រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ មិថុនា នេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ពោលគឺលោកហុង សុខហួរ ត្រូវជាប់ទោស៧ឆ្នាំដដែល រឿងក្លែងនិងប្រើប្រាស់សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ខណៈប្រពន្ធលោក គឺអ្នកស្រីគុណ លំអង ត្រូវបានចូលកាន់តំណែង ជាសមាជិកព្រឹទ្ធសភាជំនួសស្វាមី ដែលបានលាលែងពីតំណែងនៅព្រឹកនេះដដែល ។
លោកទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ថ្លែងថា លោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៩ មិថុនា នេះ បើកសវនាការរឿងក្ដីលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ។
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍បានថ្លែងបន្តថា កម្មវត្ថុនៃសវនាការនេះ គឺជនជាប់ចោទប្តឹងប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយសវនាការដឹកនាំដោយលោកសេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៦ ផ្តន្ទាទោសលោក ហុង សុខហួរ ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ។
លោកហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ ។
ចែករំលែកព័តមាននេះ