ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បុក្កតោ​​ខ្មែរ​ចាប់​ផ្តើម​រីក​សាយ​ដល់​ចិន​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ហ្វេ​ស​ប៊ុ​កផ្លូវការ​របស់​អ្នក​នាង​ពេជ្រ ខេន​ឌី ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ «​គុន​ល្បុក្កតោ​ក្លិប​» ​បាន​បង្ហោះវី​ដេ​អូ​ឃ្លី​ប​ជា​ច្រើន​បង្ហាញ​ថា ទូរទស្សន៍​ល្បី​ៗ​របស់​ប្រទេស​ចិន​កំពុង​ផ្សព្វផ្សាយ​ពី​

រាជធានី​ភ្នំពេញ ៖ យោង​តាម​ហ្វេ​ស​ប៊ុ​កផ្លូវការ​របស់​អ្នក​នាង​ពេជ្រ ខេន​ឌី ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ «​គុន​ល្បុក្កតោ​ក្លិប​» ​បាន​បង្ហោះវី​ដេ​អូ​ឃ្លី​ប​ជា​ច្រើន​បង្ហាញ​ថា ទូរទស្សន៍​ល្បី​ៗ​របស់​ប្រទេស​ចិន​កំពុង​ផ្សព្វផ្សាយ​ពី​ក្បាច់គុនល្បុក្កតោ​ខ្មែរ ជា​ពិសេស​គឺ​សកម្មភាព​ប្រកួត និង​សម្ដែង​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​នាង​ដែល​ស្ថិត​ក្នុង​ទឹកដី​ខេត្តសៀមរាប​នេះ​តែ​ម្ដង ។ វី​ដេ​អូ​ឃ្លី​បទាំងនោះ​ត្រូវ​បាន​អ្នក​នាង​បញ្ជាក់​ថា គឺ​ភាគី​ទូរទស្សន៍​ចិន​បាន​សុំ​សិទ្ធិ​ចុះ​មក​ផលិត​ជា​ឯកសារ​នោះ​ផង ទើប​ធ្វើ​ឱ្យ​កីឡាករ​ល្បុក្កតោ​ខ្មែរ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​។

អ្នក​នាង​ខេន​ឌី និយាយ​ថា ដោយសារ​តែ​ស្វាមី​នាង​ជា​ជនជាតិ​ចិន ហើយ​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​ផលិតករ​ចិន ទើប​ធ្វើ​ឱ្យ​ប៉ុស្តិ៍​ទូរទស្សន៍​ល្បី​របស់​ចិន​ចាប់អារម្មណ៍​ចុះ​មក​ផលិត​វី​ដេ​អូ​ឃ្លី​ប​ជា​ហូរហែ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សម្ដែង និង​ការ​ប្រកួត​ល្បុក្កតោ​នៅ​ក្នុង​ហាង​របស់​នាង​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ចិន​។

CCUV ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ប៉ុស្ដិ៍​ទូរទស្សន៍​ដ៏​ល្បី​របស់​ចិន​បាន​ចាក់​ឃ្លី​ប​ដែល​ពួក​គេ​ផលិត​ជា​ខ្លឹមសារ​រឿង​ផង ជា​វី​ដេ​អូ​ប្រូ​ម៉ូត​ផង ដើម្បី​ឱ្យ​ប្រជាជន​ចិន​បាន​ស្គាល់​ពី​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​កាន់តែ​ច្រើន​ឡើង ។ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ក៏​មានដាក់​ភ្ជាប់​នឹង​ពុទ្ធសាសនា​ខ្មែរ និង​ពាក្យ​ថា ប្រទេសកម្ពុជា ប្រជាជន​កម្ពុជា​ផង​ដែរ ទើប​ធ្វើ​ឱ្យ​នាងមាន​មោទនភាព​ដែល​កីឡា​មួយ​ប្រភេទ​របស់​ខ្មែរ​ត្រូវ​បាន​ប្រទេស​ចិន​ចាប់អារម្មណ៍​មក​ផលិត​ជា​វី​ដេ​អូ​ហើយ​យក​ទៅ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេសរបស់​គេ​ដែល​មាន​ប្រជាជន​ជាង​១​ពាន់​លាននាក់ ។ អ្នក​នាង​ថា ទូរទស្សន៍​ចិន​មិន​ងាយ​ចាប់អារម្មណ៍​ចុះ​មក​ផលិត​ពី​អ្វី​ដែល​ជា​វប្បធម៌​របស់​ជាតិ​សាសន៍​ដទៃ ហើយ​យក​ទៅ​ផ្សាយ​ដដែល​ៗ​ជា​សាធារណៈ​បែប​នេះ​មិន​ខុស​ពី​ជួយ​លើកតម្កើង​ល្បុក្កតោ​ខ្មែរ​បង្ហាញ​ដល់​អន្តរជាតិ​នោះ​ទេ ។

