ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វា​ក្តាម​ប្រមាណ​ជាង​2.300​ក្បាល​ត្រូវ​បាន​នាំ​ចេញ​សម្រាប់​ពិសោធន៍​វេជ្ជសាស្ត្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​៦​ខែ ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​នាំ​ចេញ​ប្រភេទ​ស្វា​ក្តាម​ជំទង់​ចំនួន​២.៣១២​ក្បាល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​៦​ខែ ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​នាំ​ចេញ​ប្រភេទ​ស្វា​ក្តាម​ជំទង់​ចំនួន​២.៣១២​ក្បាល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​មាន​ក្រុមហ៊ុន​៦ គ្រប់គ្រង​កសិដ្ឋាន​ចំនួន​៧ ដែល​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម ដោយ​មាន​ស្វា​ក្តាម​សរុប​ចំនួន​៣៩.៩២២​ក្បាល ក្នុង​នោះ​កូន​កើត​ក្នុង​ខែ​សរុប​ចំនួន​៣.៦០៩​ក្បាល ហើយ​សត្វ​ស្វា​ក្តាម​ជំទង់​បាន​នាំ​ចេញ​សរុប​២.៣១២​ក្បាល គឺ​ប្រហាក់ប្រហែល​នឹង​ចំនួន​ដែល​នាំ​ចេញ​កាលពី​៦​ខែ ឆ្នាំ​២០១៦ កន្លង​មក ។

លោក ឡោ រស្មី បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ទាំង​៦ ដែល​គ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម​នោះ ជា​ក្រុមហ៊ុន​ចិន អា​មេ​រិ​ក កូរ៉េ និង​ក្រុមហ៊ុន​ខ្មែរ​ចំនួន​២ ។

សម្រាប់​ទីតាំង​កសិដ្ឋាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន គឺ​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្តពោធិ៍សាត់ ។ ចំណែក​កសិដ្ឋាន​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​មា​នទី​តាំងនៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ​។ ដោយឡែក កសិដ្ឋាន​របស់​ក្រុមហ៊ុន​កូរ៉េ គឺ​មា​នទី​តាំងនៅ​ខេត្តកំពង់ឆ្នាំង ។

លោក ឡោ រស្មី មាន​ប្រសាសន៍​ថា ៖ «​ចំណែក​សត្វ​ស្វា​ដែល​យើង​នាំ​ចេញ គឺ​ទៅ​ចិន ជប៉ុន USA (​សហរដ្ឋអាមេរិក​) និង​សហគមន៍៍​អឺរ៉ុប​ផង​ដែរ ប៉ុន្តែ​សម្រាប់​សហគមន៍​អឺរ៉ុប និង​កូរ៉េ គឺ​មិន​ច្រើន​ទេ ។ រីឯ​ផលប្រយោជន៍​នៃ​ការ​នាំ​ចេញ​សត្វ​ស្វា​ក្តាម​ហ្នឹង យើង​នាំ​ចេញ​ចន្លោះ​អាយុ​ពី​១០ ទៅ​១២​ខែ ។ ការ​នាំ​ចេញ​ស្វា​ក្តាម​នេះ គឺ​មិនមែន​សម្រាប់​ធ្វើ​ម្ហូបអាហារ​ទេ គឺ​គេ​យក​ទៅ​ធ្វើការ​ពិសោធន៍​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ថ្នាំ​។ យើង​ធ្វើ​ថ្នាំ​ធ្វើ​អី គឺ​យើង​ធ្វើការ​ពិសោធន៍​សត្វ​ស្វា ជួនកាល គេ​ធ្វើ​ពិសោធន៍​លើ​សត្វ​កណ្តុរ​។​ល​។ ដើម្បី​ចង់​ដឹង​ថា ថ្នាំ​វា​ពុល​ឬ​យ៉ាងណា យ៉ាង​ណី គឺ​ដើម្បី​ធ្វើការ​ពិសោធន៍ » ។

