ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បែប​ណា​ទើប ដឹង​ថា​ជា​រថយន្ត​មិន​កាត់​តួ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន កំណើន​នៃ​ការ​ប្រើប្រាស់​រថយន្ដ​ថ្មី និង​ជជុះ​កំពុង​កើនឡើង​ច្រើន ដោយសារ​តែ​ជីវភាព​ពលរដ្ឋ​មាន​លទ្ធភាព​ជាង​មុន ប៉ុន្តែ​អ្នក​ប្រើប្រាស់​រថយន្ត​ជជុះ​ភាគច្រើន ប្រសិនបើ​

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន កំណើន​នៃ​ការ​ប្រើប្រាស់​រថយន្ដ​ថ្មី និង​ជជុះ​កំពុង​កើនឡើង​ច្រើន ដោយសារ​តែ​ជីវភាព​ពលរដ្ឋ​មាន​លទ្ធភាព​ជាង​មុន ប៉ុន្តែ​អ្នក​ប្រើប្រាស់​រថយន្ត​ជជុះ​ភាគច្រើន ប្រសិនបើ​គ្មាន​ជំនាញ​ក្នុង​ការ​មើល​ទេ អាច​នឹង​ទិញ​ប៉ះ​ចំ​រថយន្ត​កាត់​តួ ដែល​ជា​តិច​និក​រកស៊ី​មួយ​របស់​ឈ្មួញ​នាំ​ចូល​រថយន្ដ ។ ដូច្នេះ តើ​ត្រូវ​មើល​បែប​ណា ទើប​អាច​ជៀសវាង​បាន ?

បើ​តាម​ជាង​ជុស​ជុល​រថយន្ត​ដែល​មានបទពិសោធន៍​លើ​ការងារ​នេះ​ច្រើន​ឆ្នាំ លោក ភួយ សុ​ផាត បាន​បង្ហើប​ថា បើ​ចង់​ដឹង​រថយន្ត​កាត់​តួ ឬ​មិន​កាត់ ត្រូវ​មើល​ប្រព័ន្ធ​ទុយោ​សាំង​នៅ​ក្រោម​ផ្នែក​តួ​រថយន្ត ។ លោក​ថា ៖« ទុយោ​សាំង​នេះ​ភាគច្រើន​មិនសូវ​មាន​ថ្មី​ដូរ​ទេ ហើយ​នៅ​ត្រង់​កន្លែង​កាត់ត​នោះ គឺ​គេ​មានការ​បិទ​ជ័រ​បន្លំ​ដើម្បី​បំភ័ន្ដ ។ លើស​ពី​នេះ ទុយោ​ទាំងនោះ ប្រសិនជា​រថយន្ដ​កាត់ត វា​មិន​ត្រូវ​ទៅ​តាម​រន្ធ ឬរ​ត់ទៅ​តាម​ដំណេក​របស់​វា​ត្រឹមត្រូវ​ទេ » ។

លោក​បន្ត​ថា ៖« បើ​យើង​ទិញ​ចំ​រថយន្ត​កាត់ វា​ធ្វើ​ឱ្យ​យើង​ខាតបង់ ឬ​អាច​មាន​ហានិភ័យ​ច្រើន  បើ​ទោះបីជា​មាន​តម្លៃ​ធូរ​ថ្លៃ​ក៏​ដោយ » ។

ចំណែក​លោក តូ នី បានឱ្យ​ដឹង​ថា ៖« ជា​ទូទៅ ជាង​ធម្មតា​មើល​មិនដឹង​រថយន្ត​មួយ​កាត់ត ឬ​មិន​កាត់​ទេ លុះត្រាតែ​អ្នកជំនាញ​ទើប​មើល​ដឹង ប៉ុន្ដែ​បើ​រថយន្ត​ម៉ាក​ឡង់​រ៉ួ​វែ​កាត់ត ពួក​ខ្ញុំ​អាច​មើល​ដឹង​បាន តាម​រយៈ​ការ​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​បង្ហាញ​របាយ​កាណ៍​ពី​លេខ​សាក់​ស៊ី​តួ​។ ប្រសិនបើ​លេខ​សាក់​ស៊ី​តួ​បង្ហាញ​ទៅ​មិន​ដូច​គ្នា មាន​ន័យ​ថា ជា​រថយន្ដ​កាត់ត​ហើយ »​។

លោក​លើក​ឡើង​ថា ៖« អ្នក​កាត់​ឥឡូវ​គេ​ឆ្លាត​ណាស់ មាន​ន័យ​ថា គេ​ចុះ​មើល​មុន​យើង គេ​ដាប់​លេខ​សាក់​ស៊ី​នោះ​ចេញ ជំនួស​ដោយ​លេខ​ថ្មី  តែ​ទោះជា​យ៉ាងណា យើង​នៅ​តែ​មើល​ដឹង​ដែរ​»​។ លោក​ថា ៖« អ្នក​ប្រកប​របរ​ក្នុង​ផ្នែក​នេះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ប៉ុន្តែ​គេ​មិន​បាន​គិត​ពី​គ្រោះថ្នាក់​ចំពោះ​អ្នក​ប្រើប្រាស់​នោះ​ទេ » ។

