ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត​នឹង​ផ្តាច់​ចេញពី​ក្រសួង ទម្លាក់​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​បាន​កត់សម្គាល់​ឃើញ​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ធ្វើ​ប្រតិភូកម្ម​ផ្ទេរ និង​ទម្លាក់​ការងារ​មួយ​ចំនួន​ជា​បន្តបន្ទាប់​ពី​ក្រសួង

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​បាន​កត់សម្គាល់​ឃើញ​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ធ្វើ​ប្រតិភូកម្ម​ផ្ទេរ និង​ទម្លាក់​ការងារ​មួយ​ចំនួន​ជា​បន្តបន្ទាប់​ពី​ក្រសួង ឬ​មន្ទីរ​គ្រប់​រាជធានី ខេត្ត របស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​អនុវត្ត​បន្ត ព្រមទាំង​បាន​ប្រគល់​សិទ្ធិ​ឲ្យ​វិស័យ​ឯកជន​មួយ​ចំនួន​ផង​ដែរ​។ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ការ​ផ្តល់ ឬ​លក់ និង​ធ្វើ​ស្លាក​លេខ​រថយន្ត ត្រូវ​បាន​ទម្លាក់​ទៅ​ឲ្យ​ដេប៉ូ​លក់​ឡាន​ដែល​មិន​មាន​ជំនាញ​ច្បាស់លាស់ ចំណែក​ការ​លក់​លេខវិញ​បើក​លក់​តាម​ប្រ​ព​ន្ធ័​អន​ឡាញ​(​វី​ង​) ដែល​មាន​តម្លៃ​គុណ​ទ្វេរ​ដង រីឯ​ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​វិញ ក៏​ត្រូវ​បាន​ទម្លាក់​ឲ្យ​អាជ្ញាធរ ក្រុង ស្រុក ខណ្ឌ តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ ហើយ​ពេល​នេះ ក្រសួង​គ្រោង​ទម្លាក់​ការ​ធ្វើ​ប័ណ្ណបើកបរ​ទៅ​ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត​ជា​បន្ត​ទៅ​ទៀត​។

​ការ​ផ្ទេរ ឬ​ទម្លាក់​ការងារ​មួយ​ចំនួន​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​សាធារណការ​ថ្នាក់​មន្ទីរ ស្ទើរ​គ្រប់​រាជធានី ខេត្ត ដែល​ធ្លាប់​ធ្វើ​ការងារ​នេះ​មានការ​ថ្នាំងថ្នាក់​ផង​ដែរ​។ មន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ពេល​នេះ​ក្រសួង​បាន និង​កំពុង​ធ្វើ​ពង្រាង​សេចក្តី​ប្រកាស​មួយ​ស្ដី​ពី​ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ការ​ប្រឡង ការ​ប្តូរ​ប័ណ្ណបើកបរ​យានយន្ត​ប្រភេទ​«​ក​»​និង​«​ខ​»​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ផ្តល់​ប័ណ្ណបើកបរ​យានយន្ត​ឱ្យទៅ​ដល់​រដ្ឋបាល​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស ។ ចំពោះ​មុខងារ​ដែល​ត្រូវ​បាន​ធ្វើ​ប្រតិភូកម្ម ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ទៅ​ឱ្យ​ដល់​រដ្ឋបាល​រាជធានី ខេត្ត​រួម​មាន​សកម្មភាព​សំខាន់​ៗ​រួម​មាន​៖ ការ​ប្រឡង​យក​ប័ណ្ណបើកបរ​ទោចក្រយានយន្ត​ប្រភេទ​«​ក​» ការ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត​ប្រភេទ​«​ខ​» ការ​ប្តូរ​ប័ណ្ណបើកបរ​ទោចក្រយានយន្ត​ប្រភេទ​«​ក​» និង​ការ​ប្តូរ​ប័ណ្ណបើកបរ​រថយន្ត​ប្រភេទ​«​ខ​»​។

មន្ត្រី​ដដែល បាន​បន្ត​ទៀត​ថា និ​តិ​វិធី​នៃ​ការ​គ្រប់គ្រង និង​បច្ចេកទេស​នៃ​ការ​អនុវត្ត​មុខងារ​ដែល​បាន​ធ្វើ​ប្រតិភូកម្ម​នេះ​ត្រូវ​អនុវត្ត​តាម​ការ​កំណត់​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហើយ​ក្រសួង​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​កំណត់​បទដ្ឋាន​បច្ចេកទេស ការ​ណែនាំ ការ​ផ្សព្វផ្សាយ និង​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អនុវត្ត​មុខងារ​ដែល​បាន​ធ្វើ​ប្រតិភូកម្ម​នេះ ព្រមទាំង​តាមដាន ត្រួតពិនិត្យ សម្របសម្រួល​ប្រតិបត្តិការ​ផ្តល់​សេវា​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត និង​វាយតម្លៃ​ការ​អនុវត្ត​មុខងារ​នេះ​ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។ មន្ត្រី រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ប្រតិភូកម្ម ប័ណ្ណបើកបរ​រថយន្ត​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី ខេត្ត មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត​ក្នុង​ការ​អនុវត្ត​មុខងារ ដោយ​ត្រូវ​ចាត់តាំង​មន្ត្រី​ជំនាញ​ដែល​មាន​សមត្ថភាព​សម​ស្រប ដើម្បី​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​រៀបចំ​របាយការណ៍​ទៀងទាត់​អំពី​ស្ថានភាព​នៃ​ការ​អនុវត្ត​មុន​ងារ​ជូន​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​។

ចំណែក​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ផ្តល់​របាយការណ៍​ពាក់ព័ន្ធ​នឹង​ស្ថិតិ​នៃ​ការ​ប្រឡង​ការ​ប្តូរ​ប័ណ្ណបើកបរ​យានយន្ត​ប្រភេទ​«​ក​»​និង​«​ខ​» សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង​ប្រចាំឆ្នាំ ជូន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ មន្ត្រី​ដដែល បាន​បញ្ជាក់​ថា ការ​ប្រឡង ការ​ប្តូរ​ប័ណ្ណបើកបរ​យានយន្ត​ត្រូវ​បង់​កម្រៃ​សេវា​សាធារណៈ​តាម​ការ​កំណត់​ក្នុង​ប្រកាស​រួម​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ចាប់ពី​ពេល​ចុះហត្ថលេខា តទៅ​៕