ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្វះ​គំនិត​នៅ​តែ​បន្ត​ដឹក​សំរាម​ទៅ​ចាក់ចោល​ជាប់​ផ្លូវជាតិ​លេខ​៧

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ មាន​គំនរ​សំរាម​ចំនួន​២​កន្លែងដោយ​ចេះ​តែ​កើនឡើង​ច្រើន​ទៅ​ៗ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ មាន​គំនរ​សំរាម​ចំនួន​២​កន្លែងដោយ​ចេះ​តែ​កើនឡើង​ច្រើន​ទៅ​ៗ ហើយ​រដូវវស្សា​នេះ​ថែម​តែ​មាន​ក្លិនស្អុយ​អសោច​ថែម​ទៀត​ផង​។ ទោះបីជា​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​យក​ស្លាក​សញ្ញា​មក​ដាក់​ហាម​មិន​ឲ្យ​ចាក់សំរាម​យ៉ាងណា​ក្តី តែ​ពលរដ្ឋដែល​ខ្វះ​គំនិត​មួយ​ចំនួន​នូវ​តែ​បន្ត​ដឹក​តាម​ម៉ូតូ​មក​ចាក់​ដដែល ចង់​ផាក​ប៉ុន្មាន​ក៏​ផាក​ទៅ​មិន​ខ្លាច​ទេ​។ ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​កោះសន្តិភាព ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០១៧​ថាអ្វី​ដែល​គាត់​បាន​សង្កេត​នោះ​ឃើញ​ថា ទីតាំង​ចាក់សំរាម​ជាប់​នឹង​ផ្លូវជាតិ​ចំនួន​២​កន្លែង ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​រស់នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទីកន្លែង​នោះ​ទេ ឲ្យ​នៅ​ពេល​ព្រលប់​ៗ​បាន​ដឹក​សំរាម​តាម​ម៉ូតូ​ទាំង​ថង់​ៗលុះ​ពេល​ដែល​មក​ដល់​ត្រង់​ម្តុំ​បណ្តុះ​កូន​ស្វាយចន្ទី​លក់ ក៏​ទម្លាក់​ចោល​ហើយ​បាន​ជិះ​ម៉ូតូ​ត្រលប់​មកទិស​ខាងលិច​វិញ​យ៉ាង​រំភើយ​តែ​ម្តង​។

ប្រជាពលរដ្ឋ​ដដែល​មិន​បាន​បញ្ចេញ​ឈ្មោះ ប្រាប់​បន្ត​ថា នៅ​ពេល​ដែល​គាត់​មក​ធ្វើការ​ត្រង់​ម្តុំ​នោះ​ស្រប​ពេល​ដែល​មាន​ខ្យល់​បក់​មក​ម្តង​ៗ ក្លិន​សំរាម​ស្អុយ​បាន​ជិះ​មក​លើ​គាត់​ពិបាក​នឹង​ដកដង្ហើម​ផង​ដែរ​។ ម្យ៉ាងទៀត​ពេល​ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវជាតិ​នេះ​នឹង​បានឃើញ​គំនរ​សំរាម​ទាំង​២​កន្លែង​ដែល​មាន​ក្លិនស្អុយ​អសោច​។ ដូច្នេះ​ក្នុង​នាម​គាត់​ជា​ប្រជាពលរដ្ឋ​មួយ​រូប​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន មេត្តា​មាន​វិធានការ​ជាមួយនឹង​ពលរដ្ឋ​មួយ​ក្រុម​តូច​ដែល​ខ្វះ​គំនិត​យក​សំរាម​មក​ចាក់ចោល​បែប​នេះ សូមកុំ​ឲ្យ​មាន​គំនរ​សំរាម​បន្ត​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ទាំង​រូប​គាត់ ក៏​ដូច​ជា​អ្នក​ដ៏​ទៃ​ផ្សេង​ទៀត​។

លោក ហួរ ពិសិដ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កន្លង​មកនេះ​រូប​លោក​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អាជីវករ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រឡប់ និង​លោក​មេឃុំ ឲ្យ​បាន​យល់​ដឹង និង​ត្រូវ​ចេះ​អនាម័យ​ដែរ​។ ស្លាក​សញ្ញា​ប្រការ​៤​បាន​ចែង​ថា ការ​បោះចោល ឬ​ចាក់ចោល​សំរាម សំណល់​រឹង​រាយ​ប៉ាយ​ម​តាម​ផ្លូវ ទី​សាធារណៈ ទីប្រជុំជន ទីផ្សារ​កន្លែង​កម្សាន្ត មណ្ឌល​ទេសចរណ៍ រមណីយដ្ឋាន បូជនីយដ្ឋាន ទីវាល​ស្រែ​ចម្ការ ប្រព័ន្ធ​ប្រឡាយ​កសិកម្ម ត្រូវ​ហាមឃាត់​ជា​ដាច់ខាត​។ ក្នុង​ករណី​ដែល​ពលរដ្ឋ​មុខ​ដដែល​ៗ បន្ត​យក​ទៅ​សំរាម​ទៅ​ចាក់ចោល​នោះ ពេល​ចាប់​បាន​នឹង​ត្រូវ​ផាកពិន័យ ធ្វើ​យ៉ាងណា​ឲ្យ​រាងចាល​តែ​ម្តង​៕