ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ជនសង្ស័យ​សម្លា.ប់​មនុស្សនៅ​តា​ខ្មៅ សារភាពហើយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​លោក វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ទទួល​ការងារ​យុត្តិធម៌ ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ចុះ​ស្រាវជ្រាវ​ករណី​ឃាតកម្ម ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​កាលពីរ​វេលា​ម៉ោង​៤​និង​៥១​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក កន្លែង​លេង​អ៊ិ​ន​ធឺ​ណែ​ត ភូមិ​តា​ខ្មៅ សង្កាត់​/​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ខណៈនោះ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​មក​ពួន​សម្ងំ​នៅ​ក្នុង​ខេត្តសៀមរាប រហូត​ឈាន​ដល់​ចាប់ខ្លួន​បាន​ជន​ដៃដល់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ហើយ​បញ្ជូន​បន្ត​ទៅ​ឱ្យ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ទាំង​យប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ហេតុ​ការ​បង្ក្រាប​ករណី​ឃាតកម្ម​ដែល​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ក្នុង​បេនឡាន​ក្រុមហ៊ុន រិ​ទ្ធ មុន្នី ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខណៈ​ជនសង្ស័យ​បាន​ជិះឡាន​ក្រុមហ៊ុន​នេះ បម្រុង​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ក្រុង​សៀមរាប​។ លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ទទួល​ការងារ​យុត្តិធម៌ បាន​ប្រាប់​កោះសន្តិភាព​នៅ​ទី​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា ដោយ​មានការ​ដឹកនាំ និង​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​លោក​ដឹកនាំ​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដែល​បាន​ប្រព្រឹត្ត​ករណី​ឃាតកម្ម​ទៅ​លើ​ជន​រង​គ្រោះ កាលពីរ​វេលា​ម៉ោង​៤​និង​៥១​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៧​។

លោក​បាន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ អ៊ឹ​ង ចាន់​រតនៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​លក់ដូរ​នៅ​ផ្សារ​តា​ខ្មៅ មានស្រុក​កំណើត​នៅ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ​ភូមិ​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​សព​ជន​រង​គ្រោះ ឈ្មោះ រ័​ត្ន ពុទ្ធ​ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក អ៊ិ​ន​ធើ​ណេ​ត បម្រើ​ការ​នៅ​កន្លែង​កើត​ហ​តុ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​ត្រូវ​ចំនួន​១២​កាំបិត ក្នុង​នោះ​ចំ​លើ​ចិញ្ចើម​ខាងឆ្វេង​១​កាំបិត ក្រោម និង​លើ​ដោះ​ខាងស្តាំ​៣​កាំបិត រយះ​បាតដៃ​ខាងឆ្វេង​១​កាំបិត និង​ចំ​ខ្នង​ពីក្រោយ​៧​កាំបិត បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​នៅ​ក្នុង​បន្ទប់ទឹក​។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​គេចខ្លួន​បាត់ បន្ទាប់​ពី​មានការ​ស្រាវជ្រាវ លុះដល់​វេលា​ម៉ោ​៤​និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ទើប​ដឹង​ថា ជនសង្ស័យ​រត់​មក​ពួន​នៅ​សៀមរាប ទើប​កម្លាំង​ជំនាញ​យើង​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ​នៅ​ចំណុច​បេនឡាន ក្រុមហ៊ុន រិ​ទ្ធ មុន្នី ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម​ក្រុង​/​ខេត្តសៀមរាប​។

បន្ទាប់​ពី​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភ្លាម​ៗ កម្លាំង​យើង​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ទី​១.​ស៊ី​មកា​ត​ចំនួន​១ មាន​លេខ 096 62 62 692 ទី​២.​ទូរស័ព្ទ​ម៉ាក​SAMSUNG ទី​៣.​ប្រាក់​ដុល្លារ​ចំនួន​២២០​ដុល្លារ ទី​៤.​ប្រាក់​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល ទី​៥.​កាបូបដៃ​ពណ៌​សូកូឡា​ចំនួន ១​កាបូប ទី​៦.​ក្រដាស​បញ្ចាំ​ម៉ូតូ​ចំនួន​1​សន្លឹក ទី​៧.​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ១​សន្លឹក និង ទី​៨.​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ស្មា​ស់រី​វ៉ូ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា មូលហេតុ​ឈាន​ដល់​ជន​ដៃដល់ យក​កាំបិត​ទៅ​សម្លាប់​ជន​រង​គ្រោះ​នោះ ដោយ​ជនសង្ស័យ​លេង​ណេ​ត​ចាញ់​អស់​លុយ​ចំនួន​១១០០​ដុល្លារ ទើប​ហ៊ាន​លើកដៃ​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ដើម្បី​យក​លុយ​វិញ ខណៈនោះ​ជនសង្ស័យ​យក​មិន​បាន​ដោយសារ​កេះ​លុយ​ជាប់​សោរ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​យើង​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​មក​ចាក់​សម្លាប់​ជន​រង​គ្រោះ ដែល​ជា​មេការ​គ្រប់គ្រង អ៊ិ​ន​ធឺ​ណែ​ត នៅ​ក្នុង​បន្ទប់ទឹក​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​ប្រគល់​ឱ្យ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល នៅ​វេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