រាជធានីភ្នំពេញ ៖ នៅឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរប្រមាណជាង២លាននាក់នៅទូទាំង២៥រាជធានី-ខេត្ត បានប្រើប្រាស់កម្ចីពីគ្រឹះស្ថាននានាដែលប្រតិបត្តិការផ្ដល់ហិរញ្ញវត្ថុនៅទូទាំងប្រទេស ។ ការផ្ដល់កម្ចី និងប្រើប្រាស់ឥណទាននេះ ពិតជាបានលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ តាមរយៈការពង្រីកមុខរបររកស៊ីកាន់តែប្រសើរឡើង ដែលជាផ្នែកមួយចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យរក្សាបានកំណើនក្នុងរង្វង់៧%រយៈពេលច្រើនឆ្នាំមកនេះ។ ការខ្ចីលុយនេះ ពលរដ្ឋតែងតែគិតថា មិនល្អនោះទេ តែបើតាមទ្រឹស្ដីសេដ្ឋកិច្ចថា មិនមែនជារឿងអាក្រក់ឡើយ តែត្រូវចេះគ្រប់គ្រងហានិភ័យ និងប្រើប្រាស់កម្ចីឲ្យចំគោលដៅ ។
ក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងហានិភ័យឥណទានតាមរយៈប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដែលរៀបចំធ្វើនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២០ កក្កដា ម្សិលមិញ លោកបណ្ឌិត ង៉ែត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ក៏មានសារប្រយោជន៍ដែរ ដើម្បីយកទៅពង្រីកអាជីវកម្មឲ្យកាន់តែដំណើរការល្អប្រសើរថែមមួយកម្រិតទៀត ។
លោកថ្លែងថា ៖« បើយើងពឹងពាក់តែលើប្រាក់សន្សំម្ដងបន្ដិចៗនោះ យើងអត់មានដើមទុនគ្រប់គ្រាន់ក្នុងការពង្រីកមុខរបរទេ អីចឹងយើងត្រូវតែខ្ចី ឲ្យតែយើងយកកម្ចីទាំងនោះទៅប្រើចំគោលដៅ និងប្រើប្រាស់ឲ្យទទួលបានប្រភពចំណូលមកវិញ » ។
ចំណែកគ្រឹះស្ថានហិរញ្ញវត្ថុបានដើរតួជាអ្នកផ្ដល់កម្ចី និងជាអ្នកប្រមូលប្រភពទុនយកឲ្យអតិថិជនខ្ចី ដើម្បីបង្កើត ឬពង្រីកមុខរបររកស៊ី។ ដូច្នេះ ការខ្ចី មិនមែនជារូបភាពអវិជ្ជមាននោះទេ ។ យ៉ាងណាក៏ដោយ ការខ្ចីប្រាក់នេះ វាមានហានិភ័យខ្ពស់ ប្រសិនបើមិនបានសិក្សាពីប្រាក់ចំណូល ពីលទ្ធភាពនៃការសងត្រឡប់ និងឈ្វេងយល់ពីអតិថិជនឲ្យបានជាប់ជាប្រចាំ ដែលនឹងក្លាយជាបំណុលវ័ណ្ឌកនៅថ្ងៃអនាគត ព្រោះពលរដ្ឋខ្មែរមួយចំនួនតែងនៅមានការលាក់លៀមមិនចង់ឲ្យគេដឹងថា ខ្លួនជំពាក់លុយគេ ដែលនេះជាមូលហេតុមួយនាំឲ្យមានហានិភ័យ ក្នុងករណីពួកគេបន្ដខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ឬខ្ចីពីឯកជនរកស៊ីចងការប្រាក់ដែលមានអត្រាការប្រាក់ខ្ពស់ ។
លោកថ្លែងថា៖« ខ្មែរយើងនៅមានផ្នត់គំនិតមួយ គឺខ្មាសគេ មិនចង់ឲ្យគេដឹងថាខ្លួនឯងខ្ចីលុយគេ ហើយកន្លងមក មានអតិថិជនខ្លះយកអចលនទ្រព្យពីរឬបីកន្លែងទៅដាក់នៅគ្រឹះស្ថានផ្សេងៗគ្នា ។ ចំណែកគ្រឹះស្ថានហិរញ្ញវត្ថុ ប្រាកដជាមិនដឹងលម្អិតពីអតិថិជនរបស់ខ្លួនឡើយ។ ដូច្នេះហើយទើបមានបញ្ហាអតិថិជនជំពាក់បំណុលជាន់គ្នា រហូតក្លាយជាបំណុលវ័ណ្ឌកនោះ » ។
ដើម្បីគ្រង់គ្រងនូវហានិភ័យនេះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បង្កើតការិយាល័យឥណទានកម្ពុជា ហៅកាត់ថា CBC ជាអ្នកគ្រប់គ្រង និងចែករំលែករបាយការណ៍ឥណទានអតិថិជនដល់គ្រឹះស្ថានហិរញ្ញវត្ថុនានាដែលជាសមាជិករបស់ខ្លួន ដើម្បីចែករំលែកទិន្នន័យអតិថិជន ជៀសវាងកុំឲ្យមានបំណុលវ័ណ្ឌកនេះ ។
