ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលក្រុង​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​រវាង​ក្រុម​អាជីវករ និង​ថៅកែ​ផ្សារ​រ៉ា​ថ្មី

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​កិច្ចប្រជុំ​សម្រុះសម្រួល​លើ​ករណី​សំណើសុំ​កិច្ច​អន្តរាគមន៍​របស់​បងប្អូន​អាជីវករ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ  រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​កិច្ចប្រជុំ​សម្រុះសម្រួល​លើ​ករណី​សំណើសុំ​កិច្ច​អន្តរាគមន៍​របស់​បងប្អូន​អាជីវករ ផ្សារ​រ៉ា​ថ្មី កុំ​ឲ្យ​ម្ចាស់​ផ្សារ​ដំឡើង​តម្លៃ​តូប​ដល់​២៥០០​ដុល្លារ ក្រោម​អធិបតីភាព លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាល​នៃ​គណៈ​អភិបាលក្រុង ដោយ​មានការ​ចូលរួម​ពី​លោក ន​ង ធឿ​ន អភិបាលរង​ក្រុង  រួម​ជាមួយ​ភាគី​ម្ចាស់​ផ្សារ និង​បងប្អូន​អាជីវករ​ប្រមាណ​៨០​នាក់​។ ក្នុង​នោះ​បងប្អូន​អាជីវករ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ជួយ​ដោះស្រាយ នូវ​សំណូមពរ​ដូច​ខាងក្រោម​៖

១-​សុំ​ឲ្យ​លោក ទិ​ត្យ លេ​ក និង​លោកស្រី លី ម៉ា​រី ដែល​ជា​ម្ចាស់​ផ្សារ​រ៉ា​ថ្មី កុំ​ដំឡើង​ថ្លៃ​តូប​សូម​រក្សា​តម្លៃ​ដូច​ក្នុង​អាណត្តិ​ចាស់​៥​ឆ្នាំ​កន្លង​មក ដោយ​ក្នុង​ទំហំ​ដី​បាត​តូប​ទំហំ ២,២​ម៉ែត្រ គុណ​នឹង​២,២ ម៉ែត្រ តម្លៃ​កក់​២​ម៉ឺន​បាត និង​បង់​ប្រចាំខែ​១០​ម៉ឺន​រៀល រួម​នឹង​ភាស៊ី​ប្រចាំ​ថ្ងៃ​៥​រយ​រៀល​។ ២-​សុំ​ឲ្យ​ម្ចាស់​ផ្សារ​រៀបចំ​សន្តិសុខ​ផ្សារ​ឲ្យ​បាន​គ្រប់ពេលវេលា​។ ៣-​សុំ​ឲ្យ​ម្ចាស់​ផ្សារ​បង្កើន​ការ​ប្រមូល​សំរាម​ព្រោះ​ពួក​គាត់​បង់​ភាស៊ី​មិន​ដែល​ខាន​។ ៤-​សុំ​រុះរើ​សម្ភារ​សំណង់​តូប​ដូច​ជា​ទ្វារ​រនាំង ជញ្ជាំង ពិ​ដាន កុង​ទ័​រ​ភ្លើង ដែល​ជា​ថវិកា​របស់​ពួក​គាត់​វិញ​ក្នុង​ករណី​ពួក​គាត់​ឥត​លទ្ធភាព​បន្ត​អាណត្តិ​។ សំណើ​របស់​បងប្អូន​អាជីវករ​ត្រូវ​បាន​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ទទួលយក និង​បាន​ស្នើ​សុំ​យ៉ាង​ទទូច​សុំ​ឲ្យ​ភាគី​ម្ចាស់​មេត្តា​យោគយល់​ចំពោះ​អាជីវករ ព្រោះ​មួយ​រយៈ​នេះ​អាជីវក​រលោក​លក់​មិនសូវ​ដាច់​ទេ​។

ក្នុង​នាម​អាជ្ញាធរ​មិន​ចង់​ឲ្យ​អ្នក​វិនិយោគ​មានការ​ខាតបង់ ហើយ​ក៏​មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​កេង​ចំណី​ហួស​ពី​សៀវភៅ​បន្ទុក​របស់​រដ្ឋ​ដែរ​។ លោក​អភិបាល​បាន​លើក​ឡើង​បន្ត​ថា បើ​ផ្អែក​លើ​កិច្ចសន្យា និង​ការ​អះអាង​របស់​បងប្អូន​គឺ​ពុំ​មាន​ឯកសារ​កិច្ច​ណាមួយ​បញ្ជាក់​ថា តម្លៃ​តូប​ជួល​ក្នុង​មួយ​អាណត្តិ​២៥០០​ដុល្លារ​នោះ​ទេ​។ ទោះបី​មានការ​អង្វរក​ពី​អាជីវករ និង​លោក​អភិបាលក្រុង​យ៉ាងណា ម្ចាស់​ផ្សារ​នូវ​តែ​ដាច់អហង្ការ​ពុំ​ទទួលយក​សំណើ​ដោយ​រក្សា​ជំហរ យក​ថ្លៃ​តូប​មួយ​អាណត្តិ​៥​ឆ្នាំ ថ្លៃ​២៥០០​ដុល្លារ បើ​មិន​ព្រម​ម្ចាស់​ផ្សារ​នឹង​ធ្វើការ​បិទ​ផ្សារ​។

​ករណី​នេះ បងប្អូន​អាជីវករ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មេត្តា​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ផង ព្រោះ​បើ​ឲ្យ​ពួក​គាត់​បំពេញ​តាម​បំណង​ម្ចាស់​ផ្សារ​នោះ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​ទេ​បើ​ផ្អែក​តាម​ស្ថានភាព​លក់ដូរ​ដូច​សព្វ​ថ្ងៃនេះ ហើយ​បើ​ម្ចាស់​ផ្សារ​បិទ​ផ្សារ​នោះ​មុខរបរ​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គាត់​នឹង​ជួប​បញ្ហា​។ ពួក​គាត់​បាន​បញ្ជាក់​បន្ថែម​ថា បញ្ហា​តម្លៃ​តូប​នេះ​ម្ចាស់​ផ្សារ​មានការ​បោក​បញ្ឆោត​ពួក​គាត់​ទាំងស្រុង បើ​តម្លៃ​តូប​ពី​ដំបូង​មក​ថ្លៃ​២៥០០​ដុល្លារ ក្នុង​មួយ​តូប​ហេតុ​អ្វី​បានជា​ម្ចាស់​ផ្សារ​មិន​សរសេរ​ក្នុង​កិច្ចសន្យា​ឲ្យ​ពួក​គាត់​បាន​ជ្រាប ដើម្បី​ពួក​គាត់​ងាយស្រួល​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ថា គួរ​ទិញ ឬ​មិន​ទិញ ? ចុងបញ្ចប់​ពួក​គាត់​ដែល​ជា​អាជីវករ មាន​តែ​ពាក្យ​មួយ​ឃ្លា គឺ​សុំ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ផង !!៕