អ្នក​នាង​ថា ក្រោយ​ការ​ដាក់​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចិន​មួយ​នេះ ធ្វើ​ឱ្យ​ហាង​របស់​នាង​កាន់តែ​សំបូរ​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​ឡើង​រៀងរាល់ថ្ងៃ​សម្ដែង និង​ថ្ងៃ​ប្រកួត ជា​ពិសេស​គឺ​ភ្ញៀវ​ជនជាតិ​ចិន​ដោយសារ​តែ​ទូរទស្សន៍មួយ​នេះ ក្រៅពី​អាច​ទស្សនា​បាន​នៅ​ក្នុង​ប្រទេស​ចិន ក៏​អាច​ទស្សនា​បាន​ប្រព័ន្ធ​ខ្សែកាប​នៅ​ច្រើន​ប្រទេស​ផង​ដែរ ។ អ្នក​នាង​ប្រកាស​ថា មិន​បាន​ចំណាយ​លុយ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ហាង​និង​ពី​សកម្មភាព​ល្បុក្កតោ​ក្នុង​ហាង​របស់​ខ្លួន​ឱ្យ​ប៉ុស្ដិ៍​ទូរទស្សន៍​ចិន CCUV នោះ​ទេ ដោយសារ​តែ​នាង​យល់​ថា ហាង​ដែល​នាង​ដំណើរការ​គឺ​ត្រូវ​ទាក់ទាញ​តែ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ។ នាង​បញ្ជាក់​ថា បើ​ខ្លួន​ចង់​ផ្សាយ​គឺ​ពិតជា​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​ដោយ​មិន​ចំណាយ​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ក្រៅ​ស្រុក​នោះ​ទេ ។ ក្រោយ​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប៉ុស្ដិ៍​ទូរទស្សន៍​ចិន ខាងលើ​គឺ​មាន​ផលិតករ​របស់​ទូរទស្សន៍​ផ្សេង​ទៀត​ក៏​ចាប់អារម្មណ៍​សុំ​មក​ផលិត​ជា​វី​ដេ​អូ​ឃ្លី​ប​ផង​ដែរ ប៉ុន្តែ​មក​ពី​មិន​ទាន់​ច្បាស់លាស់​ទើប​មិន​ទាន់​កំណត់ពេល ។ អ្នក​នាង​បាន​ចាត់​ទុក​ថា នេះ​ជា​ជោគជ័យ​មួយ​ដែល​ហាង​របស់​នាង​សម្រេច​បាន ក្នុង​ពេល​កន្លង​មក គឺ​ល្បុក្កតោ​ត្រូវ​គេ​ឃើញ​បង្ហាញខ្លួន​តែ​ក្នុង​ព្រឹត្តិការណ៍​ចូល​ឆ្នាំ ឬ​បុណ្យ​ទាន​ធំ​ៗ តែ​ក្រោយ​ពី​មាន​វត្តមាន​ហាង​របស់​នាង​ក៏​អាច​ទស្សនា​បាន​គ្រប់ពេល​រៀង​រាល់​ស​ប្ដា​ហ៍​ដោយ​មិនបាច់​រង់ចាំ​ដូច​មុន ។ ទន្ទឹម​នឹង​ភាព​ជោគជ័យ អ្នក​នាង​ក៏​ទទួលស្គាល់​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជាមួយនឹង​លោកតា សាន គឹ​ម​ស៊ា​ន ជា​បន្ត​ទៀត​ដែរ ។ អ្នក​នាង​ថា ខាង​សហព័ន្ធ​តម្រូវ​ឱ្យ​អ្នក​នាង និង​លោកតា​ចាប់ដៃ​គ្នា​ធ្វើការ​ជា​ធម្មតា​មិន​ឱ្យ​បែកបាក់​សាមគ្គី​គ្នា​នោះ​ទេ ។ អ្នក​នាង​ថា មក​ទល់​ពេល​នេះ​បញ្ហា​ប្រេះឆា​រវាង​អ្នក​នាង និង​គ្រូ​ក្បាច់គុន​ល្បុក្កតោ​សាន គឹ​ម ស៊ា​ន មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ​ហើយ ដោយនៅ​រង់ចាំ​តែបើ​ក​កិច្ចប្រជុំ​នៅ​ចុងខែ​មិថុនា​នេះ​ម្ដងទៀត​ប៉ុណ្ណោះ ដើម្បី​បែងចែក​តួនាទី​គ្នា​ក្នុង​ការ​គ្រប់គ្រង​យ៉ាងម៉េច​ឱ្យ​ការ​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​នៅ​ក្នុង​ហាង​របស់​នាង​កាន់តែ​មានការ​រីក​ចម្រើន ។

