រាជធានីភ្នំពេញ ៖ ពេញមួយថ្ងៃទី១ កក្កដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការប្រណាំងម៉ូតូជាលក្ខណៈទ្រង់ទ្រាយធំនៅលើទីលានប្រណាំងយានយន្តទើបបង្កើតថ្មីដែលត្រូវគេឱ្យឈ្មោះថា «ទីលាន King Track Circuit» ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ម្ដុំមណ្ឌលឱកាសខ្ញុំ ។ កីឡាករប្រណាំងម៉ូតូអាជីពដែលមានចំនួនរហូតដល់១២០រូប បានបង្ហាញខ្លួនប្រកួតប្រជែងនៅក្នុងថ្ងៃនោះ ដោយកីឡាករខ្លះត្រូវគេកត់សម្គាល់ថា មានសមត្ថភាពអាចបង្ហោះម៉ូតូ និងបញ្ជាចង្កូតម៉ូតូបានល្អមិនចាញ់កីឡាករបរទេសនោះផង ។
លោក គង់ ធារ៉ា ប្រធានគ្រប់គ្រងព្រឹត្តិការណ៍ប្រចាំទីលានKing Track Circuit បានអះអាងថា ដោយយល់ឃើញថា ប្រទេសកម្ពុជាមិនទាន់មានទីលានប្រណាំងម៉ូតូ និងយានយន្តដែលមានស្ដង់ដារនៅឡើយ ទើបក្រុមហ៊ុនរបស់លោកសម្រេចវិនិយោគលើទឹកប្រាក់ប្រមាណជិត៤លានដុល្លារអាមេរិកសរុបទាំងដី និងការរៀបចំ ដោយទីលានដែលបានស្ថាបនារួចរាល់នោះ ត្រូវលោកបញ្ជាក់ថាមានទំហំ និងស្ដង់ដារដូចគ្នានឹងទីលានប្រណាំងម៉ូតូរបស់ប្រទេសម៉ាឡេស៊ីដូច្នេះដែរ ។ លោកថា ប្រៀបធៀបនឹងទីលានប្រណាំងយានយន្តរបស់ប្រទេសថៃ ទីលានរបស់លោកនៅមិនទាន់អាចប្រដូចនោះទេ ប៉ុន្តែសម្រាប់ទីលាននៅក្នុងប្រទេសម៉ាឡេស៊ី និងទីលានរបស់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី គឺអាចប្រដូចគ្នាបានដោយសារតែមុនសាងសង់គឺក្រុមហ៊ុនរបស់លោកយកគំរូតាមទីលានប្រណាំងម៉ូតូ និងយានយន្តរបស់ប្រទេសម៉ាឡេស៊ី ដែលល្អគួរសមនៅក្នុងតំបន់អាស៊ាន។ លោកថា ទីលាន King Track Circuit បានសាងសង់នៅលើផ្ទៃដីប្រមាណ២ហិកតា ដោយក្នុងគម្រោងនឹងពង្រីកឱ្យដល់៦ហិកតាសម្រាប់គម្រោងបន្ទាប់ និងឱ្យដល់ជាង៤០ហិកតាប្រសិនបើមានការគាំទ្រ ឬមានតម្រូវការច្រើនឡើងពីអ្នកប្រណាំងម៉ូតូនៅកម្ពុជា ។
ទីលាននេះលោកថាបង្កើតឡើងក្នុងគោលបំណងសហការជាមួយសហព័ន្ធកីឡាយានយន្តលើផ្ទៃរាបរបស់ប្រទេសកម្ពុជា ដើម្បីផ្ដល់ជាទីតាំងឱ្យអ្នកប្រណាំងម៉ូតូមានកន្លែងហាត់សម និងប្រកួតគ្នាដោយពេញលក្ខណៈ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅពេលអ្នកអាជីពទាំងនោះបានជ្រើសយកផ្លូវសាធារណៈធ្វើជាកន្លែងប្រណាំងគ្នា ឬជ្រើសយកទីតាំងឆ្ងាយៗដូចជានៅកំពតជាដើមដើម្បីអាចប្រណាំងគ្នាបាន ។ មកទល់សព្វថ្ងៃអ្នកជំនាញប្រណាំងម៉ូតូនៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង៣០០នាក់ដោយអ្នកជំនាញទាំងនោះមិនទាន់ត្រូវបានប្រមូលដោយក្លិប ឬចងក្រងជាក្រុមនៅឡើយ ដោយពួកគេម្នាក់ៗសុទ្ធតែនៅរាយប៉ាយ ដោយសារតែគ្មានទីលានអំណោយផលណាមួយឱ្យពួកគេប្រមូលផ្ដុំគ្នា និងបង្ហាញសមត្ថភាពទាំងអស់ ។ អ៊ីចឹងហើយទើបលោកយល់ថា វត្តមានទីលាន King Track Circuit ដែលត្រូវបានបង្កើតឡើងនៅផ្លូវច្រកចូលមណ្ឌលឱកាសខ្ញុំចុះពីផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ គឺជាការចាប់ផ្ដើមមួយដ៏សំខាន់ដើម្បីឱ្យអ្នកមានជំនាញបង្ហោះម៉ូតូបានជួបជុំគ្នា និងបង្អួតសមត្ថភាពគ្នានៅលើទីលានស្ដង់ដារ ។
