បច្ចេកវិទ្យា 4G គឺជាជំនាន់ទី៤ នៃបច្ចេកវិទ្យាបណ្តាញទូរស័ព្ទចល័ត ។ បច្ចេកវិទ្យា 4G ត្រូវបានបង្កើតឡើងដើម្បីជំនួសបច្ចេកវិទ្យា 3G ហើយវាផ្តល់នូវការតភ្ជាប់ដែលអាចទុកចិត្តបាន និងមានល្បឿនលឿនជាងមុន ។
បច្ចេកវិទ្យា 4G LTE មានន័យថា «ការវិវត្តរយៈពេលវែងជំនាន់ទី៤» ជាមួយបច្ចេកវិទ្យា LTE ជាប្រភេទបច្ចេកវិទ្យា 4G ដែលផ្តល់នូវការតភ្ជាប់លឿនបំផុតសម្រាប់បទពិសោធន៍អុីនធើរណេតតាមទូរស័ព្ទដៃ ដោយវាមានល្បឿនលឿនជាងបច្ចេកវិទ្យា 3G ១០ដង ។ មនុស្សជាច្រើនប្រើពាក្យ 4G និង 4G LTE ក្នុងន័យតែមួយ ប៉ុន្តែវាមិនដូចគ្នាទេ ។
១-លក្ខណៈពិសេសរបស់បច្ចេកវិទ្យា 4G ៖
បច្ចេកវិទ្យា 4G គឺជាជំហានបន្ទាប់ និងជំនួសឱ្យបច្ចេកវិទ្យា 3G ដែលផ្តល់ជូននូវល្បឿនអុីនធើរណេតលឿនសម្រាប់អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយ (ដូចជា វីដេអូ ឬ MP3s) ការឆែកអុីនធើរណេត និងទាញយកទិន្នន័យ ។
ល្បឿននៃបច្ចេកវិទ្យា 4G ផ្តល់នូវការរង់ចាំតិចជាងមុនសម្រាប់អ្នកប្រើប្រាស់ ជារឿយៗគ្មានការរង់ចាំ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អក្នុងការទាញប្រយោជន៍ពីលក្ខណៈពិសេសជាច្រើននៃស្មាតហ្វូន និងថេបប្លេតនាពេលបច្ចុប្បន្ន ។
២-លក្ខណៈពិសេសនៃបច្ចេកវិទ្យា 4G LTE ៖
បច្ចេកវិទ្យា 4G LTE គឺជាប្រភេទបច្ចេកវិទ្យា 4G ហើយវាផ្តល់នូវដំណើរការ និងល្បឿនដ៏ល្អបំផុតដែលអ្នកអាចប្រើបានសព្វថ្ងៃនេះ ។ ប្រសិនបើអ្នកប្រើទិន្នន័យច្រើនរៀងរាល់ខែ ឬប្រើប្រាស់ស្មាតហ្វូន ឬថេបប្លេតដើម្បីឆែកអីុនធើរណេត បច្ចេកវិទ្យា 4G LTE ជាជម្រើសដ៏ល្អបំផុត ។ បច្ចេកវិទ្យា 4G LTE មានល្បឿនលឿនជាងបច្ចេកវិទ្យា 3G ចាស់១០ដង ។ ដូច្នេះ ភាពខុសគ្នានៃល្បឿន គឺជាចំណុចគួរឱ្យកត់សម្គាល់នៅពេលអ្នកប្តូរពីបច្ចេកវិទ្យា 3G ទៅ 4G LTE ។
៣-គួរជ្រើសរើសបច្ចេកវិទ្យា 4G ឬ 4G LTE ៖
ការជ្រើសរើសបច្ចេកវិទ្យា 4G ឬ 4G LTE ពឹងផ្អែកទៅលើល្បឿនអីុនធើរណេតដែលត្រូវការ ឬពេញចិត្ត ។ ប្រសិនបើអ្នកត្រូវការ អីុនធើរណេតល្បឿនលឿនបំផុត អ្នកនឹងត្រូវទិញស្មាតហ្វូនគាំទ្របច្ចេកវិទ្យា 4G LTE ។ លើសពីនេះ អ្នកត្រូវពិនិត្យមើលផែនទីដែលគ្របដណ្ដប់ដោយក្រុមហ៊ុនអុីនធើរណេតផ្សេងៗដើម្បីដឹងថា តើក្រុមហ៊ុនណាផ្តល់បច្ចេកវិទ្យា 4G LTE ក្នុងតំបន់ភាគច្រើន ឬយ៉ាងហោចណាស់ នៅតំបន់ដែលអ្នកចំណាយពេលច្រើនបំផុតដូចជា ផ្ទះ និងកន្លែងធ្វើការ ៕
ចែករំលែកព័តមាននេះ