បើ​តាម​ម្ចាស់​យានដ្ឋាន​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង អាច​ត្រូវ​គេ​កាត់​មួយ​ឬ​ពីរ​កំណាត់ ឬ​អាច​លើស​ទៅ​តាម​ភាព​ជាក់ស្តែង ហើយ​ភាគច្រើន​គេ​កាត់​ត្រង់​ចំណុច​ណា​ដែល​តូច ព្រោះ​កន្លែង​ធំ​ៗ​វា​ពិបាក​នឹង​ធ្វើ​ឡើង​វិញ ។

លោក​បន្ត​ថា បើ​តាម​ការ​សាកសួរ​ពី​ការ​ប្រើប្រាស់​រថយន្ត​កាត់​តួ​មួយ​ចំនួន​គេ​ថា ដូច​ជា​អត់​មាន​បញ្ហា​ទេ ប៉ុន្តែ​ក្នុង​ករណី​បុក​គ្នា ឬ​បើកបរ​ក្នុង​ល្បឿន​លឿន រថយន្ដ​កាត់​តួ​អាច​នឹង​ប្រឈម​បញ្ហា​ច្រើន ។ ម្យ៉ាងទៀត បើ​រថយន្ដ​នោះ​កាត់​ទាំង​ប្រព័ន្ធ​ខ្សែភ្លើង ឬ​ប្រព័ន្ធ​ទុយោ​សាំង​នោះ រឹតតែ​មាន​បញ្ហា​ខ្លាំង​ទៀត ។

ម្ចាស់​យានដ្ឋាន​រូប​នេះ​បន្ដ​ថា ៖« សព្វថ្ងៃ​សម្រាប់​អ្នក​នៅ​ភ្នំពេញ​មិនសូវ​ប្រើប្រាស់​ប្រភេទ​រថយន្ត​កាត់​តួ​ទេ ប៉ុន្ដែ​បើ​នៅ​តាម​ខេត្ត​អាច​មាន​ច្រើន ព្រោះ​រថយន្ត​បែប​នេះ វា​ធូរ​ថ្លៃ​ជាង » ។

កន្លង​មក​មានការ​លើក​ឡើង​ថា ការ​នាំ​ចូល​រថយន្ដ​កាត់​តួ​គ្រប់​ប្រភេទ​ទាំង​ចង្កូត​ស្ដាំ និង​ចង្កូត​ឆ្វេង​យក​មក​ដំឡើង​នៅ​ក្នុងស្រុក កំពុង​តែ​មាន​សកម្មភាព​យ៉ាង​ខ្លាំង ព្រោះ​សម្បូរ​អ្នកទិញ​យក​ទៅ​ជិះ ដោយសារ​តែ​តម្លៃ​ថោក​ជាង​ពាក់កណ្ដាល​នៃ​តម្លៃ​រថយន្ដ​ជជុះ​ដូច​គ្នា ។

ក្រុម​អ្នក​រកស៊ី​ទាំងនោះ ពេល​ទិញ​បាន​ហើយ យក​ទៅ​ផ្សារ​តួ វ៉ៃ​តោន​ដំឡើង​ទៅ​ជា​រថយន្ដ ហើយ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ដោយ​អត់​បង់ពន្ធ​ទេ ព្រោះ​ការ​នាំ​ចូល​ភាគច្រើន​ឯកសារ​ត្រូវ​បាន​បញ្ជាក់​ថា ជា​គ្រឿងបន្លាស់ ។ ក្រោយ​ពេល​ដំឡើង​រួច អ្នកទិញ​ច្រើន​យក​ទៅ​ពាក់​ស្លាក​លេខ ខ​.​ម​, ន​.​ប​, ស្លាក​លេខ​រដ្ឋ និង​ខ្លះ​ទៀត​ទិញ​ស្លាក​លេខ​ចាស់​ៗ​ដែល​គេ​កាប់​សាច់​លក់ ។

អ្នកទិញ​រថយន្ដ​ប្រភេទ​នេះ ភាគច្រើន​ជា​អ្នក​រកស៊ី​ដឹកឈើ ឬ​ជំនួញ​ទុច្ចរិត ព្រោះ​ទិញ​រថយន្ដ​ក្នុង​តម្លៃ​ថោក ហើយ​នៅ​ពេល​សមត្ថកិច្ច​ចាប់​បាន រថយន្ដ​គ្មាន​ឯកសារ​ត្រឹមត្រូវ ប៉ុន្ដែ​សម្រាប់​ពលរដ្ឋ​ធម្មតា​ដែល​មិន​ចូល​ចិត្ត​យក​រឿង​ដាក់ខ្លួន​នោះ គឺ​មិន​ទិញ​រថយន្ដ​បែប​នេះ​យក​ទៅ​ប្រើប្រាស់​ឡើយ ៕