កិច្ចការជំនួញ » រថយន្ត-បច្ចេកវិទ្យា

របៀប​ថែទាំ​រថយន្ត​ក្នុង​រដូវវស្សា​ដើម្បី​ឱ្យ​ការ​បើកបរ​មាន​សុវត្ថិភាព

ដោយ ៖ យុំា កំលិញ   

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១២:៤៥   (13-07-2017 12:45)

កត្តា​គ្រោះថ្នាក់​នៅ​ពេល​បើកបរ​រថយន្ត ឬ​ម៉ូតូ​បាន​កើនឡើង​ខ្លាំង​ក្នុង​រដូវវស្សា ។ ពួក​យើង​មិន​អាច​គ្រប់គ្រង​ភ្លៀង​បាន​ទេ ប៉ុន្តែ​យើង​អាច​ថែទាំ​រថយន្ត​របស់​យើង​បាន ។

នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ក្នុង​ការ​ថែរក្សា​រថយន្ត​នៅ​រដូវវស្សា ដែល​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នកបើកបរ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ថែរក្សា​ស្ថានភាព​រថយន្ត​របស់​អ្នក​បាន​ពេញ​មួយ​រដូវ​កាល​នេះ​ផង​ដែរ ។

១-​ថែទាំ​កង់​រថយន្ត ៖
ក្នុង​អំឡុង​រដូវវស្សា វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ថែទាំ​សម្បក​កង់​រថយន្ត​ឲ្យ​នៅ​ក្នុង​សភាព​ល្អ​បំផុត ។ នៅ​លើ​ផ្លូវ​សើម រថយន្ត​ប្រឈម​មុខ​នឹង​ភាព​រអិលខ្លាំង​ណាស់ ។ វា​អាច​បណ្តាល​មក​ពី​ជម្រៅ​ក្រឡា​កង់ ល្បឿន​រថយន្ត និង​សណ្ឋាន​ផ្លូវខុស​ៗ​គ្នា ។

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នេះ សូម​ត្រួតពិនិត្យ​មើល​សម្បក​កង់​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ធានា​ថា ជម្រៅ​ក្រឡា​កង់​មាន​សុវត្ថិភាព​ចំពោះ​ការ​បើកបរ ។ ប្រសិនបើ​ក្រឡា​ទាំងនោះ​សឹក សូម​ប្តូរ​សម្បក​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

២-​ឧបករណ៍​ជូត​កញ្ចក់​ខាង​មុខ ៖
ឧបករណ៍​ជូត​កញ្ចក់​ខាង​មុខ​ងាយ​នឹង​សឹក​។ អ្នក​គួរតែ​ត្រួតពិនិត្យ ឬ​ផ្លាស់​ប្តូរ​វា​មុន​ពេល​រដូវវស្សា​មក​ដល់ ។ ស្របគ្នា​នេះ​ដែរ សូម​ពិនិត្យ​មើល​ថា ឧបករណ៍​នេះ​មានដំណើរ​ការ​ត្រឹមត្រូវ​នៅ​គ្រប់​ល្បឿន​ទាំងអស់ ។ អ្នក​គួរតែ​បំពេញ​ទឹក​ក្នុង​ដប​ទឹក​ជូត​កញ្ចក់​នេះ​ឲ្យ​បាន​ពេញ ហើយ​អាច​បន្ថែម​សាប៊ូ​បន្តិច​ដើម្បី​រក្សា​កញ្ចក់​របស់​អ្នក​ឲ្យ​ភ្លឺ​ស្អាត ។

៣-​ហ្វ្រាំង ៖
ហ្វ្រាំង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​រថយន្ត​។ អ្នក​គួរតែ​សម្អាត​វា​ជា​ប្រចាំ និង​ផ្លាស់​ប្តូរ​ប្រសិនបើ​ចាំបាច់ ។ គួរតែ​ត្រួតពិនិត្យ​ប្រេង​ហ្វ្រាំង និង​ខ្សែ​ហ្វ្រាំង​ដើម្បី​ធានា​ថា គ្មាន​ខ្យល់ ឬ​ទឹក​ចូល​ទៅ​ក្នុង​នោះ ។ ម្យ៉ាងទៀត ត្រូវ​ធានា​ថា រថយន្ត​មាន​ឈ្នាន់​ហ្វ្រាំង​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ប្រតិបត្តិការ​ហ្វ្រាំង​ដ៏​ល្អ​បំផុត ។

៤-​តួ​រថយន្ត ៖
សូមកុំ​ឱ្យ​ទឹក ឬ​ទឹកភ្លៀង​ជាប់​នៅ​លើ​រថយន្ត​របស់​អ្នក​យូរ ។ វា​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ថ្នាំ​រថយន្ត និង​លំបាក​ថែរក្សា​ថ្នាំ​រថយន្ត​នៅ​ពេល​បើកបរ​កាត់​ភ្លៀង ។ អ្នក​អាច​ប្រើ​ថ្នាំប៉ូលា​ដើម្បី​បង្កើត​ជា​ស្រទាប់​ស្តើង​ការពារ​ថ្នាំ​រថយន្ត​។ ថ្នាំប៉ូលា​មិន​ត្រឹមតែ​អាច​ការពារ​ថ្នាំ​រថយន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ធ្វើ​ឲ្យ​ទឹកភ្លៀង​រអិល​ចេញពី​តួ​រថយន្ត​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ ។

៥-​ពិនិត្យ​ចង្កៀង​មុខ​-​ក្រោយ ៖
ចង្កៀង​មុខ និង​ចង្កៀង​ក្រោយ​របស់​រថយន្ត​មាន​សារសំខាន់​ជាង​ពេល​ណា​ទាំងអស់​ក្នុង​រដូវវស្សា ។ វា​មិន​គ្រាន់តែ​សម្រាប់​បំភ្លឺ​នៅ​ពេល​ងងឹត និង​មាន​ព្យុះ​ភ្លៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ទីតាំង​របស់​យើង​បាន​ច្បាស់​ដល់​អ្នកបើកបរ​ផ្សេង​ទៀត​ផង​ដែរ ៕