ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើហែម​ថុ​ន វិ​ទិ​នី និយាយ​​អ្វី​ខ្លះ​ពី​ការ​ប្រកួតនៅ​ប្រទេស​ហុង​គ្រី?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៩ កក្កដា កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី បាន​ទៅដល់​ប្រទេស​ហុង​គ្រី​ហើយ ជាទី​ដែល​នាង​ត្រូវ​ទៅ​ប្រកួត​ហែល​ទឹក​កម្រិត​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៩ កក្កដា កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី បាន​ទៅដល់​ប្រទេស​ហុង​គ្រី​ហើយ ជាទី​ដែល​នាង​ត្រូវ​ទៅ​ប្រកួត​ហែល​ទឹក​កម្រិត​ពិភពលោក​ដែល​រៀបចំ​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្ដង ដោយ​មានកីឡាករ​-​កីឡាការិនី​ហែល​ទឹក​សុទ្ធសាធ​មក​ពី​គ្រប់​ទិស​ទី​ចូលរួមប្រកួត ខណៈ​កម្ពុជា​បាន​ចូលរួម​ជា​លើក​ទី​៣​ហើយ​រាប់​ទាំង​លើក​នេះ ។

មុន​ចាក​ចេញពី​ប្រទេស​កម្ពុជា ហែម​ថុ​ន វិ​ទិ​នី និយាយ​ថា រូប​នាង​និង​កីឡាករ​២​រូប​ទៀត​មក​ពី​ខេត្តកំពង់ចាម ដែលសុទ្ធតែ​មាន​ស្នាដៃ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​នា​ពេល​កន្លង​មក​ត្រូវ​ចាកចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ហុង​គ្រីក្នុង​ព្រឹត្តិការណ៍​ដែល​មានឈ្មោះ​ថា World Championship ដោយ​ផ្ដោត​តែ​លើ​វិញ្ញាសា​ហែល​ទឹក​មួយ​មុខ​គត់ ។ បើ​យោង​តាម​ប្រកាស​គឺ​មាន​អ្នកចូលរួម​មក​ពី​ជាង​២០០​ប្រទេស ប៉ុន្តែ​មិនដឹង​ថា​ប្រទេស​ណាខ្លះ​នោះ​ទេ ។ នាង​ថា ការ​ប្រកួត​លើក​នេះ​មានការ​បែងចែក​ជា​ក្រុម​តែ​មិន​ទាន់​ដឹង​ថា​នាង​ស្ថិត​ក្នុង​ក្រុម​ណា​ហើយ​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ ។ នាង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​១១​យប់់​ថ្ងៃ​ទី​១៩ កក្កដា ដោយ​ការ​ប្រកួត​របស់​នាង​គឺ​មាន​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​២៨ និង​ថ្ងៃ​២៩ កក្កដា​។

នាង​មិន​ទាន់​ដឹង​ថា ទទួល​បាន​លទ្ធផល និង​មេដាយ​ពី​ការ​ប្រកួត​នេះ​ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​ការ​ចូលរួម​កាល​២​លើក​មុន​នៅប្រទេស​អីុ​តា​លី និង​រុ​ស្ស៊ី គឺ​បាន​ត្រឹម​លេខ​២​ក្នុង​ក្រុម​ជម្រុះ​ហើយ​មិន​បាន​ទៅ​ប្រកួត​យក​មេដាយ​ទាំង​សោកស្ដាយ ។ នាង​បាន​ចំណាយពេល​ហ្វឹកហាត់​ក្នុងស្រុក​ភាគច្រើន​មុន​ការ​ចាកចេញ ដោយសារ​តែ​ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​ហុង​គ្រី​នៅ​ថ្ងៃ​ទី​៣០ កក្កដា ខាង​មុខ នាង​ក៏​នឹង​ត្រូវ​ឡើង​យន្តហោះ​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​សុ​ី​នៅ​អំឡុង​ថ្ងៃ​ទី​១៨ សីហា ក្នុង​ព្រឹត្តិការណ៍​សុ​ី​ហ្គេ​ម ។ នាង​ប្រកាស​ពី​ការ​ប្រឹងប្រែង​បើ​ទោះជា​ពេល​កន្លង​មក​នៅ​មិន​ទាន់​បាន​ផ្កែ​ផ្កា​ជា​មេដាយមាស​ពី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នៅឡើយ​ក្ដី ។

