បច្ចុប្បន្ន ទីផ្សារស្មាតហ្វូនបាននិងកំពុងប្រកួតប្រជែងយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុននីមួយៗបានខិតខំអស់ពីសមត្ថភាព ដើម្បីដណ្តើមចំណាប់អារម្មណ៍ និងទាក់ទាញអ្នកប្រើប្រាស់។ ថ្ងៃនេះ សារព័ត៌មានកោះសន្ដិភាព ទំព័ររថយន្ដ និងបច្ចេកវិទ្យា សូមនាំចំណាប់អារម្មណ៍លោកអ្នកមកក្រឡេកមើលពីអតីតកាលនៃស្មាតហ្វូន ដែលកាលពីដំបូងមានរូបរាងយ៉ាងណា ហើយវាប្រែប្រួលដូចម្តេចខ្លះ ?
-ឆ្នាំ១៩៩៦ ៖ ក្រុមហ៊ុនNokiaបានផលិតស្មាតហ្វូនដំបូងគេ ដែលរូបរាងខាងក្រៅនាពេលនោះជាទូរស័ព្ទធម្មតាប៉ុណ្ណោះ ប៉ុន្ដែបើយើងបើកមក គឺមានប៊ូតុងចុចដូចកុំព្យូទ័រអុីចឹងដែរ ជាមួយនឹងអេក្រង់ដែលមានទំហំជិតប៉ុនទូរស័ព្ទ ។
-ឆ្នាំ២០០០ ៖ ក្រុមហ៊ុនEricssonបានចេញស្មាតហ្វូនរបស់ខ្លួនដែលជាម៉ូដែលR380 ។ វាមានរាងតូចស្តើង និងស្រាលប្រហែលទៅនឹងទូរស័ព្ទធម្មតាដែរ ជាពិសេសវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Symbian ។
-ឆ្នាំ២០០២ ៖ ទូរស័ព្ទPalm Treo ជាស្មាតហ្វូនដំបូងគេដែលផលិតដោយក្រុមហ៊ុន Handspring ក្រោយមកបានលក់ទៅឲ្យក្រុមហ៊ុន Palm ។ Treos មានសមត្ថភាពអាចបង្ហាញប្រតិទិន នៅពេលអ្នកកំពុងនិយាយទូរស័ព្ទ អាចចុចរកឈ្មោះបានភ្លាមៗ និងអាចផ្ញើអុីម៉ែលបាន ។
-ឆ្នាំ២០០៣ ៖ Black Berry Quark គឺជាគ្រួសារស្មាតហ្វូនរបស់Blackberryដែលអាចឲ្យអ្នកប្រើប្រាស់មិនចាំបាច់ប្រើកាសស្តាប់ត្រចៀកនៅពេលអ្នកហៅទូរស័ព្ទ ព្រោះថាស្មាតហ្វូន ស៊េរីមុនៗ សុទ្ធតែតម្រូវឲ្យអ្នកប្រើកាសដើម្បីនិយាយទូរស័ព្ទ ។
-ឆ្នាំ២០០៧ ៖ នេះគឺជាការបំបែកប្រវត្តិសាស្ត្រស្មាតហ្វូន ។ Appleបាននាំមកនូវទូរស័ព្ទស្មាតហ្វូនដែលមានរាងដ៏គួរឲ្យទាក់ទាញនិងស្រួលប្រើបំផុត ដោយមិនចាំបាច់មានប៊ូតុង Keyboard ឬប៊ិកចុចលើអេក្រង់ឡើយ ។
-ឆ្នាំ២០០៨ ៖ នេះគឺជាទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការAndroidដំបូងគេបង្អស់ ។វាគឺជាHTC Dream ឬក៏អាចហៅបានថា Google G1 ។ ពេលនោះ Androidគឺរបស់ Linux នៅឡើយទេ តែបន្ទាប់មក ទើបក្រុមហ៊ុន Google ទិញយក ។
-ឆ្នាំ២០១០ ៖ នេះគឺជាទូរស័ព្ទដំបូងគេ ដែលគេចាត់ទុកថា ជាគូប្រកួតប្រជែងរបស់ iPhone ។ វាគឺជាSamsung Galaxy S ស៊េរីS ដំបូងគេរបស់ក្រុមហ៊ុនSamsung ។
-ឆ្នាំ២០១១ ៖ នេះគឺជាMotorola Razr ជាស្មាតហ្វូនមានរាងស្តើងជាគេបំផុតនៅពេលនោះ ដែលមានកម្រាស់ត្រឹមតែ៧,១មីល្លីម៉ែត្រប៉ុណ្ណោះ ។
-ឆ្នាំ២០១៣ ៖ iPhone 5s គឺជាទូរស័ព្ទពេញនិយមជាងគេបំផុតរបស់Apple នៅក្នុងឆ្នាំ២០១៣ ហើយវាក៏ជាទូរស័ព្ទiPhoneដែលលក់ដាច់ជាងគេបំផុតផងដែរ ។
-ឆ្នាំ២០១៤ ៖ Apple បានផ្លាស់ប្តូរគំនិតរបស់ខ្លួនទាំងស្រុងនៅឆ្នាំនេះ ដោយកាលពីមុនធ្លាប់តែគិតថា ទូរស័ព្ទតូចស្រួលប្រើ តែនេះគឺជាiPhone6 និងiPhone 6Plus ។ ពួកវាជា iPhone ដំបូងគេដែលមានអេក្រង់ធំ និងមានកាមេរ៉ាផុសចេញក្រៅ ។
-ឆ្នាំ២០១៥ ៖ នេះគឺជាទូរស័ព្ទដំបូងគេ ដែលមានអេក្រង់កោងនៅសងខាងនៃគែមអេក្រង់។ Samsungក៏ធ្លាប់ចេញ Note 4 Edge លក់មុននេះដែរ តែវាមានគែមកោងតែម្ខាងប៉ុណ្ណោះ។ នេះគឺជាSamsung Galaxy S6 Edge ។
-ឆ្នាំ២០១៦៖ ឆ្នាំនេះគឺជាអំឡុងពេលដែលក្រុមហ៊ុនទូរស័ព្ទនីមួយៗចាប់ផ្តើមគិតគូរពីកាមេរ៉ាភ្លោះ ។ iPhone 7 Plus គឺជាស្មាតហ្វូនរបស់Appleជំនាន់ថ្មីដែលមានកាមេរ៉ាក្រោយដល់ទៅ២គ្រាប់ ធ្វើឲ្យការថតរូបកាន់តែប្រសើរឡើង ។
-ឆ្នាំ២០១៧ ៖ Samsungបានចេញទូរស័ព្ទថ្មីរបស់ខ្លួនដែលមានអេក្រង់លាតសន្ធឹងស្ទើរតែពេញតួខាងមុខ ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញជាច្រើន ។ វាមិនត្រឹមតែមានអេក្រង់ពេញប៉ុណ្ណោះទេ ប៉ុន្ដែក៏មានសមត្ថភាពអាចស្កេនប្រស្រីភ្នែកដើម្បីដោះសោបានដែរ ។
ក្រោយពីបានឃើញការប្រែប្រួលរបស់ស្មាត ហ្វូនរយៈពេល២០ឆ្នាំហើយ តើលោកអ្នកអាច ស្រមៃបានទេថា ស្មាតហ្វូនទៅថ្ងៃខាងមុខ នឹងមានរូបរាងយ៉ាងណា ?
ចែករំលែកព័តមាននេះ