កិច្ចការជំនួញ » រថយន្ត-បច្ចេកវិទ្យា

ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​រថយន្ត​មាន​កង់​4 ?

ដោយ ៖ ណៃ ដាលីន   

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១២:១៥   (13-07-2017 12:15)

មនុស្ស​ភាគច្រើន​អាច​ឆ្ងល់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​នៃ​រថយន្ដ ដូច​ជា ធ្វើ​យ៉ាងណា​ទើប​រថយន្ដ​អាច​បើកបរ​ដោយ​ខ្លួនឯង ឬ​ចត​ដោយ​ខ្លួនឯង​បាន ជាដើម​។ ដោយឡែក​ថ្ងៃនេះ សារព័ត៌មាន​កោះ​សន្ដិភាព ផ្នែក «​យានយន្ដ និង​បច្ចេកវិទ្យា​» សូម​នាំ​លោក​អ្នក​មក​ចាប់អារម្មណ៍​សំណួរ​ងាយ​មួយ ដែល​អ្នកខ្លះ​គិត​ថា ពិបាក​ឆ្លើយ នោះ​គឺ ​ហេតុ​អ្វី​បានជា​រថយន្ដ​មាន​កង់​៤ ?

សំណួរ​នេះ​ត្រូវ​បាន​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ សួរ​ទៅ​អ្នកជំនាញ ដែល​ធ្វើ​ឲ្យ​រូប​គាត់​ភ្ញាក់​ព្រើត​តែ​ម្ដង ។ ទោះបី​យ៉ា​ណា អ្នកជំនាញ​រូប​នោះ​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទេ ក្រោយមក​ទើប​គាត់​ដឹង ចម្លើយ​នោះ​គឺ ៖

មូលហេតុ​ដែល​គេ​ផលិត​រថយន្ត​មក​មាន​កង់​យ៉ាងតិច​បួន (​ភាគតិច​បំផុត​ដែល​មានបី​) គឺ​ដើម្បី​ធ្វើ​ឲ្យ​ការ​ចែករំលែក​ទម្ងន់​មាន​ភាព​ស្មើគ្នា​ល្អ ពោល​គឺ​ដើម្បី​រក្សា​ការ​ចែក​ទម្ងន់​ឲ្យ​បាន​ល្អ គឺ យើង​ត្រូវ​ដាក់​កង់​នៅ​ចុង​ជ្រុង​នីមួយ​ៗ ។

រថយន្ត​ជា​ទូទៅ​មាន​រាង​ចតុកោណកែង ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​វា​ឡើង​ដោយ​ដាក់​កង់​បួន​នៅ​ជ្រុង​ទាំង​បួន ។ ចំពោះ​យន្តហោះ​វិញ គឺ​មាន​រាង​ត្រីកោណ ដែល​ត្រូវការ​កង់​យ៉ាងតិច​បី ។ 

ម្យ៉ាងវិញទៀត យើង​ក៏​ធ្លាប់​ឃើញ​មាន​រថយន្ត​កង់​៣​ផង​ដែរ (​ក្នុង​ខ្សែភាពយន្ដ Mr. Bean) តែ​មាន​ភាគតិច​បំផុត ហើយ​ឥឡូវនេះ​រក​ស្ទើរតែ​គ្មាន ។ នេះ​មក​ពី​ការ​ដាក់​កង់​បី អាច​ធ្វើ​ឲ្យ​រថយន្ត​ងាយ​នឹង​ក្រឡាប់ ជា​ពិសេស គឺ​នៅ​ផ្លូវ​កោង ។ 

ក្រៅពី​ការ​ចែក​ទម្ងន់​ឲ្យ​ស្មើគ្នា​ល្អ​ហើយ ក៏​មាន​កត្តា​សំខាន់​មួយទៀត​ដែរ គឺ​ទំនាញ និង​ការ​ទប់​លំនឹង ។ គេ​ផលិត​រថយន្ត​មក​មាន​កង់​យ៉ាងតិច​បួន គឺ​ដើម្បី​រក្សា​លំនឹង​ឲ្យ​បាន​ល្អ និង​ងាយស្រួល​ក្នុង​ការ​បញ្ជា​នៅ​លើ​ដងផ្លូវ ។ 

ដូចនេះ​ហើយ ទើប​សព្វថ្ងៃ​យើង​ឃើញ​ស្ទើរតែ​គ្រប់​រថយន្ត គឺ​មាន​កង់​បួន (​លើកលែងតែ​រថយន្ដ​ដឹក​ទំនិញ​ធំ​ៗ) ៕