ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​តារាង​បាល់ទាត់​ជះ​ឥទ្ធិពល​ទាំង​ល្អ​និង​អាក្រក់​ទន្ទឹម​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា អាជីវកម្ម​ធ្វើ​តារាង​បាល់ទាត់​សម្រាប់​ជួល​បាន​ក្លាយជា​មុខរបរ​ដែល​អាច​រក​ចំណូល​បាន​យ៉ាង​កាក់កប ជា​ពិសេស​នៅ​ត្រង់​ទីប្រជុំជន​ដែល​មាន​ភ្លើងអគ្គិសនី​គេ​អាច​បើ

រាជធានី​ភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា អាជីវកម្ម​ធ្វើ​តារាង​បាល់ទាត់​សម្រាប់​ជួល​បាន​ក្លាយជា​មុខរបរ​ដែល​អាច​រក​ចំណូល​បាន​យ៉ាង​កាក់កប ជា​ពិសេស​នៅ​ត្រង់​ទី​ប្រជុំ​ជន​​ដែល​មាន​ភ្លើងអគ្គិសនី​គេ​អាច​បើក​ឱ្យ​លេង​ដល់​ម៉ោង​១០​យប់​ដោយ​មិន​ភ័យពី​រឿង​សុវត្ថិភាព ។ ជាក់ស្ដែង​ដី​ទំនេរ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​អ្នក​បោះទុន​បើកមុខ​របរ​នេះ​ច្រើន​ឡើង ដោយ​មួយចំនួន​យល់​ថា​ជា​ការ​បើក​រកស៊ី​តាម​គ្នា និង​ខ្លះ​ថា​មក​ពីមុខ​របរ​នេះ​អាច​រក​ចំណូល​បាន​ស្រួល​។

ខុស​ពី​ពេល​មុន​ដែល​ក្រុម​យុវវ័យ​រួម​មាន​ទាំង​មនុស្ស​វ័យ​កណ្ដាល​ផង បាន​នាំ​គ្នា​ទៅ​លេង​បាល់ទាត់ ឬ​បាល់ទះ​នៅ​លើ​ដី​ទំនេរ​ឬ​ដី​សា​ធា រណៈ តែ​ពេល​នេះ​ពួក​គេ​បាន​ប្រមូលផ្ដុំ​គ្នា​រៃ​លុយ​ជួល​តារាង​​សិប្បនិម្មិត​ដែល​មាន​ផាសុកភាព​ដើម្បី​លេង​វិញ ។ ចាប់ពី​ម៉ោង​៣​រសៀល​តទៅ​គេ​ឃើញ​អ្នក​និយម​លេង​បាល់​ច្រើន​ឡើង​ជួបជុំ​គ្នា​នៅ​តាម​តារាង​បាល់ ដោយ​អ្នកខ្លះ​ស្លៀកពាក់​ជា​ឯក​សណ្ឋាន​​ក្រុមបាល់ទាត់​ណាមួយ​ចូល​លេង​ក្នុង​តារាង​ទាំងនោះ​ផង ។ កំណើន​តារាង​បាល់​ក្រៅពី​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ក៏​មាន​បញ្ហា​អវិជ្ជមាន​ខ្លះ​ៗ​កើតឡើង​ផង​ដែរ​សម្រាប់​ក្មេង​ៗ​ដែល​ញៀន​​ញ៉ាម​​នឹង​ការ​លេង​បាល់​នៅ​ក្នុង​តារាង​ដែល​បាន​បង្កើត​ឡើង ។ អ្នក​ទាំងនោះ​ច្រើន​បែងចែក​ជា​ក្រុម​ម្ខាង​ម្នាក់ ដោយ​មាន​ដាក់​ការ​សន្យា​គ្នា​ថា បើ​ក្រុម​ណា​ចាញ់​ក្រុម​នោះ​ជា​អ្នក​ចេញថ្លៃ​តារាង ឬ​លេង​ភ្នាល់​ដាក់​លុយ​ចាញ់​ឈ្នះ​តែ​ម្ដង​អាស្រ័យ​ទៅ​លើ​ការ​ព្រមព្រៀង គ្នា​មុន​ពេល​ប្រកួត ។

