ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​បង្វែរ​ថវិកា​មូលនិធិ​ស្រូវ​27​លាន​ដុល្លារ​ដោះស្រាយ​បញ្ហា​តម្លៃ​ពោត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​ទីផ្សារ​កសិផល​ពោត​ជួប​បញ្ហា​នា​ពេល​កន្លង​មក និង​មានការ​តវ៉ា​ពី​សំណាក់​កសិករ កម្ពុជា​បាន​ត្រៀម​បង្វែរ​ថវិកា​២៧​លាន​ដុល្លារ​នៅ​ក្នុង​ដៃ ជា​មូលនិធិ​សម្រាប់​

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​ទីផ្សារ​កសិផល​ពោត​ជួប​បញ្ហា​នា​ពេល​កន្លង​មក និង​មានការ​តវ៉ា​ពី​សំណាក់​កសិករ កម្ពុជា​បាន​ត្រៀម​បង្វែរ​ថវិកា​២៧​លាន​ដុល្លារ​នៅ​ក្នុង​ដៃ ជា​មូលនិធិ​សម្រាប់​វិស័យ​ស្រូវ​-​អង្ករ មក​ដោះស្រាយ​បញ្ហា​តម្លៃ​កសិផល​ធ្លាក់​ចុះ​ចំពោះ​មុខ ដោយសារ​រដូវ​ប្រមូល​ផល​ស្រូវ​មិន​ទាន់​ឈាន​មក​ដល់ ។

ក្រោយ​កិច្ចប្រជុំ​រក​ដំណោះស្រាយ​លើ​បញ្ហា​តម្លៃ​ពោត នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​១៧ កក្កដា កន្លង​ទៅ លោក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ធនាគារ​មាន​លុយ​ក្នុង​ដៃ​ប្រហែល​២៧​លាន​ដុល្លារ​ជា​មូលនិធិ​ស្រូវ គឺ​យក​មក​ប្រើ ប្រាស់ និង​ដោះស្រាយ​ទៅ​លើ​កសិផល​ពោត​សិន ដោយសារ​រដូវ​ប្រមូល​ផល​ស្រូវ​មិន​ទាន់​មក​ដល់ ហើយ​មូលនិធិ​នេះ​អាច​នឹង​កើន​ដល់​៥០​លាន​ដុល្លារ ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក កៅ ថា​ច មាន​ប្រសាសន៍​ថា ៖ « យើង​ចង់​ប្រើ​យន្តការ​ដោះស្រាយ​តាម​បែប​ស្រូវ​ដូច​ឆ្នាំ​មុន ដែល​គិត​អត្រា​ការ​ប្រាក់​៧%​ក្នុង​១​ឆ្នាំ ។ នៅ​ឆ្នាំ​នេះ អត្រា​ការ​ប្រាក់​អាច​ទម្លាក់​មក​នៅ​ក្រោម​៧%​។ ជា​គោលការណ៍​របស់​ធនាគារ​ទាំងអស់ ត្រូវ​យក​ពោត​ធ្វើ​ជា​វត្ថុ​ដាក់បញ្ចាំ​ដើម្បី​បាន​ឥណទាន ហើយ​ការ​អនុវត្ត​នឹង​ចាប់ផ្តើម​ក្រោយ​ការ​ប្រជុំ​ក្រុមប្រឹក្សាភិបាល ដោយ​យើង​សុំ​ការ​សម្រេច​ពី​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រោះ​នេះ​ជា​លុយ​របស់​រាជរដ្ឋាភិបាល » ។

ចំពោះ​តម្លៃ​ពោត​ធ្លាក់​ចុះ​នា​ពេល​កន្លង​មក បើ​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​សង្កត់ធ្ងន់​ទៅ​លើ​ធាតុអាកាស​ជា​ហេតុ​ធ្វើ​ឱ្យ​កា​រស​ម្ងួ​ត​ពោត​មិនសូវ​បាន​ល្អ ស្រប​ពេល​ប្រទេស​ជិតខាង​ប្រមូល​កសិផល​ច្រើន​ផង​ដែរ ។ លើស​ពី​នេះ តម្លៃ​កសិផល​នៅ​លើ​ទីផ្សារ​ពិភពលោក ក៏​ធ្លាក់​ចុះ​ដែរ ។

