ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មថៃនឹងបន្តឹងការបញ្ជារបស់តុលាការរដ្ឋបាល ដែលទាមទារឲ្យក្រសួងផ្អាកការលក់ដេញថ្លៃអង្ករមិនអាចបរិភោគបានចំនួន២,៧លានតោន ។
តុលាការបានសម្រេចចិត្តដូច្នេះ បន្ទាប់ពីក្រុមហ៊ុន TPK Ethanol Co ដាក់ពាក្យបណ្តឹងអះអាងថា ក្រសួងខាងលើហាមឃាត់ក្រុមហ៊ុននេះមិនឲ្យចូលរួមដេញថ្លៃ នាខែមេសា ឆ្នាំ២០១៧ ។
ប្រធានគ្រប់គ្រងនាយកដ្ឋានពាណិជ្ជកម្មបរទេស លោកស្រី Duangporn Rodphaya និយាយថា បញ្ជារបស់តុលាការបានបង្ខំឲ្យភ្នាក់ងារផ្អាកផែនការលក់ដេញថ្លៃអង្ករមិនអាចបរិភោគបាន ប្រមាណ៥០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងផ្នែកឧស្សាហកម្មកាលពីថ្ងៃចន្ទ ។
លោកស្រីបន្ថែមថា ការសម្រេចចិត្តនេះអាចនឹងរារាំងការលក់អង្ករ២,២លានតោនសម្រាប់ផលិតចំណីសត្វ ។ អង្ករនេះបានដាក់លក់ដេញថ្លៃរួចមួយហើយកាលពីសប្តាហ៍មុន ហើយអ្នកឈ្នះនឹងត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្ម នាពេលឆាប់ៗនេះ ។ លោកស្រីនឹងប្តឹងតវ៉ាលើបញ្ជាតុលាការក្នុងសប្តាហ៍នេះផងដែរ ។
លោកស្រីបន្តថា ការហាមឃាត់ក្រុមហ៊ុន TPK Ethanol មិនឲ្យចូលរួមលក់ដេញថ្លៃអង្ករនាខែមេសា គឺយុត្តិធម៌ណាស់ និងស្របតាមច្បាប់អនុញ្ញាតឲ្យហាមឃាត់អ្នកដេញថ្លៃ ។
យោងតាមការរាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មបរទេស ក្រុមហ៊ុន TPK Ethanol មិនត្រូវបានអនុញ្ញាតឲ្យចូលរួមទេ ព្រោះតែពួកគេល្មើសនឹងកិច្ចព្រមព្រៀងជាមួយនាយកដ្ឋាន រយៈពេល២០ឆ្នាំមុន ។
លោកស្រី Duangporn Rodphaya និយាយថា ករណីនេះបញ្ចប់ហើយ តុលាការកំពូលបានបញ្ជាឲ្យក្រុមហ៊ុននេះសងសំណងដល់នាយកដ្ឋាន ។ នាយកដ្ឋានមិនអាចអនុញ្ញាតឲ្យក្រុមហ៊ុននេះចូលរួមដេញថ្លៃអង្ករឡើយ ។
លោកស្រីបន្តថា បញ្ជារបស់តុលាការរដ្ឋបាលកាលពីថ្ងៃសុក្រនេះ បានរាំងស្ទះផែនការរបស់នាយកដ្ឋាន ក្នុងការលក់ចេញអង្ករខូចដែលបានស្តុកទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកស្រីថា ៖ « រដ្ឋាភិបាលកំណត់ថា នឹងលក់ចេញរាល់អង្ករស្តុកទុកក្នុងខែនេះ ដើម្បីកាត់បន្ថយការចំណាយផ្នែកស្តុក ។ វាត្រូវចំណាយអស់ប្រមាណ៩១ម៉ឺនដុល្លារក្នុង១ខែដើម្បីស្តុកអង្ករមិនអាចបរិភោគបាន » ៕
ចែករំលែកព័តមាននេះ