ទោះបី​យ៉ាងណា ការ​លេង​ដាក់​លុយ​នេះ​មិន​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​គ្រាន់តែ​ដើម្បី​បង្កើន​ការ​ប្រឹងប្រែង និង​ដើម្បី​ឱ្យ​អ្នក​ឈ្នះ​មាន​ទឹកចិត្ត​លេង​ដោយសារ​តែ​មិន​អស់​ថ្លៃ​តារាង និង​អាច​ទទួល​បាន​ប្រាក់​ខ្លះ​ត្រឡប់​ទៅ​វិញ​ប៉ុណ្ណោះ ។ យុវវ័យ​ទាំងនោះ​បាន​អះអាង​ថា ដោយសារ​តែ​កំណើន​តារាង​បាល់ ហើយ​តារាង​ទាំងនោះ​ក៏​ស្ថិត​នៅ​ទីតាំង​អំណោយផល​ផង ទើប​ធ្វើ​ឱ្យ​ពួក​គេ​ចង់​ប្រកួត​បាល់​ទាត់​ក្នុង​បំណង​ហាត់ប្រាណ​ដើម្បី​សុខភាព​ផង និង​ដើម្បី​បាន​ជួបជុំ​គ្នា​សប្បាយ​ៗ​ផង ។ យុវវ័យ​ភាគច្រើន​សុទ្ធតែ​យល់​ឃើញ​ថា កីឡា​នាំ​មក​នូវ​សុខភាព ទើប​ពួក​គេ​បបួល​គ្នា​លេង​បាល់​ពេល​ទំនេរ​ពី​ការងារ​ឬ​ការ​សិក្សា ធ្វើ​ឱ្យ​តារាង​បាល់​លេចឡើង​ព្រោងព្រាត​ស្ទើរតែ​គ្រប់កន្លែង ។ ផ្អែក​តាម​ការ​បញ្ជាក់ តម្លៃ​តារាង​ត្រូវ​គេ​គិត​ជា​ម៉ោង ដោយ​មួយ​ម៉ោង​ពី​១០​ដុល្លារ​ទៅ​១៨​ដុល្លារ​សម្រាប់​តារាង​តូច និង​ពី​២០​ដុល្លារ​ទៅ​៥០​ដុល្លារ​សម្រាប់​តារាង​ធំ​ដែល​អាច​លេង​បាន​គ្នា​១១​នាក់​ម្ខាង​ៗ ។ តារាង​តម្លៃ​នេះ​មានការ​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​ទីតាំង និង​អំឡុង​ពេល​មាន​មនុស្ស​ទៅ​លេង​ច្រើន ប៉ុន្តែ​​តារាង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​គេ​ឃើញ​មាន​អ្នក​ទៅ​លេង​ច្រើន​បើ​ទោះជា​ស្ថិត​នៅ​ទីតាំង​កន្លុកកន្លៀត​បន្តិច​ក្ដី ។