អ្នក​នាង ពេជ្រ ខេន​ឌី បាន​អះអាង​ថា ឱ្យ​តែ​ដល់​ថ្ងៃ​សម្ដែង​ល្បុក្កតោ និង​ការ​ប្រកួត​មក​ដល់ មាន​ភ្ញៀវ​ទាំង​ជាតិ និង​អន្តរជាតិ​នៅ​ខេត្តសៀមរាប​សម្រុកចូល​ហាង​សឹងតែ​គ្មាន​កន្លែង​អង្គុយ ដោយ​នាង​បាន​ចាត់​ទុក​ថា សមិទ្ធផល​នេះ​មួយ​ចំណែក​បាន​ពី​ការ​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក និង​ទូរទស្សន៍​របស់​ចិន​នោះ​ផង ។ អ្នក​នាង​ប្រកាស​បង្កើន​ចំនួន​កីឡាករ​ប្រកួត និង​បន្ថែម​ថ្ងៃ​សម្ដែង​ប្រសិនបើ​មាន​តម្រូវការ ដើម្បី​ឱ្យ​កីឡាករ​ដែល​បាន​ហ្វឹកហាត់​នៅ​ក្នុង​អាជីព​មួយ​នេះ​កាន់តែ​មាន​ទីផ្សារ និង​មាន​ប្រាក់​ចំណូល​ទៀងទាត់​បន្ថែម​ទៀត​ក្រោយ​មាន​កំណើន​ភ្ញៀវ ។ ក្នុង​នោះ​ប្រាក់​កម្រៃ​ក៏​នឹង​ដំឡើង​ឱ្យ​ទាំង​អ្នក​សម្ដែង ទាំង​កីឡាករ​ប្រកួត និង​ទាំង​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ផង​ដែរ​ដើម្បី​មន្ត្រី​ពាក់ព័ន្ធ និង​កីឡាករ​ប្រកួត​ដោយ​ផ្ទាល់​កាន់តែ​មាន​កម្លាំងចិត្ត ។ អ្នក​នាង​ថា មក​ទល់​ថ្ងៃនេះ​ចំនួន​កីឡាករ​មិន​គ្រប់​សម្រាប់​បើក​ប្រកួត​ឱ្យ​បាន​ច្រើន​ថ្ងៃ​នោះ​ទេ បើ​ទោះជា​នាង​បាន​ចំណាយ​លុយ​ប៉ាវ​សោហ៊ុយ​ឱ្យ​កីឡាករ​នៅ​ទូ​ទាំង​ប្រទេស​ពិសេស​គឺ​នៅ​ខេត្តកំពង់ឆ្នាំង​ឱ្យ​ឡើង​មក​ប្រកួត​ច្រើន​ឡើង​ក៏​ដោយ ។ អ្នក​នាង​ទទូច​ឱ្យ​កីឡាករ​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ល្បុក្កតោ​ទាក់ទង​ហ្វឹកហាត់​ក្នុង​ហាង​របស់​អ្នក​នាង ដោយសារ​តែ​នៅ​ក្នុង​ហាង​អ្នក​នាង​ក៏​មាន​ទីតាំង និង​បើក​បង្រៀន​សិស្ស​ដោយ​មិន​គិត​កម្រៃ​សម្រាប់​សិស្ស​ក្រីក្រ និង​តម្រូវ​ឱ្យ​បង់​តិចតួច​សម្រាប់​សិស្ស​ទូទៅ ក្នុង​ន័យ​លើក​ស្ទួយ​ដល់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ផង​ដែរ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា វត្តមាន​ល្បុក្កតោ​ក្នុង​ភោជនីយដ្ឋាន​«​គុន​ល្បុក្កតោ​ក្លិប​» កំពុង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ក្នុង​ក្រសែ​ភ្នែក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ស្ថិត​នៅ​តំបន់​សៀមរាប ។ អ៊ីចឹង​ហើយ​ទើប​លោក​ក្នុង​នាម​សហព័ន្ធ​មាន​តែ​លើកទឹកចិត្ត និង​ជួយ​បន្ថែម​លើ​ផ្នែក​បច្ចេកទេស ដើម្បី​ឱ្យ​ដំណើរ​មួយ​នេះ​កាន់តែ​ប្រសើរ​ឡើង ៕