អ្នកនាំពាក្យ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ៖ «​ប្រទេស​ដែល​គេ​នាំ​ចូល​ពី​យើង​ទៅ គឺ​គេ​មិន​យក​ទៅ​បរិភោគ​ទេ » ។ សម្រាប់​ក្រុមហ៊ុននាំចេញ​សព្វ​ថ្ងៃនេះ គឺ​មាន​៣​ក្រុមហ៊ុន រួម​មាន​៖ ១-​ក្រុមហ៊ុន​ធាន​ហ៊ូ (​អា​មេ​រិ​ក​) នាំ​ចេញ​ប្រមាណ​១.៥០០​ក្បាល​ក្នុង​មួយ​ឆ្នាំ ។ ២-​ក្រុមហ៊ុន​វ៉ា​ន់​នី (​ចិន​) នាំ​ចេញ​ចន្លោះ​ពី​៨០០ ទៅ​១​ពាន់​ក្បាល​ក្នុង​មួយ​ឆ្នាំ និង​៣-​ក្រុមហ៊ុន​អូ​រាំង​ខាម (​កូរ៉េ​) នាំ​ចេញ​ប្រមាណ​ជាង​១០០​ក្បាល​ក្នុង​មួយ​ឆ្នាំ ។

បណ្ឌិត កែវ អូ​ម៉ាក​លី​ស្ស អនុប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ស្វា​ក្តាម​ជំទង់​ត្រូវ​បាន​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អា​មេ​រិ​ក កូរ៉េ ជប៉ុន និង​ចិន​តាំងពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ ហើយ​ការ​នាំ​ចេញ​ក្នុង​១​ឆ្នាំ គឺ​មាន​ចំនួន​ជា​មធ្យម​ពី​៣ ទៅ​៥​ពាន់​ក្បាល ។

បណ្ឌិត កែវ អូ​ម៉ាក​លី​ស្ស បាន​បញ្ជាក់​ថា ៖ « សម្រាប់​ការ​នាំ​ចេញ​ស្វា​ក្តាម​ទៅ​ក្រៅប្រទេស គឺ​យើង​នាំ​ចេញ​កូន​ស្វា​ក្តាម​ជំទង់​ដែល​បង្កាត់ មិនមែន​មេ​ៗ​ស្វា​នោះ​ទេ ។

ទីផ្សារ​ធំ​បំផុត គឺ​អា​មេ​រិ​ក ជប៉ុន និង​អឺរ៉ុប សម្រាប់​ធ្វើការ​ស្រាវជ្រាវ និង​ពិសោធន៍​ធ្វើ​ថ្នាំ ។ ឧទាហរណ៍ ការ​ពិសោធន៍​ថ្នាំ​ទឹកនោមផ្អែម​ជាដើម មាន​ន័យ​ថា ស្វា​ក្តាម​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើតេស្ត​ថ្នាំ » ។

កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា​កន្លែង​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេស​សិក្សា​ពិសោធន៍​ផ្នែក​វេជ្ជសាស្ត្រ ។ កាលពី​ចុងឆ្នាំ​២០១៣ មានការ​រាយការណ៍​ពី​ការ​សម្លាប់​ស្វា​ក្តាម​ចំនួន​៥​ក្បាល​នៅ​តាម​ផ្លូវ ពេល​ពួក​វា​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីពិសោធន៍​មួយ​នៅ​សហរដ្ឋអាមេរិក ។

បើ​យោង​តាម​របាយការណ៍​ស្តី​ពី​សភាពការណ៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំឆមាស​ទី​១​ឆ្នាំ​២០១៧ ក៏​បាន​បង្ហាញ​ថា នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មាន​សត្វព្រៃ​សរុប​ចំនួន​១.២៨៥​ក្បាល ហើយ​សង្គ្រោះ​សត្វ​ថ្មី​ចំនួន​៨៨៩​ក្បាល ៕