រាជធានីភ្នំពេញ ៖ វិស័យអចលនទ្រព្យ និងសំណង់លំនៅឋាន គឺជាសសរស្តម្ភស្នូលមួយដ៏សំខាន់ក្នុងចំណោមសសរស្តម្ភទាំង៤ដែលទ្រ ទ្រង់កំណើនសេដ្ឋកិច្ចជាតិ ។ ការកើនឡើងនូវគម្រោងអភិវឌ្ឍន៍វិស័យសំណង់ដែលវិនិយោគដោយវិនិយោគិនក្នុង និងក្រៅស្រុក បាននិងកំពុងបង្កើតការងារ និងផ្ដល់ចំណូលដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ហើយក្នុងនោះ គម្រោងវិនិយោគទុនពីបរទេសលើវិស័យនេះ គឺប្រទេសចិននាំមុខគេ ។
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅ ទិព្ធសីហា បានឲ្យដឹងថា សម្រាប់រយៈពេល៦ខែឆ្នាំ២០១៧នេះ ទាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត បានផ្តល់លិខិតអនុញ្ញាតសាងសង់សរុបទូទាំងប្រទេសមានចំនួន១.៥២៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប៧.២៨៤.៦៧៥ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានសរុប៤.៩៤៣.៥២៣.៥១៧ ដុល្លារអាមេរិក ខណៈដែលរយៈពេល៦ខែឆ្នាំ ២០១៦វិញ គឺមានចំនួនគម្រោង១.១៨៣គម្រោង មានផ្ទៃក្រឡាសំណង់សរុប១០.៥១២.២៦១ម៉ែត្រការ៉េ និងមានតម្លៃទុន៣.៨៧៩.០៥៨.៤៨២ដុល្លារអាមេរិក ។ ដូច្នេះ សម្រាប់ទុនវិនិយោគវិស័យសំណង់ និងលំនៅឋានក្នុងរយៈពេល៦ខែឆ្នាំ២០១៧ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ គឺមានកំណើន២៧,៤៤% ។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ដថា ក្នុងចំណោម១.៥២៣គម្រោង ដែលផ្តល់លិខិតអនុញ្ញាតសាងសង់ដោយសមត្ថកិច្ចពាក់ព័ន្ធ គឺមានគម្រោងមួយចំនួនជាការវិនិយោគផ្ទាល់របស់អ្នកវិនិយោគបរទេស ហើយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតជូនក្នុងរយៈពេល៦ខែនេះ គឺមានតែ១៥គម្រោង ដែលមានផ្ទៃក្រឡាសរុប៤០៨.៤៥០ម៉ែត្រការ៉េ និងទុនវិនិយោគ២២២.៧៨១.៩៧០ដុល្លារអាមេរិក ដែលគម្រោងវិនិយោគផ្ទាល់ពីបរទេសទាំង១៥គម្រោងនោះ គឺចិនមានចំនួន(៨គម្រោង) ថៃ ជប៉ុន កូរ៉េ និងសិង្ហបូរីជាដើម ។ យ៉ាងណាក៏ដោយ មន្ត្រីរូបនេះបានបដិសេធមិនបង្ហាញចំនួននៃទុនវិនិយោគរបស់ចិនលើគម្រោងចំនួន៨នោះទេ តែបញ្ជាក់ថា វិនិយោគផ្ទាល់ពីបរទេសលើវិស័យសំណង់ និងអចលទ្រព្យ គឺចិននៅលេខរៀងទី១ ។
លោកថ្លែងថា ៖« ពាក់ព័ន្ធនឹង១៥គម្រោងហ្នឹង តាមខ្ញុំគិតទៅឃើញថា ទី១ ភាគច្រើនគឺជាសំណង់អគារស្នាក់នៅរួម មានរោងចក្រ អគារផលិតគ្រឿងអេឡិចត្រូនិក អគារឧស្សាហកម្ម និងអគារពាណិជ្ជកម្ម »។
លោក ឡៅ ទិព្ធសីហា បានបន្ថែមថា ក្នុងចំណោមគម្រោងទាំង១.៥២៣នេះ ភាគច្រើនជាសំណង់លំនៅឋាន ផ្ទះល្វែង ភូមិគ្រឹះ អគារស្នាក់នៅរួម អគារសហកម្មសិទិ្ធ រួមទាំងសំណង់លំនៅឋានតាមទីប្រជុំជនដែលភាគច្រើនជាសំណង់ថ្មក្រោម ឈើខាងលើ ។
ក្នុងរយៈពេល៦ខែឆ្នាំ២០១៧នេះ សំណង់អគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន៤៣អគារ ដែលភាគច្រើនជាអគារស្នាក់នៅរួម អគារសហកម្មសិទ្ធិ អគារការិយាល័យ និងអគារមុខងារឧបនិស្ស័យខាងផ្នែកពាណិជ្ជកម្ម ។
ក្នុងនោះផងដែរ សម្រាប់រយៈពេល៦ខែឆ្នាំនេះ នៅរាជធានីភ្នំពេញ មានលំនៅឋានលក្ខណៈជាបុរីចំនួន១៤ទីតាំង ហើយភាគច្រើននៃគម្រោងអភិវឌ្ឍន៍នេះ គឺដោយអ្នកវិនិយោគទុនក្នុងស្រុក និងមួយផ្នែកទៀត ជាការវិនិយោគរួមគ្នារវាងអ្នកវិនិយោគទុនក្នុងស្រុក និងបរទេស ។
យោងតាមរបាយការណ៍ក្រសួងដែនដី ក៏បានបង្ហាញថា ចាប់ពីឆ្នាំ២០០០រហូតដល់៦ខែឆ្នាំ២០១៧នេះ ការបោះទុនវិនិយោគលើវិស័យសំណង់ និងអចនទ្រព្យ គឺមានដល់ទៅ ១៨ប្រទេស មានចំនួន៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុប១៣.៤៦២.០២៣ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគសាងសង់ ៤.៦៨៦.៨០៧.១០១ដុល្លារសហរដ្ឋអាមេរិក ។
សម្រាប់ការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ក្នុងរយៈពេល៦ខែឆ្នាំ២០១៧ ក្រសួងដែនដីបានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់នៅមានសុពលភាពចំនួន១.០០៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន៤០ និងក្រុមហ៊ុនសាងសង់មានចំនួន៩៦៦ ។ ទន្ទឹមនឹងនោះ ក៏មានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ក្រុមហ៊ុន រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន១១៣រូប ក្នុងនោះស្ថាបត្យករ៨០រូប និងវិស្វករចំនួន៣៣រូប និងបានចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជាចំនួន៣៨រូបផងដែរ ៕
ចែករំលែកព័តមាននេះ