ដើម្បី​ទប់ស្កាត់ និង​ជា​ដំណោះស្រាយ​រយៈពេល​វែង លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ មាន​ប្រសាសន៍​ថា ៖ « យើង​ត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​អាច​ទប់​បាន ។ បើ​តម្លៃ​ពោត​ធ្លាក់​ថ្លៃ កសិករ​ស្តុក​ទុក​សិន​ដើម្បី​ឱ្យ​ពោត​ឡើងថ្លៃ​វិញ ចាំ​លក់ ។ សព្វ​ថ្ងៃនេះ បន្ទាប់​ពី​ផលិត​បាន​ត្រូវ​យក​ចេញ​ភ្លាម​ៗ បើ​មិន​អីចឹង​ទេ វា​ខូច ឬ​ដុះ​ផ្សិត ។ ដូច្នេះ​ហើយ​ទើប​តម្រូវ​ឱ្យ​មាន​កន្លែង​ស្តុក​ទុក​ថា ត្រូវ​បញ្ចេញ​ទៅ​វិញ​នៅ​ពេល​ណា » ។

លោក អួ​ង សុ​ខន ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯកជន​នៃ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា កសិផល​ពោត​ត្រូវ​បាន​ចាត់ទុកជា​មុខទំនិញ​សំខាន់​ទី​៣​បន្ទាប់ ពី​អង្ករ និង​ដំឡូង​មី ។ រហូត​មក​ដល់​ពេល​នេះ តាម​ការ​ប៉ាន់​ប្រមាណ ទិន្នផល​ពោត​ប្រមូល​បាន​ចន្លោះ​ពី​៧០​ទៅ​៨០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ហើយ​ខេត្ត​ដែល​ដាំពោត​ច្រើន​ជាងគេ​មាន បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ ស្មើ​៩០%​នៃ​ចំនួន​ពោត​សរុប​នៅ​ទូ​ទាំង​ប្រទេស ។

លោក​លើក​ឡើង​ថា ៖ « ចំពោះ​បញ្ហា​ដែល​កើតឡើង​ថ្មី​ៗ​នេះ​ធ្វើ​ឱ្យ​មានការ​តវ៉ា ក៏​ដូច​ជា​ការ​បិទផ្លូវ​នៅ​ខាង​ប៉ែក​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១២ កក្កដា និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៥ កក្កដា នៅ​ស្រុក​អូ​រំដួល ខេត្តបាត់ដំបង ដោយសារ​តែ​តម្លៃ​ពោត​បាន​ធ្លាក់​ចុះ​ជា​គំហុក គឺ​ធ្លាក់​ចុះ​ចន្លោះ​ចាប់ពី​៤៤៤​រៀល (៣,៧​បាត​) មក​ត្រឹម​៣៦០​រៀល (៣​បាត​) ក្នុង​១​គីឡូក្រាម ។ ដូចនេះ ទើប​ធ្វើ​ឱ្យ​កសិករ​យើង​ដែល​គាត់​សម្រុក​ដាំពោត​ច្រើន​នៅ​ឆ្នាំ​នេះ​ធ្វើ​បាតុកម្ម​លើ​តម្លៃ​ធ្លាក់​ចុះ ។ មួយទៀត ខាង​កម្ពុជា​យើង​នាំ​ចេញ​ពោត​ទៅ​ទាំង​ស្នូល ធ្វើ​ឱ្យ​ភាគី​ថៃ​មិន​ទិញ ។ លើស​ពី​នេះ ជាន់​នឹង​រដូវ​ដែល​ភាគី​ថៃ ក៏​ប្រមូល​កសិផល​ពោត​ដូច​គ្នា​ដែរ » ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ពោតក្រហម​ធ្លាក់​ចុះ​គឺ ៖
១-​អាកាសធាតុ ដោយ​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើ​ឱ្យ​កសិករ​ជួប​ការ​លំបាក​ក្នុង​ការ​ហាល និង​ស​ម្ងួ​ត​ទិន្នផល​ពោត ។
២-​ប្រាក់​កម្ចី កសិករ​ភាគច្រើន​បាន​កាច់​ពោត​មុន​ពេល​កំណត់​ដើម្បី​លក់​យក​ប្រាក់​បង្វិល​សង​ធនាគារ ។
៣-​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ខ្វះខាត​ឡ​ស​ម្ងួ​ត ហាល​ទិន្នផល​ពោត និង​ឃ្លាំង​ស្តុក​ដើម្បី​រក្សា​ទុក​រយៈពេល​យូរ ។
៤-​កម្រៃ​ក្រៅផ្លូវការ ម្ចាស់​សៃ​ឡូ​ទិញ​ពោត​ពី​កសិករ ត្រូវការ​បង់​ចំណាយ​ទៅ​លើ​សេវា​មួយ​ចំនួន​ជូន​មន្ត្រី​ពាក់ព័ន្ធ​នៅ​តាម​មាត់ច្រក​ព្រំដែន ។
៥-​លើស​បរិមាណ នៅ​ក្នុង​ប្រទេស​ថៃ ជា​រដូវ​ប្រមូល​ទិន្នផល​ពោត ដែល​ធ្វើ​ឱ្យ​ឡ​ស​ម្ងួ​ត​ភាគច្រើន​ពេញ​ប្រៀប​ដោយ​កសិផល​ពោត ។ ដូចនេះ ពាណិជ្ជករ​ថៃ​មិន​អាច​ទទួល​ទិញ​កសិផល​ពោត​ខ្មែរ​ច្រើន​ឡើយ ។

