ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​តម្លៃ​ខ្លួន​ខុស​គ្នា​ឆ្ងាយ​រវាង អ៊ុំ ចំរើន និង​ជើង​ខ្លាំង​ថៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍កាលពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ធ្វើ​ឱ្យ​មហាជន​ជក់ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​ល្បីឈ្មោះ អ៊ុំ ចំរើន ត្រូវ​បាន​​អាជ្ញាកណ្ដាល​បញ្ឈប់​មិន​ឱ្យ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍កាលពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ធ្វើ​ឱ្យ​មហាជន​ជក់ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​ល្បីឈ្មោះ អ៊ុំ ចំរើន ត្រូវ​បាន​​អាជ្ញាកណ្ដាល​បញ្ឈប់​មិន​ឱ្យ​ប្រកួត​ក្នុង​ទឹក​ទី​៤ ដែល​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​ក្នុង​ចំណោម​ការ​ប្រកួត​ដែល​គេ​បាន​ធ្វើ​នៅ​លើ​សង្វៀន​អន្តរជាតិ ព្រោះតែ​បាន​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​សមត្ថភាព​មិនធម្មតា ។

ក្រោយ​ការ​ប្រកួត​ដឹង​ចាញ់​-​ឈ្នះ​មិន​មាន​បញ្ជាក់​ពី​គម្រោង​ថាឱ្យ​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ជា​ថ្មី​នោះ​ទេ ដោយសារ​តែ​ហេតុផល​កីឡាករ​កម្ពុជា​ហាក់ដូចជា​មាន​សមត្ថភាព​ពិបាកទៅ​រួច​ជាមួយ​គូប្រកួត ។

យ៉ាងណាមិញ ក្រោយ​ការ​ប្រកួត​គ្នា​បាន​ត្រឹម​៤​ទឹក ក៏​មានការ​ទម្លាយ​តម្លៃ​ខ្លួន​របស់​កីឡាករ​ថៃ​គួរ​ឱ្យ​ញាក់សាច់​ផង​ដែរ ដោយ​កីឡាករ​ថៃ​គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ស៊ីថ្លៃ​ខ្ពស់ ទើប​អ៊ុំ ចំរើន មិន​អាច​ទៅ​រួច​ក្នុង​ពេល​ដែល​គេ​មាន​ប្រវត្តិ​វាយ​ឈ្នះ​កីឡាករ​ថៃ​រាប់​មិន​អស់​នា​ពេល​កន្លង​មក ។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​យ៉ាងច្រើន​កុះករ​នា​ថ្ងៃ​នោះ មានការ​តាមដាន​ពី​អ្នក​ស្នេហា​វិស័យ​ប្រដាល់​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​កម្ពុជា​ដែល​មានមុខ​ឡើង​ប្រកួត​គឺ អ៊ុំំ ចំរើន ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​របស់​ប្រទេស​កម្ពុជា ប៉ះ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ស៊ីថ្លៃ​ខ្ពស់​ឈ្មោះ Khun Phen ដែល​កាល​មក​ប្រកួត​នៅ​កម្ពុជា​លើក​ចុង​ក្រោយ​ជាមួយ​កីឡាករ រឿង សោ​ភ័​ណ្ឌ គឺ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា ។

ការ​ប្រកួត​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ថា នឹង​ផ្ដល់​ប្រាក់​បន្ថែម​មួយ​លាន​រៀល​ឱ្យ​តែ​កីឡាករ​កម្ពុជា​វាយ​កីឡាករ​ថៃ​សន្លប់​ត្រឹម​ទឹក​ទី​៣ ប៉ុន្តែ​ដល់​ពេល​ប្រកួត​ជាក់ស្ដែង​គឺ​កីឡាករ​កម្ពុជា​ចូល​មិន​ចុះ​នឹង​កណ្ដាប់ដៃ​ដ៏​ខ្លាំង​របស់​កីឡាករ​ថៃ​នោះ​ទេ ។ ក្នុង​ទឹក​ទី​១ កីឡាករ​កម្ពុជា​គ្រាន់តែ​មានឱកាស​វាយ​ចូល​បាន​ខ្លះទៅ​លើ​កីឡាករ​ថៃ ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី​៣ ការ​វាយ​សម្រុក​ដ្បិតថា​ទទួល​ជោគ​ជ័យ​ខ្លះ ប៉ុន្តែ​លទ្ធផល​បរាជ័យ​ហាក់​មាន​កម្រិត​នៅឡើយ​បើ​ធៀប​នឹង​កីឡាករ​ថៃ​ដែល​គេ​មាន​ស្នៀត និង​បច្ចេកទេស​ល្អ​ជាង ។ ក្នុង​ទឹក​ទី​៣​រឹតតែ​បង្ហាញ​ពី​ការ​ទាល់ច្រក​របស់​កីឡាករ​កម្ពុជាទ្វេ​ដង បន្ទាប់​ពី​កីឡាករ​ថៃ​បញ្ចេញ​កណ្ដាប់ដៃ​វាយ និង​អុក​ជង្គង់​បាន​រស់​រវើក​ជាង ។ នៅ​ក្នុង​ទឹក​នេះ កីឡាករ អ៊ុំ ចំរើន ត្រូវ​ជើង​ខ្លាំង​ថៃ​វាយ​ឱ្យ​បែក​អំពិលអំពែក​និង​រាប់​៨​ម្ដង បើ​កុំ​តែ​ដល់​នាទី​ឱ្យ​ទឹក​ទាន់​ប្រហែលជា​អាច​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹក​នោះ​ក៏​ថា​បាន ។ ដ្បិតថា​ឆ្លង​ផុត​ទឹក​ទី​៣​ដែល​ចេញ​លទ្ធផល​អាក្រក់​នោះ​មែន តែ​កីឡាករ​កម្ពុជា​មិន​ត្រឹមតែ​បាត់​ឱកាស​ទទួល​បាន​១​លាន​រៀល​បន្ថែម​ពីលើ​តម្លៃ​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​បោះបង់​ការ​ប្រកួត​ទាល់តែ​បាន​ដោយ​វាយ​ឱ្យ​រាប់​៨​ដល់​ទៅ​២​ដង​បន្ថែម​ទៀត​នៅ​ចុង​ទឹក​នោះ ។

