ត្រាក់ទ័រ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​កើន​ប្រមាណ​១៣% អីចឹង​យើង​មើល​ក្នុង​ឆ្នាំ​២០០៦​មាន​ជាង ៤​ពាន់​គ្រឿង​ទេ កើន​រហូត​មក​ដល់​ឆ្នាំ​២០១៥ ជិត​១​ម៉ឺន​២​ពាន់​គ្រឿង ហើយ​ខេត្ត​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ធ្វើ​ស្រូវប្រាំង​នៅ​ប៉ែក​ខាងត្បូង​ប្រទេស គឺ​មាន​អត្រាកំណើន​ខ្ពស់​ជាងគេ​ពី​ការ​ប្រើប្រាស់​គ្រឿងយន្ត​នេះ ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ទៀត​ថា គោ​យន្ត​ក៏​មានការ​កើនឡើង​ដែរ អត្រាកំណើន​មាន​ដល់​ទៅ​២៧% ក្នុង​រយៈពេល​១០​ឆ្នាំ គឺ​ជិត​៣​ម៉ឺន​គ្រឿងក្នុង​ឆ្នាំ​២០០៦ កើនឡើង​ដល់​ជាង ២២​ម៉ឺន​៨​ពាន់​គ្រឿងក្នុង​ឆ្នាំ​២០១៥ ។

លោក​បញ្ជាក់​ថា ៖ « យើង​ឃើញ​ថា បងប្អូន​ប្រជា​កសិករ​យើង​មានការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ប្រមាណ​៩៣% បើ​ធៀប​នឹង​ការ​ប្រើប្រាស់​ដោយ​កម្លាំង​អូស​ទាញ​មាន​ប្រមាណ​តែ​៧%​ប៉ុណ្ណោះ » ។

យ៉ាងណាមិញ ប្រជា​កសិករ​មានការ​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ទាំង​អស់នេះ ។ បងប្អូន​ខ្លះ​កែ​ច្នៃ​គ្រឿងយន្ត​ដោយ​ខ្លួនឯង មាន​កសិករ​ខ្លះ​ឆ្នើម ដោយ​គាត់​បាន​កែ​ច្នៃប្រឌិត​គ្រឿងយន្ត ហើយ​ទទួល​បាន​ជ័យ​លា​ភី​លេខ​មួយទៀត​ផង ប៉ុន្ដែ​អ្នកខ្លះ​ក៏​មាន​បញ្ហា​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ដែរ ដូច​ជា​មិន​បាន​សម​ស្រប ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា​ជាដើម ។

ចំពោះ​ករណី​កសិករ​មាន​បញ្ហា​ប្រឈម​នឹង​ចំណេះដឹង​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រឿងយន្ត​កសិកម្ម​នេះ ក្រសួង​មិន​នៅ​ស្ងៀម​ទេ គឺ​ក្រសួង​មាន​អង្គភាព​ជំនាញ ដែល​ហៅ​ថា នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ជួយ​កសិករ​អំពី​ការ​ប្រើប្រាស់​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស។

អ្នកស្រី ពៅ សា​រ៉​ន អាយុ​៥៧​ឆ្នាំ នៅ​ខេត្តកំពង់ចាម និយាយ​ថា អ្នកស្រី​បាន​ប្តូរ​ទម្លាប់​នៃ​ការ​ប្រើប្រាស់​ក្របី ដើម្បី​ភ្ជួរស្រែ​មក​ប្រើ​ត្រាក់ទ័រ​ភ្ជួរ​រាស់​ដី​វិញ ព្រោះ​វា​មិន​ចំណាយ​ពេលវេលា​យូរ​នោះ​ទេ ។

អ្នកស្រី​បញ្ជាក់​ថា ៖ « ខ្ញុំ​មិន​ត្រឹមតែ​ធ្វើ​លើ​ដីស្រែ​ខ្លួនឯង​ទេ តែ​ខ្ញុំ​ក៏​ប្រវាស់​ស្រែ​ពី​អ្នក​ក្នុងភូមិ អីចឹង​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ទិញ​ម៉ាស៊ីន​ភ្ជួរ​រាស់ ទើប​វា​ទាន់សភាពការណ៍ ។ គ្រាន់តែ​ថា យើង​ត្រូវ​ចំណាយ​លុយ​លើ​ថ្ងៃ​សាំង និង​ជួល​គេ​ឲ្យ​កាន់​ម៉ាស៊ីន​ភ្ជួរ​រាស់​ឲ្យ ។ សម្រាប់​រដូវ​ច្រូតកាត់ គឺ​ខ្ញុំ​ជួល​គេ​ក្នុងភូមិ ដែល​មាន​ម៉ាស៊ីន​ច្រូតស្រូវ​ដោយ​ស្វ័យប្រវត្តិ » ។

អ្នកស្រី​បន្ថែម​ថា ៖ « បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​គោ​-​ក្របី​សម្រាប់​បម្រើ​វិស័យ​ផលិតកម្ម​កសិកម្ម​ថយ​ចុះ​ខ្លាំង​មែន ព្រោះ​សត្វ​គោ​-​ក្របី​សព្វថ្ងៃ គឺ​ត្រូវ​បាន​ចិញ្ចឹម​សម្រាប់​ការ​កាប់​សាច់​លក់​នៅ​លើ​ទីផ្សារ​តែ​ប៉ុណ្ណោះ » ៕