ហែម​ថុ​ន វិ​ទិ​នី និយាយ​ថា ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ហុង​គ្រី​លើក​នេះ មិន​ត្រឹមតែ​ជា​ការ​ប្រកួត​ដណ្ដើម​មេដាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​យក​បេក្ខភាព​ប្រចាំ​ទ្វីប​ទៅ​ប្រកួត​ជម្រុះ​នៅ​២​ឆ្នាំ​បន្ទាប់​ដើម្បី​ដណ្ដើម​កៅអី​នៅ​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០​ផង​ដែរ ។ អ្នក​ឈ្នះ​ឬ​អ្នកមាន​លទ្ធផល​ល្អ​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ទទួល​បាន​ឱកាស​ដោយ​ស្វ័យប្រវត្តិ​ទៅ​ប្រកួត​ដណ្ដើម​កៅអី​អូ​ឡាំ​ពិ​ក​នៅ​២​ឆ្នាំ​បន្ទាប់ ទើប​នាង​យល់​ថា នេះ​ជា​ការ​ប្រកួត​សំខាន់​មួយ​។

ស្របគ្នា​ដែល​នាង​ក៏​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​កាលពី​ឆ្នាំ​២០១៦​ផង ទើប​នាង​ប្រកាស​ថា នឹង​ប្រឹងប្រកួត​យក​លទ្ធផល​ផ្លែផ្កា​ទៅ​ប្រកួត​ក្នុង​២​ឆ្នាំ​ខាង​មុខ ដើម្បី​មានឱកាស​ទៅ​ប្រកួត​អូ​ឡាំ​ពិ​កដោយ​ស្របច្បាប់ ។ ការ​ប្រកួត​របស់​នាង និង​កីឡាករ​២​រូប​ទៀត​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ទើប​តាំងពី​នាង​ទៅ​ដល់​គឺ​ប្រឹង​ហ្វឹកហាត់​ភ្លាម​ៗ​បន្ថែម​ពីលើ​បន្សាំ​ខ្លួន​នឹង​អាកាសធាតុ និង​របប​អាហារ ។

ជាមួយនឹង​ការ​ប្រកាស​ចេញ​ប្រកួត​នេះ ក៏​គេ​ឃើញ​មានការ​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​របស់​នាង​ច្រើន​ដែរ ជា​ពិសេស​ពី​គូស្នេហ៍​របស់​នាង​ដែល​តែងតែ​រង់ចាំ​ផ្ដល់​កម្លាំងចិត្ត​ឱ្យ​នាង​ជា​និច្ច​តាំងពី​បាន​បើកចំហ​ស្នេហា ។ ហែម​ថុ​ន វិ​ទិ​នី ប្រកាស​ថា បន្ទុក​ចេញ​ប្រកួត​កម្រិត​ពិភពលោក និង​ការ​ប្រកួត​ស៊ីហ្គេ​ម​បន្តបន្ទាប់​គ្នា​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​សុ​ី គឺជា​អ្វី​ដែល​នាង​ត្រូវការ​តាំងចិត្ត ហើយ​នេះ​ក៏​ជា​ការ​ប្រកួត​ប៊ិៈ​នឹង​ជាន់​ពេល​គ្នា​ដែល​កាន់តែ​ធ្វើ​ឱ្យ​នាង​មមាញឹក​នឹង​រឿង​ហ្វឹកហាត់​។

ជាក់ស្ដែង បើ​ទោះជា​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​មុន​ពេល​ចាកចេញ នាង​បាន​បង្ហោះ​ពី​ការ​លក់​ផលិតផល​នៅ​តាម​អន​ឡាញ​ក៏​ពិតមែន តែ​នាង​ប្រកាស​ថា​នោះ​ជា​រឿង​ឆ្លៀតពេល​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត​គឺ​នាង​រវល់​នឹង​ការ​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​២​ព្រឹត្តិការណ៍​ខាងលើ​ដែល​ជា​ភារៈ​ដ៏​សំខាន់​របស់​នាង​ឯណោះ​ទេ ។ នាង​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​ទទួល​បាន​ថិរវេលា​ល្អ​ជាង​មុន​បើ​ធៀប​នឹង​ការ​ចេញ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​កាលពី​២​លើក​ដូច​គ្នា ប៉ុន្តែ​រឿង​ទទួល​បាន​មេដាយ​ណាមួយ​ត្រឡប់​មក​វិញ គឺ​ត្រូវ​ចាំ​អ៊ុត​សិន ដោយ​សារ​តែ​ក្នុង​ព្រឹត្តិការណ៍​នៅ​ហុង​គ្រី កីឡាការិនី​ជា​បេក្ខភាព​មក​ពី​ប្រទេស​ផ្សេង​សុទ្ធតែ​ល្បី ។ សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេ​ម​នៅ​ម៉ា​ឡេ​ស៊ី​ខាង​មុខ នាង​ហាក់​សង្ឃឹម​ច្រើន ដោយសារ​បច្ចេកទេសក្នុង​ការ​ហែល​ទឹក​ចុង​ក្រោយ​របស់​នាង​គឺ​ល្អ​ជាង​មុន ៕