សម្រាប់​វិធានការ​រយៈពេល​ខ្លី​ដើម្បី​លើក​ស្ទួយ​តម្លៃ​ពោតក្រហម​រួម​មាន ៖
១-​ភ្នាក់ងារ​គយ និង​កាំកុងត្រូល​នឹង​បញ្ឈប់​ការ​យក​កម្រៃ​លើ​ការ​នាំ​ចេញ​កសិផល​ពោត ចាប់ពី​ថ្ងៃនេះ​តទៅ ។
២-​ក្រសួងពាណិជ្ជកម្ម​នឹង​ចងក្រង​របាយ​កាណ៍​ដើម្បី​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ កាត់​បន្ថយ​ការ​បង់​ចំណាយ​ក្រៅផ្លូវការ​ឱ្យ​បាន​១០០% ។
៣-​ធនាគារ​អភិវឌ្ឍន៍ជនបទ​នឹង​បើកចំហ ហើយ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​ធ្វើការ​ជាមួយ​ម្ចាស់​សៃ​ឡូ ដែល​ត្រូវការ​ខ្ចីប្រាក់​ទិញ​កសិផល​ពោត ឬ​ធ្វើ​ឡ​ស​ម្ងួ​ត និង​ពង្រីក​ឃ្លាំង​ស្តុក​ទុក​កសិផល​ជាដើម ។ បច្ចុប្បន្ន ធនាគារ​មាន​គោលការណ៍​ប្រើប្រាស់​ឥណទាន​របស់​ខ្លួន ដែល​មាន​ទឹកប្រាក់​សរុប​២៧​លាន​ដុល្លារ ជាមួយ​អត្រា​ការ​ប្រាក់​ចន្លោះ​ពី​៥​ទៅ​៧%​ក្នុង​១​ឆ្នាំ សម្រាប់​ផ្តល់​ជូន​វិស័យ​ឯកជន​ជាមួយ​លក្ខខណ្ឌ​ងាយ​ៗ ។

៤-​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ CP នឹង​ប្រមូល​ទិញ​កសិផល​ពោត​ទៅ​តាម​ស្តង់ដា​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ។
៥-​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​សិក្សា​បន្ថែម​លើ​លទ្ធភាព​បន្ធូរបន្ថយ​ពន្ធលើប្រាក់ចំណេញ​សម្រាប់​ទំនិញ​ប្រភេទ​កសិផល ។
៦-​អគ្គ​នាយ​ដ្ឋា​ន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស វិទ្យាស្ថាន​បណ្តុះបណ្តាល ពាណិជ្ជកម្ម និង​ស្រាវជ្រាវ និង​នាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯកជន​នៃ​ក្រសួងពាណិជ្ជកម្ម នឹង​សិក្សា​បន្ថែម​លើ​ការ​អនុវត្ត​យន្តការ​កិច្ចសន្យា​កសិកម្ម​រវាង​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ និង​កសិករ​ដាំពោត ដើម្បី​ធានា​បាន​ស្ថិរភាព​តម្លៃ​ទីផ្សារ​ក្នុងស្រុក និង​ការ​ផ្គត់ផ្គង់ ៕