ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ជាង​ថា​ជួសជុល​ម៉ូតូ​» ជា​ស្លាក​យីហោ​អាជីវកម្ម​ត​ជំនាន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង ដែល​បាន​ចាប់ផ្ដើម​អាជីវកម្ម​នេះ​តាំងពី​ឆ្នាំ​១៩៧៩​មក ពោល​គឺ​ក្រោយ​ពី​ផ្ដួលរំលំ​របប​ខ្មែរក្រហម រហូត​មក​ដល់​បច្ចុប្បន្ន គ្រួសារ​មួយ​នេះ​នៅ​តែ​

រាជធានី​ភ្នំពេញ ៖ ជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង ដែល​បាន​ចាប់ផ្ដើម​អាជីវកម្ម​នេះ​តាំងពី​ឆ្នាំ​១៩៧៩​មក ពោល​គឺ​ក្រោយ​ពី​ផ្ដួលរំលំ​របប​ខ្មែរក្រហម រហូត​មក​ដល់​បច្ចុប្បន្ន គ្រួសារ​មួយ​នេះ​នៅ​តែ​បន្ត​អាជីវកម្ម​ជា​ជាង​ជួសជុល​ម៉ូតូ​ដដែល ក៏​ប៉ុន្តែ​ការងារ​មួយ​ភាគ​ធំ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​កូន ដែល​ជា​អ្នក​ស្នង​ពី​ឪពុក ។

បើ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ទេព​ផ​ន ឆ្ពោះទៅ​កាន់​វិ​ថី​ខេរ​ភូមិន្ទ ឬ​ហៅ​ថា​ផ្លូវ​លេខ​២៧១ គ្រាន់តែ​ឡើង និង​បត់​ឆ្វេង​បន្តិច នៅ​ខាងស្ដាំ​ដៃ​នោះ នឹង​ឃើញ​ហាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង​ដាក់​ឈ្មោះ​ថា «​ជាង​ថា​ជួសជុល​ម៉ូតូ​» ដែល​ជា​ស្លាក​យីហោ​អាជីវកម្ម​តាំងពី​ឆ្នាំ​១៩៧៩​រហូត​មក ។

បុរស​វ័យ​ជាង​៦០​ឆ្នាំ ដែល​កំពុង​តែ​មមាញឹក​ជួសជុល​ម៉ូតូ​បណ្ដើរ និយាយ​បណ្ដើរ​បាន​រៀបរាប់​ថា លោក​បាន​ចាប់ផ្ដើម​ជួសជុល​ម៉ូតូ​តាំងពី​បែក​របប​ប៉ុ​ល​ពត​មក តែ​ម៉ូតូ​សម័យ​នោះ ជា​ម៉ូតូ​ស៊េរី​ចាស់ ហើយ​មិនសូវ​មាន​គ្រឿងបន្លាស់​ទំនើប​ៗ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ ។ លោក​ថា កាល​ណោះ បើសិនជា​ចង់​ដូរ​គ្រឿងបន្លាស់​ណាមួយ​ពិបាក​ណាស់ គឺ​ត្រូវ​យក​របស់​ដែល​ស្រ​ដៀង​ៗ​គ្នា​មក​ដុសខាត់ ហើយ​ដាក់​ជំនួស​គ្រឿងបន្លាស់​ដែល​ខូច​នោះ ក៏​ប៉ុន្តែ​សម័យនេះ​ស្រួល​ណាស់ ចង់​ដោះ​ដូរ​គ្រឿងបន្លាស់​មួយ​ណា គ្រាន់តែ​ទិញ​ពី​កន្លែង​លក់​គ្រឿង យក​មក​ដាក់​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់​កែ​ច្នៃ គ្រឿងបន្លាស់​ដូច​ពី​មុន​ទៀត​ឡើយ ។

លោក​បន្ត​ថា ជំនាញ​ជួសជុល​ម៉ូតូ​នេះ លោក​មិន​បាន​រៀន​នៅ​សាលា​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ដូច​បច្ចុប្បន្ន​ទេ គឺ​ចេះ​ត​ៗ​គ្នា តែ​ក្រោយមក​វា​ក៏​ក្លាយជា​ជំនាញ ហើយ​សព្វ​ថ្ងៃនេះ បច្ចេកវិទ្យា​ចេះ​តែ​វិវត្តន៍​ទៅ​មុខ និង​មាន​ជាង​បាន​ចូល​សាលា​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ក៏​បាន​បើក​អាជីវកម្ម​ដូច​គ្នា ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​រកស៊ី ។

លោក​ថា ៖« បច្ចុប្បន្ន​នេះ មិន​មានការ​ងារ​ជួសជុល​អ្វី​ជា​ធំដុំ​ទេ គឺ​មាន​ដូច​ជា​ត្រឹម​ដូរ​ប្រេងម៉ាស៊ីន​ម៉ូតូ និង​ជួសជុល​តិច​ប៉ុណ្ណោះ ព្រោះ​បើ​ម៉ូតូ​ទំនើប​ៗ​ភាគច្រើន គេ​ចូល​ជាង​ជំនាញ ឬ​ក្រុមហ៊ុន​តែ​ម្ដង » ។

