រាជធានីភ្នំពេញ ៖ តារាកំប្លែងលោកអឿន សុខា ហៅនាយហុងដា ត្រៀមរៀបចំពិធីបុណ្យខួប១០០ថ្ងៃសពភរិយារបស់នាយ ។
នាយហុងដា តែងតែបង្ហោះសារសម្តែងក្តីនឹករលឹកដល់ភរិយាដែលលាចាកគ្មានវិលវិញតាមហ្វេសប៊ុករបស់នាយ ។ តារាកំប្លែងហុងដាលើកឡើងថា ជិតដល់ខួប១០០ថ្ងៃភរិយាដែលបានចែកឋានហើយនឹងរៀបចំពិធីបុណ្យនៅវត្តទួលសង្កែ។ កម្មវិធីបុណ្យនេះនៅខែសីហា ។ ការរៀបចំពិធីបុណ្យដើម្បីឧទ្ទិសដល់ភរិយាឱ្យវិញ្ញាណក្ខន្ធរបស់នាងបានទៅកាន់សុគតិភពស្ងប់អារម្មណ៍ ។
នាយហុងដា រំឭកថា អំឡុងពេលធ្វើបុណ្យសពប្រពន្ធនៅវត្ត មានសប្បុរសជនជាច្រើនជួយឧបត្ថម្ភ ហើយនាយបានសេសសល់ប្រាក់មួយចំនួនដោះបំណុលធនាគារ និងនៅសល់ខ្លះទៀតសងគេប្រមាណមួយឆ្នាំទៀតទើបដាច់ ។
នាយហុងដាឱ្យដឹងផងដែរថាកាលពីពេលកន្លងមកនាយជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាធ្វើឱ្យរថយន្តកូរ៉ូឡារបស់នាយដែលចាស់ផងនោះខូចខាតត្រូវជួសជុលអស់ជិត២០០០ពាន់ដុល្លារ ប៉ុន្តែព័ត៌មាននេះនាយមិនបានបង្ហោះតាមហ្វេសប៊៊ុកទេខ្លាចគេថាចង់សុំនេះសុំនោះ ទើបចេះតែលាក់បាំងរហូតមកទល់ពេលនេះ ។
ធាតុរបស់ភរិយានាយហុងដាតម្កល់ទុកនៅវត្តមិនទាន់បានសង់ចេតិយដាក់តម្កល់ទេ ដ្បិតនាយហុងដាថាត្រូវចំណាយច្រើន ដូច្នេះនាយត្រូវសន្សំលុយសិន ។
នាយហុងដាសង្ឃឹមថាសិល្បករ និងមហាជននឹងចូលរួមបុណ្យខួប១០០ថ្ងៃរបស់ភរិយានាយ ៕
ចែករំលែកព័តមាននេះ