យោងតាមសេចក្ដីប្រកាស ស្ដីពី ការចែករំលែកព័ត៌មានឥណទាន ចេញដោយធនាគារជាតិនៃកម្ពុជា គឺតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ចូលរួមផ្ដល់ទិន្នន័យឥណទានពីឯកទត្តជនទៅកាន់ការិយាល័យឥណទានកម្ពុជាទាំងវិជ្ជមាន និងអវិជ្ជមាន ទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាននេះ ហើយត្រូវចូលរួមប្រើប្រាស់ប្រព័ន្ធនេះ មុននឹងឲ្យអតិថិជនរបស់ខ្លួនខ្ចី ។ ក្នុងករណីមិនបានប្រើប្រាស់ទេ គ្រឹះស្ថានហិរញ្ញវត្ថុនោះចាត់ទុកថា បានរំលោភលើសេចក្ដីប្រកាស ហើយនឹងត្រូវរងនូវការពិន័យទៅតាមបទប្បញ្ញត្តិដែលបានចែង ។ ក្នុងនោះ ដើម្បីឲ្យការិយាល័យឥណទានកម្ពុជា មានរបាយការណ៍ច្បាស់លាស់ ក៏ត្រូវទាមទារឲ្យសមាជិកទាំងអស់ផ្ដល់របាយការណ៍ស្មោះត្រង់ ទាំងល្អ និងអាក្រក់ដល់ការិយាល័យនេះផងដែរ ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិស្តីទីការិយាល័យឥណទានកម្ពុជា បានលើកឡើងថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៧នេះ CBCបានបង្កើនសមាជិករហូតដល់១៣៩ស្ថាប័ន ដែលរួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករឥណទាន ដែលមានអតិថិជនជាង៤លាននាក់ក្នុងប្រព័ន្ធទិន្នន័យ ហើយការឆែកប្រវត្តិអតិថិជនមានជាង១៥លានកំណត់ត្រា ។
លោកថ្លែងថា ៖« ការឆែកមើលនេះ នឹងជួយក្នុងការវាយតម្លៃអតិថិជនតាមរយៈការត្រួតពិនិត្យទៅប្រវត្តិខ្ចីប្រាក់ ឬរបាយការណ៍សងត្រឡប់ និងការដាក់ពិន្ទុជាដើម » ។ លោកថា ៖« ប្រសិនបើអតិថិជនមួយមានការសងប្រាក់ល្អ គឺត្រូវបានគេវាយតម្លៃថាជាអតិថិជនល្អ ដែលងាយក្នុងការខ្ចីនៅថ្ងៃក្រោយទៀត ហើយតាមរយៈការពិនិត្យរបាយការណ៍នេះ គ្រឹះស្ថានហិរញ្ញវត្ថុក៏អាចដឹងពីលទ្ធភាពនៃការសងបំណុលរបស់អតិថិជនខ្លួនរយៈពេល១២ខែខាងមុខទៀតផងដែរ ។ ផ្ទុយពីនេះ ប្រសិនបើរបាយការណ៍ត្រូវបានពិនិត្យឃើញថា មានការសងយឺតយ៉ាវនោះ គេនឹងពិបាកក្នុងការផ្ដល់កម្ចីណាស់ » ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ស្ថាប័នមួយនេះពុំមានសិទ្ធិសម្រេចថា គួរឲ្យអតិថិជនខ្ចី ឬមិនគួរនោះទេ គឺអាស្រ័យទៅលើគ្រឹះស្ថានហិរញ្ញវត្ថុជាអ្នកសម្រេច ។
តាមរបាយការណ៍ពីការិយាល័យឥណទានកម្ពុជា នៅឆ្នាំ២០១៦ ទឹកប្រាក់ចំនួន១២,៥ប៊ីលានដុល្លារអាមេរិក ត្រូវបានគ្រឹះស្ថានហិរញ្ញវត្ថុនានានៅទូទាំងប្រទេសផ្ដល់កម្ចីដល់ប្រជាពលរដ្ឋប្រមាណជាង២លាននាក់នៅ២៥រាជធានីខេត្ត-ក្រុង ។ ក្នុងនោះ កម្ចីនៅរាជធានីភ្នំពេញច្រើនជាងគេ រហូតដល់៥,៣ប៊ីលានដុល្លារ ស្មើនឹង៤២,៦%នៃឥណទានសរុបទូទាំងប្រទេស ។
តាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាមានសាខាចំនួន២១, ធនាគារពាណិជ្ជចំនួន៣៩, ធនាគារឯកទេសចំនួន១៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧៣, ក្រុមហ៊ុនភតិសន្យាចំនួន១២, ការិយាល័យតំណាងធនាគារបរទេសចំនួន៦, អ្នកដំណើរការតតីយភាគីចំនួន៦, ក្រុមហ៊ុនក្រេឌីតប្យូ៊រ៉ូ១ និងអាជីវករប្ដូរប្រាក់ចំនួន២.៤៣៧ ៕
ចែករំលែកព័តមាននេះ