កីឡាករ អ៊ុំ ចំរើន ត្រូវ​គេ​ឃើញ​ជួប​សំណាង​កាន់តែ​អាក្រក់ បើ​ទោះជា​គេ​ប្រឹង​ទប់​ស្មារតី និង​វាយលុក​ដើម្បី​ស្ដារ​កិត្តិយស​ក្រោយ​ទទួល​រងកណ្ដាប់ដៃ​គូប្រកួត​ផ្ទួន​ៗ​ក៏​សន្ទុះ​ប្រឹងប្រែង​នោះ​បាន​ត្រឹមតែ​ខកចិត្ត ហើយ​លទ្ធផល​ចុង​ក្រោយ​គឺ​ធ្វើ​ឱ្យ​គេ​ទក់​សាច់ និង​ឈាន​ដល់​អាជ្ញាកណ្ដាល​បញ្ឈប់​តែ​ម្ដង​។  

អ៊ុំ ចំរើន បាន​បង្ហាញ​ពី​ការ​ខកចិត្ត​ក្រោយ​ការ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ទៅ​ហើយ នៅ​តែ​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ Khun Phen នោះ ។ លោក​ថា នេះ​ជា​លើក​ទី​១​ដែល​លោក​ជួប​រឿង​បែប​នេះ​នៅ​សង្វៀន​អន្តរជាតិ រហូត​ដល់​ថ្នាក់​ត្រូវ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ ។ លោក​ថា កីឡាករ Khun Phen លោក​មិន​ដែល​បាន​សាក​កណ្ដាប់ដៃ​ពី​មុន​មក​ទេ ហើយ​លោក​ក៏​ប្រកាស​ថា​ខ្លួន​បាន​ប្រឹង​អស់ពី​សមត្ថភាព​ហើយ​មុន​ពេល​មានការ​បញ្ឈប់​លោក​មិន​ឱ្យ​បន្ត​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ ។ លោក​ថា មិន​មាន​គម្រោង​សងសឹក​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​ទេ តែបើ​មានការ​ផ្គូផ្គង​ជា​ថ្មី គឺ​លោក​នឹង​ធ្វើការ​ពិចារណា​ដើម្បី​ឱ្យ​ច្បាស់​ថា​តើ​ត្រូវ​ទទួល​ការ​ប្រកួត ឬ​ត្រូវ​គេច​ចេញ​ដើម្បី​កុំឱ្យ​ជាប់​ក្នុង​បញ្ជី​ជា​កីឡាករ​ធ្លាក់ដៃ ។ លោក​ថា កីឡាករ​ថៃ​ពិតជា​ល្អ​ខុស​ពី​កីឡាករ​បរទេស​ដែល​លោក​បាន​ជួប ជា​ពិសេស​ជង្គង់​របស់​គេ​ល្អ​ដែល​ធ្វើ​ឱ្យ​លោក​ពិបាក​ចូល​កៀក ។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា កីឡាករ​ថៃ Khun Pheng គឺជា​ជើង​ខ្លាំង​ម្នាក់​ទើប​ការ​ប្រកួត​របស់​គេ​ម្ដង​ៗ​នៅ​លើ​សង្វៀន​ថៃ​មាន​តម្លៃ​រហូត​ដល់​៦​ម៉ឺន​បាត​ប្រហាក់ប្រហែល​នឹង​២​ពាន់​ដុល្លារ​ឯណោះ​សម្រាប់​មួយ​ប្រកួត ។ លោក​ថា កីឡាករ​អ៊ុំ ចំរើន ទប់​ជាប់​ដល់​ទឹក​ទី​៤​គឺជា​រឿង​ប្រសើរ​ហើយ ដោយសារ​តែ​ភាព​ជាក់ស្ដែង​កីឡាករ​Khun Phen គឺជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ។ នៅ​លើ​សង្វៀន​កម្ពុជា​កីឡាករ​រូប​នេះ​ស៊ីថ្លៃ​ត្រឹមតែ​១​ពាន់​ដុល្លារ​ប៉ុណ្ណោះ ដោយ​យោង​តាម​តម្លៃ​ខ្លួន​របស់​កីឡាករ​បរទេស​ដែល​ល្អ​បំផុត​គឺ​មិន​អាច​លើស​ហ្នឹង ។ 

