កែប ៖ នៅក្នុងកិច្ចពិភាក្សាត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៦ស្ថិតនៅខេត្តកែប កាលពីរសៀលថ្ងៃទី១៤ កក្កដា លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញផែនការអាទិភាពចំនួន៧ចំណុច ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងកាន់តែមានភាពអស្ចារ្យជាងឆ្នាំមុនៗ សំដៅធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមឲ្យបានច្រើនកុះករ ។
កិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមពីលោកកែន សត្ថា អភិបាលខេត្តកែប រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីជំនាញក្រសួងទេសចរណ៍ អភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ ។
លោករដ្ឋមន្ត្រីបានដាក់ចេញនូវផែនការសម្រាប់ត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ដូចខាងក្រោម ៖ ១-ឯកភាពកំណត់យកបរិវេណទីតាំងមុខសាលាខេត្តកែប សម្រាប់ប្រារព្ធបើកជាផ្លូវការពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ។ ២-អាជ្ញាធរខេត្ត ត្រូវជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ឱ្យបានរួចរាល់ទាន់ពេលវេលា ។ ត្រូវខិតខំរៀបចំឱ្យមានកន្លែងស្នាក់នៅបន្ថែមដូចជា តង់ទេសចរណ៍ឱ្យបានគ្រប់គ្រាន់ ។ ៣-ខិតខំយកចិត្តបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ។ ៤-ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឲ្ចូលរួមត្រៀមរៀបចំ ដោយតុបតែងគេហដ្ឋានរបស់ខ្លួនឲ្យបានស្អាត មានអនាម័យល្អ និងត្រៀមជួយផ្តល់កន្លែងស្នាក់នៅដល់បងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តអោយបានល្អ ។ ៥-សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំពិព័រណ៍ពាណិជ្ជកម្ម ពិសេសជលិតផលក្នុងស្រុកឱ្យបានច្រើន ។ ៦-ត្រូវរៀបចំទស្សនីយភាពសិល្បៈឱ្យបានល្អ ដោយអញ្ជើញបណ្តាខេត្តជាប់សមុទ្រទាំង៤ និងប្រទេសជាមិត្តចូលរួម ចំពោះសកម្មភាពកីឡាត្រូវរៀបចំប្រភេទកីឡាឱ្យបានសំបូរបែប ពិសេសកីឡាលើទឹក លើអាកាសឱ្យបានច្រើន ដូចជាទូកក្តោង និងត្រូវរៀបចំ ព្យុះហយាត្រាឱ្យបានល្អ និង៧-ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសពីធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
ចែករំលែកព័តមាននេះ