រាជធានីភ្នំពេញ ៖ ខណៈពេលរថយន្តមួយទឹកដែលនាំចូលពីបរទេសកាន់តែច្រើនលើសលប់នៃទីផ្សាររថយន្តនៅកម្ពុជា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញពីការព្រួយបារម្ភលើការប្រើប្រាស់ ដោយសាររថយន្ដទាំងនោះភាគច្រើនមិនបានត្រួតពិនិត្យត្រឹមត្រូវលើបច្ចេកទេស និងមិនដឹងពីប្រវត្តិច្បាស់លាស់ មុននឹងអនុញ្ញាតឲ្យនាំចូល ។
លោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានលើកឡើងពីហានិភ័យ និងការខាតបង់ថា ការទិញរថយន្តមួយទឹក ដោយមិនដឹងពីប្រវត្តិរថយន្តច្បាស់ វាមានបញ្ហាច្រើនដល់អ្នកប្រើប្រាស់ដូចជា សុវត្ថិភាព ពីព្រោះរថយន្តខ្លះមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅស្រុកគេទៅហើយ តែនាំចូលមកកាន់កម្ពុជា និងលក់ឲ្យប្រជាពលរដ្ឋកម្ពុជាប្រើ។ ដូចនេះ នៅពេលយកមកប្រើប្រាស់បើកបរលើដងផ្លូវ អាចនឹងបង្កឲ្យមានបញ្ហាផ្សេងៗ ។ លោកនិយាយថា ៖« ដូចយើងដឹងស្រាប់ កន្លងមក មានហេតុការណ៍មួយចំនួនកើតឡើងនៅលើដងផ្លូវ ដូចជា កំពុងបើកបរសុខៗ រថយន្ដឆេះ ឬក៏មានបញ្ហាប្រព័ន្ធហ្វ្រាំងជាន់មិនស៊ី ឬជាប់ហ្វ្រាំងធ្លាក់ផ្លូវ ជាដើម » ។
លោកបន្តថា ក្រៅពីប្រព័ន្ធសុវត្ថិភាពហើយ ការប្រើប្រាស់រថយន្តមួយទឹកក៏បង្កដល់បញ្ហាបរិស្ថានផងដែរ ។ ជាក់ស្ដែង មានរថយន្តមួយចំនួនដែលចរាចរនៅលើដងផ្លូវ ជារថយន្តគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយប្រទេសគេលែងឲ្យប្រើ ព្រោះវាបង្កផលប៉ះពាល់ដល់បរិស្ថានច្រើន ។ ម្យ៉ាងទៀត ការប្រើប្រាស់រថយន្តមួយទឹក ដែលអ្នកទិញប្រើប្រាស់ភាគច្រើនយល់ថា ជាការសន្សំសំចៃថវិកានោះគឺមិនមែនទេ តាមពិតវានឹងចំណាយច្រើនជាង ដូចជាស៊ីសាំងច្រើន ជួសជុលញឹកញាប់ និងពេលខ្លះខូចតាមផ្លូវ ត្រូវការចំណាយលើការអូសមកជួសជុលជាដើម ។ ដូចនេះ បើសិនជាសរុបទៅ ការប្រើប្រាស់រថយន្តមួយទឹក ត្រូវចំណាយច្រើនជាងការទិញរថយន្តថ្មីយកទៅប្រើប្រាស់ទៅទៀត ។
លោក ងន សាំង ក៏ដូចជាសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា តែងតែស្នើសុំដល់រាជរដ្ឋាភិបាលទប់ស្កាត់ការនាំចូលរថយន្តមួយទឹកមកកាន់កម្ពុជា។ លោកនិយាយថា ៖« វាដល់ពេលដែលរាជរដ្ឋាភិបាលគួរតែបិទទីផ្សារនាំចូលរថយន្តមួយទឹកហើយ ពីព្រោះ វានឹងបង្កបញ្ហាមួយចំនួនដូចជា សុវត្ថិភាព បំពុលបរិស្ថាន និងការសន្សំសំចៃ ។ ការបិទនេះ ពុំមែនមិនឲ្យពលរដ្ឋមិនសូវមានលទ្ធភាពទិញរថយន្ដប្រើទេ តាមពិត រថយន្ដថ្លៃដោយសារតែពន្ធថ្លៃ ហើយរថយន្ដមួយទឹក ពន្ធវាទាប ។ ដូចនេះ បើសិនជារាជរដ្ឋាភិបាលបិទមិនឲ្យនាំចូលរថយន្ដមួយទឹក ហើយទម្លាក់ពន្ធរថយន្ដថ្មីនោះ តម្លៃនឹងចុះថោកដែរ » ។
លោកបន្ថែមថា តាមពិត រថយន្តទិញថ្មី វានឹងក្លាយជារថយន្តមួយទឹកក្នុងស្រុក នៅពេលអ្នកប្រើប្រាស់លក់ ឬដូរស៊េរី ហើយពេលនោះ យើងដឹងពីប្រវត្តិច្បាស់លាស់ ថែមទាំងមានតម្លៃធូរថ្លៃជាងរថយន្ដមួយទឹកដែលនាំចូល ព្រោះមិនត្រូវការបង់ពន្ធ ឬថ្លៃដឹកជញ្ជូន ៕
ចែករំលែកព័តមាននេះ