លោក ម៉េ​ង ស្រ៊ុ​ន ជា​កូនប្រុស​លោកពូ​ថា​ដែល​ស្នងការ​ងា​រត​ពី​ឪពុក បាន​រៀបរាប់​ដែរ​ថា ការ​ទាក់ទាញ​អតិថិជន​ដើម្បី​ត្រឡប់​មក​ជួសជុល ក្រៅពី​គ្រឿង​ល្អ​ៗ​ហើយ ស្នាដៃ​នៃ​ការ​ជួសជុល គឺជា​រឿង​សំខាន់ ប៉ុន្ដែ​បើសិន​មាន​ស្នាដៃ​ហើយ គ្មាន​គ្រឿងបន្លាស់​ល្អ​ក្នុង​ការ​ផ្លាស់​ជូន​អតិថិជន​នោះ​ទេ ក៏​វា​មិន​អាច​ធ្វើ​ឱ្យ​អតិថិជន​គាំទ្រ​យូរអង្វែង​ដែរ ។
លោក​បន្ត​ថា ជំនាញ​ជួសជុល​ម៉ូតូ​នេះ គឺ​លោក​បាន​រៀន​ពី​ឪពុក ដោយ​មិន​បាន​ចេញពី​សាលា​បណ្ដុះបណ្ដាល​ណា​ទេ ។ បើ​គិត​មក​ដល់​ពេល​នេះ លោក​បាន​ធ្វើ​ជា​ជាង​១០​ឆ្នាំ​ហើយ ពោល​គឺ​ចាប់តាំងពី​លោក​ពេញវ័យ ពេញកម្លាំង​ដើម្បី​រៀន​មុខ​ជំនាញ​នេះ ។

លោក​ថា ៖« ការ​រៀន​ជំនាញ​ពី​គាត់ (​ឪពុក​) មិន​គ្រប់គ្រាន់​ទេ ព្រោះ​សព្វ​ថ្ងៃនេះ មាន​ម៉ូតូ​ថ្មី​ៗ​ប្លែក​ទើបតែ​ចេញ​មក ។ ដូចនេះ ត្រូវការ​រៀន និង​សិក្សា​បន្ថែម​ទៀត ដើម្បី​ដើរ​ឱ្យទាន់​ជាមួយ​បច្ចេកវិទ្យា​សម័យនេះ » ។

លោក​បន្ថែម​ថា ក្រៅពី​ជំនាញ និង​មាន​គ្រឿងបន្លាស់​ល្អ​ៗ ជួសជុល​ដោយ​យកចិត្ត​ទុក និង​មិន​បន្លំ​អតិថិជន ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ ដើម្បី​ឱ្យ​អតិថិជន​ទុកចិត្ត និង​អាច​ទាក់ទាញ​ពួក​គាត់​នៅ​ថ្ងៃក្រោយ ។

លោក​ថា ៖« ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា ពេល​ដែល​យក​ម៉ូតូ​ទៅ​ទុក​ផ្ទះ​ជាង​១​ថ្ងៃ ឬ​២​ថ្ងៃ មាន​បាត់​គ្រឿង​នេះ គ្រឿង​នោះ តែ​បញ្ហា​ហ្នឹង ខ្ញុំ​មិនដឹង​ច្បាស់​ទេ ថា​តើ​ជាង​នោះ​ពិតជា​បន្លំ​គ្រឿង​ម៉ូតូ​អតិថិជន​ពិត​ឬ​អត់ តែ​សម្រាប់​ខាង​ខ្ញុំ មិនដឹង​ថា យក​គ្រឿង​នោះ​ទៅ​ធ្វើ​អី​ផង យើង​មាន​តែ​បង្គ្រប់​ឱ្យ​វា​ពេញ​លក្ខណៈ​ម៉ូតូ ហើយ​បើ​កន្លែង​ណា​ខូច យក​វា​ចេញ​ដាក់​ថ្មី​ជំនួស​វិញ » ។

គួរ​បញ្ជាក់​ថា ក្រៅពី​អាជីវកម្ម​ជួសជុល​ម៉ូតូ ដែល​ជា​មុខរបរ​ត​ពី​ឪពុក លោក ម៉េ​ង ស្រ៊ុ​ន ក៏​បាន​បន្ថែម​អាជីវកម្ម​មួយទៀត គឺ​លក់​ម៉ូតូ​ជជុះ ព្រោះ​វា​ជា​របរ​ទាក់ទង​នឹង​អាជីវកម្ម​ដែល​រូប​លោក​កំពុង​ធ្វើ​សព្វ​ថ្ងៃនេះ ៕