លោក​សីហា ម្ចាស់​តារាង​បាល់​នៅ​ខណ្ឌ​សែន​សុខ ជិត​សាកលវិទ្យាល័យ​អន្តរជាតិ​(IU) បាន​អះអាង​ថា ក្រោយ​បើក​ដំណើរការ​តារាង​បាល់​ប្រមាណ​ជាង​១​ឆ្នាំ​លោក​កត់​សម្គាល់ថា ចំនួន​អ្នក​មក​លេង​បាល់​មាន​កំណើន​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​នៅ​ពេល​មិន​មានការ​រំខាន​ដោយ​ភ្លៀង ។ លោក​ថា ដើម្បី​អាច​បើក​អាជីវកម្ម​នេះ​បាន​លុះត្រាតែ​មាន​ដើមទុន​ច្រើន​គួរសម ហើយ​ត្រូវ​មាន​ទីតាំង​ច្បាស់លាស់​ទៀត ដោយសារ​តែ​មុខរបរ​នេះ​បើ​កុងត្រា​រក​ដី​ជួល​មិន​បាន​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​ទេ គឺ​រក​ចំណេញ​មិនឃើញ​ទេ​។ គ្រាន់តែ​ដំឡើង​តារាង និង​រៀបចំ​ស្មៅ​សិប្ប​និ​មិ្ម​ត​ត្រូវ​ចំណាយ​​មិន​ក្រោម​​២​ម៉ឺន​ដុល្លារ​ទេ ក្នុង​ពេល​ដែល​ការ​កែកុន​តារាង​ឱ្យ​មាន​កន្លែង​ចត​រថយន្ត ឱ្យ​មាន​សំណាញ់​ការពារ​បាល់ និង​ដំឡើង​ភ្លើង​ឱ្យ​ភ្លឺ​នៅ​ពេល​យប់ គឺ​សុទ្ធតែ​ចំណាយ​ខ្ពស់​ដែល​ម្ចាស់​តារាង​បាល់​នីមួយ​ៗ​ទទួលខុសត្រូវ ។ លោកថា មុខរបរ​មួយ​នេះ​សម្រាប់​អ្នក​ខ្វះ​ដើមទុន​គឺ​ត្រូវ​ចូល​គ្នា​និង​រក​ដៃគូ​ដែល​មាន​ចំណូលចិត្ត​លើ​មុខរបរ​បើក​តារាង​បាល់​ដូច​គ្នា​ទើប​អាច​ទៅ​រួច​។

ជា​ធម្មតា​ដើមទុន​ក្នុង​រង្វង់​ត្រឹម​ជាង​១​ម៉ឺន​ដុល្លារ​អាច​បង្កើត​តារាង​បាល់​បាន​មួយ​ហើយ​ប៉ុន្តែ​បើ​ចង់ឱ្យ​ទីតាំង​ដែល​ខ្លួន​បើក​នោះ​ទទួល​បាន​ចំណូល​ខ្ពស់ គឺ​លុះត្រាតែ​មាន​តារាង​តួច​ៗ​ចាប់ពី​៣​ឡើង​ទៅ​ដែល​ប្រើ​ដើមទុន​ក្នុង​រង្វង់​ជាង​៣​ម៉ឺន​ដុល្លារ​។

ជា​បទ​ពិសោធន៍​លោក​អាច​ជួល​តារាង​ឱ្យ​គេ​លេង​គិត​ជា​ម៉ោង ដោយ​ថ្ងៃ​ធម្មតា​ជួល​បាន​មួយ​ម៉ោង​ពី​១០​ទៅ​១២​ដុល្លារ និង​ថ្ងៃ​សៅរ៍​-​អាទិត្យ​បាន​មួយ​ម៉ោង​១៥​ដុល្លារ ឬ​១៨​ដុល្លារ ។

ដោយឡែក​សម្រាប់​តារាង​ធំ​មិនសូវ​មាន​គេ​ជួល​លេង​ទេ ដោយសារ​តែ​វា​មាន​តម្លៃ​ថ្លៃ និង​តម្រូវ​ឱ្យ​បិទ​តារាង​តូច​ៗ​ដល់​ទៅ​៣​បញ្ចូល​គ្នា តែបើ​ជួល​បាន​ក៏​បាន​តម្លៃ​ចាប់ពី​១​ម៉ោង​៣០​ដុល្លារ​ឡើង​ទៅ​ដែរ ។ លោក​ថា អ្នក​ចង់​ជួល​តារាង​ធំ​លុះត្រាតែ​ទាក់ទង​លោក​មុន តែ​ភាព​ជាក់ស្ដែង​លោក​ជួល​ដាច់​តែ​តារាង​តូច​ប៉ុណ្ណោះ ឯ​តារាង​ធំ​លុះត្រាតែ​ចំ​ថ្ងៃ​ធ្វើការ​មិនសូវ​មាន​អ្នក​ចង់​ជួល​លេង​ទើប​អាច​ជួល​បាន​។

មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ថា វត្តមាន​តារាង​បាល់ទាត់​នៅ​គ្រប់​ទិស​ទី គឺជា​ច​លករ​ដែល​ជួយ​ឱ្យ​យុវវ័យ​ចាប់​អារម្មណ៍​ចង់​ក្លាយ​ខ្លួន​ជា​អ្នកកីឡា​ច្រើន​ឡើង ជា​ពិសេស​គឺ​ក្រុម​ក្មេង​ៗ​ដែល​សុទ្ធតែ​ជា​ធនធាន​ផ្នែក​បាល់ទាត់ ។ ដោយសារ​សន្ទុះ​ទាំងនោះ ហើយ​ដែល​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ជាង​កីឡា​ដទៃ​ថែម​ទាំង​អាច​បង្កើត​ការ​ប្រកួត​លី​គ​តូច​ធំ​បានជា​បន្តបន្ទាប់​ទៀត​ផង ។ គេ​នៅ​តែ​យល់​ឃើញ​ថា វត្តមាន​តារាង​បាល់​ដែល​បាន​ផុស​ឡើង​ព្រោងព្រាត​នា​ពេល​ចុង​ក្រោយ​នេះ បាន​ជួយ​ជំរុញ​ទឹកចិត្ត​យុវវ័យ​ដែល​កាលពីមុន​មិនដឹង​ថា​ទំនេរ​ធ្វើ​អី្វ ឱ្យ​ងាក​មក​លេង​កីឡា និង​ចេះ​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​កីឡាករ​ល្អ​ៗ​ក្នុង​ពិភព​បាល់​ទាត់ ។ ក្នុង​នោះ​វត្តមាន​តារាង​បាល់ទាត់​ក៏​ជួយ​ឱ្យ​ក្មេង​យក​ធ្វើ​ជា​កន្លែង​ជួបជុំ​គ្នា​លេង​កីឡា​ដើម្បី​សុខភាព​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​ក៏​មានការ​រិះគន់​ថា ក្មេង​ៗ​មួយ​ចំនួន​បាន​យក​ទីលាន​បាល់ទាត់​ធ្វើ​ជា​កន្លែង​លេង​ភ្នាល់​ភ្លេច​ការ​សិក្សា និង​អស់​លុយ​នៅ​ពេល​ចាញ់ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ក្មេង​ៗ​ទាំងនោះ​ដែរ ។

ជាក់ស្ដែង​មានការ​បង្ហោះ​ច្រើន​មក​ហើយពី​ការ​រអ៊ូរទាំ​របស់​អាណាព្យាបាល​ជុំវិញ​ក្មេង​ៗ​មួយ​ចំនួន​ដែល​ញៀន​នឹង​កីឡាបាល់ទាត់់​រហូត​គេច​សាលា ហើយ​សំកុក​ចាំតែ​លេង​នៅ​ក្នុង​តារាង​ដោយ​យក​ការ​ភ្នាល់​គ្នា​ធ្វើ​ជា​ត្រីមុខ​ផង ។ មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​ធ្លាប់​បាន​បញ្ជាក់​ថា ចំពោះ​ករណី​នេះ​មានការ​តែ​ការ​ចូលរួម​ពី​សំណាក់​អាណាព្យាបាល និង​ម្ចាស់​តារាង​នីមួយ​ៗ​ប៉ុណ្ណោះ ទើប​បញ្ហា​អវិជ្ជមាន​ដែល​បាន​លើក​ឡើង​នេះ​មិន​រីក​រាលដាល ៕