ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​រថយន្ត​ជជុះ​នៅ​តែ​ល្អ ទោះបី​ការ​ប្រើប្រាស់​រថយន្ដ​ថ្មី​កើនឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកលក់​រថយន្ដ​មួយ​ទឹក ឬ​រថយន្ត​ជជុះ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​រថយន្ត​ប្រភេទ​នេះ បើ​ទោះបីជា​កំណើន​នៃ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ ។

រាជធានី​ភ្នំពេញ ៖ អ្នកលក់​រថយន្ដ​មួយ​ទឹក ឬ​រថយន្ត​ជជុះ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​រថយន្ត​ប្រភេទ​នេះ បើ​ទោះបីជា​កំណើន​នៃ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ ។

លោក សាន ថូ ម្ចាស់​ឃ្លាំង​លេខ​១៦៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ បាន​និយាយ​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ថា រថយន្ត​ជជុះ​នៅ​តែ​មាន​តម្រូវការ​ពី​ប្រជាពលរដ្ឋ ដោយសារ​ជីវភាព​ពួក​គាត់​ភាគច្រើន​មាន​កម្រិត​នៅឡើយ ។ ទោះជា​គ្រប់​គ្នា​ចង់​ប្រើប្រាស់​រថយន្ដ​ថ្មី ប៉ុន្តែ​អ្វី​សំខាន់ គឺ​លទ្ធភាព ។ លោក​បន្ត​ថា ៖«​យើង​មិន​បារម្ភ​ពី​បញ្ហា​ទីផ្សារ​រថយន្ដ​ថ្មី​កើនឡើង​ទេ ដោយសារ​អ្នកមាន​លទ្ធភាព​ប្រើប្រាស់​រថយន្ដ​ថ្មី មាន​ចំនួន​តិច​នៅឡើយ » ។

លោក​បន្ត​ថា​៖« ទោះជា​យ៉ាងណា ការ​លក់​រថយន្ត​ឆ្នាំ​នេះ​បាន​ថយ​ចុះ ដោយសារ​ផលរបរ​កសិកម្ម​របស់​ពលរដ្ឋ​មាន​បញ្ហា​តម្លៃ និង​បញ្ហា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត សុទ្ធតែ​ធ្វើ​ឲ្យ​ការ​លក់​រថយន្ត​ធ្លាក់​ចុះ » ។ លោក​ថា ៖« ការ​លក់​រថយន្ដ​ជជុះ​ថយ​ចុះ មិន​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​ទេ ទោះជា​វា​មាន​ឥទ្ធិពល​តិចតួច​ក្តី»។

លោក សាន ថូ បន្ត​ទៀត​ថា ការ​ប្រើប្រាស់​រថយន្ត​ថ្មី​ពិតជា​កើនឡើង និង​បន្ត​កំណើន​បន្ថែម​ទៀត​នៅ​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ក្រោយ ប៉ុន្តែ​លោក​លើក​ឡើង​ថា ការ​ប្រើប្រាស់​រថយន្ត​ជជុះ និង​រថយន្ត​ថ្មី​មានការ​ខាតបង់​ដូច​គ្នា បើ​ទិញ​រថយន្ត​មាន​ស្លាក​លេខ​ស្រាប់​មិនសូវ​ខាត​នោះ​ទេ ។

កាលពីដើម​ឆ្នាំ​នេះ លោក ប៉ា សុ​ជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​សំណើ​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​បញ្ឈប់​ការ​នាំ​ចូល​រថយន្ត​ជជុះ ប៉ុន្តែ​សំណើ​នោះ​ត្រូវ​បាន​បដិសេធ ។

លោក ចក់ សា​រិ​ន ម្ចាស់​ឃ្លាំង​លក់​រថយន្ត​លេខ​១៩៧ A ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ សេ​ទុង បាន​និយាយ​ស្រ​ដៀង​នឹង​ការ​លើក​ឡើង​ខាងលើ​ថា ការ​លក់​រថយន្ត​ជជុះ​ឆ្នាំ​នេះ​ថយ​ចុះ​បន្តិច បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ការ​ថយ​ចុះ​នេះ មិន​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​នោះ​ទេ ព្រោះ​អ្នកមាន​លទ្ធភាព​ប្រើប្រាស់​រថយន្ត​ថ្មី មាន​មិន​ដល់​១០%​ទេ នេះ​បើ​តាម​អ្វី​ដែល​លោក​គិត ។ លោក​បន្ត​ថា រថយន្ត​ថ្មី​តម្លៃ​ជិត​៣​ម៉ឺន​ដុល្លារ​យ៉ាងតិច អ្នកមាន​ជីវភាព​អាច​ចំណាយ​កម្រិត​នេះ ក៏​មាន​មិន​ច្រើន​ដែរ ។

លោក​បន្ត​ថា ៖« តាម​ខ្ញុំ​ដឹង រថយន្ដ​ថ្មី​ភាគច្រើន​ដែល​ផលិត​នៅ​ប្រទេស​ថៃ មានគុណ​ភាព​មិនល្អ​ដូច​រថយន្ដ​ផលិត​នៅ​អា​មេ​រិ​ក​ទេ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​មួយ​ចំនួន​មិន​ប្រើ​ឡាន​ថ្មី » ។

លោក សេង វឹង អគ្គនាយក​បច្ចេកទេស​រថយន្ត​នៃ​ក្រុមហ៊ុន RMA Asia បាន​ថ្លែង​ថា ទីផ្សារ​រថយន្ត​ថ្មី​បាន​និង​កំពុង​កើនឡើង ដោយ​បច្ចុប្បន្ន​អ្នក​ប្រើប្រាស់​រថយន្ត​ថ្មី​មាន​កំណើន ហើយ​រថយន្ត​ថ្មី​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​មាន​ប្រមាណ​១៣% ។ លោក​បន្ត​ថា បញ្ហា​រថយន្ត​ជជុះ ក៏​ជា​ឧបសគ្គ​នៃ​ការ​លក់​រថយន្ត​ថ្មី​ដែរ និង​ជា​អ្វី​ដែល​យើង​មាន​ច​ម្ង​ល់ ព្រោះ​រាជរដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​រថយន្ត​ថ្មី និង​បន្ធូរ​បន្ថយពន្ធ​លើ​រថយន្ត​មួយ​ទឹក​ទៅ​វិញ ។

ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា ការ​ដំឡើង​ពន្ធ​រថយន្ត​ថ្មី មិន​ប៉ះពាល់​ដល់ទី​ផ្សារ​រថយន្ត និង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ព្រោះ​ការ​ដំឡើង​នេះ ប៉ះពាល់​តែ​ក្រុម​អ្នកមាន​ជីវភាព​ធូរធារ​ខ្លាំង​ប៉ុណ្ណោះ ។

យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​១៩៩០ ដល់​ខែមេសា ឆ្នាំ​២០១៧ រថយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៩១៥.៩៧៨​គ្រឿង ក្នុង​នោះ​រថយន្ត​ធម្មតា​៥៦៦.១៥៧​គ្រឿង និង​រថយន្ត​ធ្វើ​អាជីវកម្ម​៣៤៩.៨២១​គ្រឿង ៕