លោកថា ទីលាន King Track Circuit មិនទាន់ដំណើរការបើកទទួលភ្ញៀវនៅឡើយទេ បើទោះជាបានសាកល្បងឱ្យកីឡាកររហូតដល់១២០រូបបានជុំគ្នាបង្ហោះម៉ូតូយ៉ាងគគ្រឹកគគ្រេងឡើងផ្អើលមហាជននោះក៏ដោយ ។ លោកថា ការរៀបចំនឹងត្រូវធ្វើឡើងមួយប្រាវទៀតសិន ដោយគ្រោងនឹងសាងសង់អាហារដ្ឋាន និងកន្លែងស្នាក់នៅរបស់កីឡាករជាមុនសិន ទើបអាចបើកទ្វារទទួលភ្ញៀវ ហើយនឹងទទួលឱ្យបានពេញលេញរាល់ថ្ងៃនោះផង ធ្វើយ៉ាងណាឱ្យឆ្លើយតបនឹងតម្រូវការរបស់អ្នកជំនាញម៉ូតូ ។ លោកថាទីលាន King Track Circuit នឹងធ្វើឱ្យក្លាយជាទីលានប្រណាំងម៉ូតូដែលអាចឆ្លើយតបនឹងកីឡាប្រណាំងយានយន្តលើវាលរាបសម្រាប់គម្រោងស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ។
លោកថា មុនឆ្នាំ២០២៣ទីលានមួយនេះនឹងក្លាយជាទីលានដែលអាចទទួលប្រណាំងម៉ូតូក៏បាន យានយន្តក៏បាន ហើយប្រណាំងបានជាទ្រង់ទ្រាយធំតែម្ដង ដើម្បីឱ្យកីឡាករមួយនេះអាចប្រកួតប្រជែងនឹងបរទេសបាន ។ ទោះបីយ៉ាងណាលោកថា ទីលាន King Track Circuit នឹងបើកទ្វារទទួលអតិថិជនបានមិនយូរនោះទេ ដោយលោកយល់ថាអាចនឹងប្រើពេលមិនលើសពីច្រើនសប្ដាហ៍នោះផង ដើម្បីឱ្យកីឡាករប្រណាំងម៉ូតូអាចប្រើប្រាស់បាន ។
លោក គង់ ធារ៉ា បានអះអាងថា ទីលាន King Track Circuit នឹងប្រើសម្រាប់ជួលឱ្យអ្នកចង់ប្រណាំងម៉ូតូលេង និងប្រើសម្រាប់ឱ្យអ្នកមិនទាន់ចេះស្ទាត់អាចហ្វឹកហាត់បាន ។
លោកនឹងជួលអ្នកជំនាញផ្នែកប្រណាំងម៉ូតូ និងដាក់ម៉ោងកំណត់ក្នុងការបង្វឹក ដើម្បីឱ្យអ្នកមានឆន្ទះចង់ក្លាយជាអ្នកប្រណាំងម៉ូតូអាចក្លាយជាអ្នកជំនាញពិតប្រាកដ ដោយមិនមែនចេះអត់គ្រូហើយប្រឈមគ្រោះថ្នាក់ដូចពេលកន្លងមក ។
មកទល់ម៉ោងនេះ មានការចាប់អារម្មណ៍ស្នើឱ្យលោកបើកទីលានប្រកួត និងឱ្យបង្វឹកកីឡាករច្រើនឡើង ទើបលោកយល់ថា ការដំអក់ក្នុងការបើកទ្វារនឹងមិនមានរយៈពេលវែងនោះទេ គឺនឹងពន្លឿនការសាងសង់អាហារដ្ឋាន និងកន្លែងស្នាក់នៅរបស់កីឡាករឱ្យបានឆាប់បំផុត ដើម្បីសម្រួលការងារដូចរៀបរាប់ខាងលើ ។ លោកថា លោកនឹងរៀបចំទីលានមួយនេះឱ្យក្លាយជាគ្រឹះរបស់កីឡាយានយន្តលើវាលរាប ធ្វើឱ្យវិស័យមួយនេះមានការរីកចម្រើនដើម្បីអាចបណ្ដុះធនធានកីឡាករតម្រូវតាមស៊ីហ្គេម២០២៣ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោកបង្ហាញការរំពឹងខ្ពស់ថា ទីលានដែលលោកបង្កើតឡើងនឹងក្លាយជាការប្រមូលផ្ដុំរបស់អ្នកជំនាញប្រណាំងម៉ូតូអាជីព ដោយផ្អែកតាមការបើកបង្ហាញកាលពីថ្ងៃទី១ កក្កដា គឺមានកីឡាករមកពីគ្រប់ទិសទីរហូតដល់១២០នាក់មកប្រកួតគ្នាជាលក្ខណៈមិត្តភាព ដែលលោកយល់ថា នេះគ្រាន់តែការសាកល្បងតែមានចំនួនច្រើន ។
លោកថា កីឡាករដែលបានបង្ហាញខ្លួនប្រណាំងម៉ូតូជាលក្ខណៈមិត្តភាពនោះគឺមកប្រកួតដោយបេះដូង និងការស្រឡាញ់ទាំងអស់ ដោយសារតែកម្មវិធីអត់មានរៀបចំជាប្រាក់រង្វាន់ និងពានលើកទឹកចិត្តអ្វីទេ ប៉ុន្តែកីឡាករម្នាក់ៗបានស្ម័គ្រចិត្តប្រកួតគ្នាបញ្ចេញស្នាដៃធ្វើឱ្យអ្នកជំនាញកត់សម្គាល់ឃើញអ្នកប្រណាំងម៉ូតូបានល្អ។ លោកថា ទីលានរបស់លោកនឹងធ្វើការឱ្យស្និទ្ធស្នាលបំផុតជាមួយសហព័ន្ធយានយន្តលើវាលរាបដើម្បីលើកស្ទួយវិស័យកីឡាមួយនេះ ឱ្យមានកម្រិតប្រកួតប្រជែងដូចប្រទេសជិតខាង ៕
ចែករំលែកព័តមាននេះ