នៅ​លើ​សង្វៀន​ស្រុក​ថៃ កីឡាករ Khun Phen ស៊ីថ្លៃ​មួយ​ប្រកួត​២​ពាន់​ដុល្លារ តែ​តម្លៃ​ខ្លួន​នោះ​មិនមែន​បាន​លើ​កីឡាករ​រូប​នេះ​ទាំង​អស់នោះ​ទេ គឺ​បាន​ត្រឹមតែ​ពាក់កណ្ដាល​ប៉ុណ្ណោះ ដោយសារ​តែ​នៅ​ប្រទេស​ថៃ​ម្ចាស់​ក្លិប​គឺជា​អ្នក​ផ្ដល់​ប្រាក់ខែ និង​រក​ទីផ្សារ​ឱ្យ​កីឡាករ​ប្រកួត ដែល​ខុស​ពី​ម្ចាស់​ក្លិប​នៅ​កម្ពុជា​បាន​ត្រឹម​តិចតួច​អាស្រ័យ​លើ​កីឡាករ​ឱ្យ​ដោយសារ​តែ​ក្លិប​មិន​មាន​បន្ទុក​ផ្ដល់​ជា​ប្រាក់ខែ​ចិញ្ចឹម​នៅ​ពេល​កីឡាករ​មិន​ឡើង​ប្រកួត ។ អីុ​ចឹ​ង​ហើយ​ទើប​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​២​ពាន់​ដុល្លារ​នៅ​ក្នុង​ប្រទេស​ថៃ​ពេញចិត្ត​មក​ប្រកួត​នៅ​កម្ពុជា​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ ដោយសារ​តែ​ការ​ធ្វើ​ដំណើរ ស្នាក់​នៅ និង​ហូប​ចុក គឺជា​បន្ទុក​របស់​លោក ។ ជាមួយនឹង​ការ​ទម្លាយ​តម្លៃ​ខ្លួន​ធ្វើ​ឱ្យ​គេ​មើល​ដឹង​ភ្លាម​ៗ​ថា កីឡាករ​ថៃ​គឺជា​ជើង​ខ្លាំង​មិនធម្មតា ទើប​លទ្ធផល​សន្លប់ ឬ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​របស់ អ៊ុំ ចំរើន មិន​ត្រូវ​បាន​គេ​រិះគន់ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា កីឡាករ អ៊ុំ ចំរើន មាន​តម្លៃ​ខ្លួន​៣៥០​ដុល្លារ​ក្នុង​មួយ​ប្រកួត ។ លោក​ថា កីឡាករ​កម្ពុជា​មិន​ទាន់​អាច​មាន​តម្លៃ​ដូច​គ្នា ឬ​ប្រហាក់ប្រហែល​គ្នា​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​បាន​ទេ ដោយសារ​តែ​ប្រាក់​ចំណូល​ដែល​លោក​ទទួល​បាន​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​នៅ​មាន​កម្រិត​នៅឡើយ ។ ប៉ុន្តែ​តម្លៃ​ខ្លួន​កីឡាករ​កម្ពុជា​ចាប់ផ្ដើម​ឈាន​ឡើង​បើ​ធៀប​នឹង​តម្លៃ​ខ្លួន​ដែល​ធ្លាប់​ឱ្យ​កាលពី​ជាង​មួយ​ឆ្នាំ​មុន ដែល​កីឡាករ​ល្អ​ឡើង​វ៉ៃ​មួយ​លើក​បាន​ត្រឹមតែ​២៥០​ដុល្លារ ។ ក្នុង​នោះ​ក៏​មាន​កីឡាករ​ខ្លះ​មាន​តម្លៃ​ខ្លួន​ដល់​៤៥០​ដុល្លារ​ផង​ដែរ ដោយសារ​តែ​មានការ​កំណត់​ពី​ខាង​សហព័ន្ធ និង​ការ​ស្នើ​សុំ​ពី​សាមីខ្លួន​ដោយ​ផ្ទាល់ ៕