ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​មើល សុវត្ថិភាព​ចំណីអាហារ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខភាព សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​ទូទៅ ថ្មី​ៗ​នេះ​មន្ត្រី​កាំកុងត្រូល បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខភាព សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​ទូទៅ ថ្មី​ៗ​នេះ​មន្ត្រី​កាំកុងត្រូល បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ ដែល​អាជីវក​រដាក់​តាំង​លក់​នៅ​តាម​ផ្ទះ តូប​លក់​ចាហួយ​តាម​ដងផ្លូវ ស្ថិត​នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។ ក្នុង​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹង​ថា គោលបំណង​សំខាន់​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ព្រោះ​កន្លង​មក​ក្រោយ​ពី​មន្ត្រី​កាំកុងត្រូល​ធ្វើការ​ណែនាំ​ឃើញ​ថា អាជីវករ និង​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ និង​ការ​ដាក់​តាំង​លក់ទំនិញ តែ​ក៏​នៅ​មាន​អាជីវករ​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​យល់​ដឹងផង​ដែរ​។

លោក​បាន​បន្ត​ថា ការ​ត្រួតពិនិត្យ​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ទំនិញ វេច​ខ្ចប់​ស្រាប់ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទំនិញ​គ្មាន​អនាម័យ គ្មាន​សុវត្ថិភាព និង​ទំនិញ​ដែល​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​។ ក្នុង​នោះ​ដែរ មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ធ្វើតេស្ត​រកសា​ធាតុគីមី​បូ​រ៉ា​ក់​ទៅ​លើ​ប្រហិត​សាច់​គោ ត្រីងៀត សរសៃ​មី​លឿង សរសៃ​គុយទាវ និង ណែម  ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ​។ បន្ទាប់​ពី​ធ្វើតេស្ត​រួច​មក មន្ត្រី​កាំកុងត្រូល​បាន​បន្ត​ស្វែងរក ទំនិញ​ដែល​មិន​មានគុណ​ភាព ក៏​ដូច​ជា​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់  ដែល​អាជីវក​រដាក់​តាំង​លក់​នៅ​តាម​ផ្ទះ ជា​លទ្ធផល​ការ​ត្រួតពិនិត្យ​នេះ ក៏​បាន​រក​ឃើញ នំ​ស្រួយ​ម៉ាក​QUE ចំនួន​ពីរ​កញ្ចប់ ស្មើនឹង​កន្លះ​គីឡូក្រាម ហួស​កាលបរិច្ឆេទ (​ផលិត​នៅ​ប្រទេស​វៀតណាម​) ត្រូវ​បាន​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ធ្វើការ​ដកហូត​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។

ទន្ទឹម​នឹង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​ដែរ មន្ត្រី​កាំកុងត្រូល បាន​ធ្វើការ​ណែនាំ​បន្ថែម ដល់​អាជីវករ​ពាណិជ្ជករ​ឲ្យ​មាន​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនិញ​ទាំងឡាយ​ណា​ដែល​មិន​មានគុណ​ភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូច​ជា​កំប៉ុង​ក្រពឹត ប៉ោង ច្រេះ​ស៊ី ទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ និង​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នកលក់ និង​អ្នក​ប្រើប្រាស់​ឲ្យ​បាន​យល់​ដឹង​ពី​រូបភាព​ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់​៕