រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះ ម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការណ៍ជាមួយនឹងកម្លាំងនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបក្រុមគំរាមកំហែងជំរិតទារប្រាក់តាមប្រពន្ធអ៊ីនធើណេត (VOIP) ពីជនរងគ្រោះ នៅឯប្រទេសចិន បានសរុបចំនួន៣១នាក់ (ស្រី០៩នាក់) ទៅតាមគោលដៅចំនួន៣ទីតាំងផ្សេងៗគ្នា ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានប្រាប់ឱ្យដឹងថា ក្នុងព្រឹកនេះដែរ កម្លាំងរបស់លោកបានធ្វើការសហការណ៍ជាមួយនឹងកម្លាំងនគរបាលគ្រប់គ្រងជនបរទេស នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេតចំនួន៣ទីតាំងផ្សេងៗគ្នា នៅក្នុងរាជធានីភ្នំពេញ ។ ដោយគោលដៅ ទី១.បានធ្វើឡើងនៅក្នុងសណ្ឋាគារ Phnom Penh Helina ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៩៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន០៨នាក់ ក្នុងនោះមានស្រី៥នាក់ ។ គោលដៅទី២.នៅសណ្ឋាគារ Phnom Penh Mekong View Tower ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន១៨នាក់ (ស្រី៤នាក់) និងគោលដៅទី៣.នៅសណ្ឋាគារ Phnom Penh Diamond មានទីតាំងតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ឃាត់ខ្លួនបុរសជនជាតិចិនចំនួន៥នាក់ផងដែរ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេតទាំង៣ទីតាំង ខាងលើនេះដែរ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនជាតិចិនសរុបចំនួន៣១នាក់ ក្នុងនោះមានស្រីចំនួន០៩នាក់ ក្រោយពីឆ្លងកាត់តាមការស្រាវជ្រាវរបស់កម្លាំងជំនាញរបស់លោក អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ។
ក្រោយប្រតិបត្តិការបង្ក្រាបបទល្មើសគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេតទាំង៣ទីតាំងខាងលើ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីទាំង៣១នាក់ (ស្រី០៩នាក់) នេះ ត្រូវបាននាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីរង់ចាំធ្វើការសហការណ៍ជាមួយនឹងកម្លាំងមានសម្ថកិច្ចរបស់រដ្ឋាភិបាលប្រទេសចិន មកទទួលយកទៅវិញផងដែរ ។
ចែករំលែកព័តមាននេះ