ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជា​ប្រទេស​បើក ចំហ​ជាងគេ​ក្នុង​តំបន់​អាស៊ាន​លើ​ទីផ្សាររថយន្ត​មួយ​ទឹក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ដ​កម្ពុជា បាន​និយាយ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​១០​នៅ​អាស៊ាន កម្ពុជា​ជា​ប្រទេស​បើកចំហ​ឲ្យ​មានការ​នាំ​ចូល​រថយន្ដ​មួយ​ទឹក​ច្រើន​ជាងគេ ខណៈ​ប្រទេស​ជា​សមាជិក

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ដ​កម្ពុជា បាន​និយាយ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​១០​នៅ​អាស៊ាន កម្ពុជា​ជា​ប្រទេស​បើកចំហ​ឲ្យ​មានការ​នាំ​ចូល​រថយន្ដ​មួយ​ទឹក​ច្រើន​ជាងគេ ខណៈ​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​កំពុង​បិទ​ទីផ្សារ​រថយន្ដ​ប្រភេទ​នេះ​ជា​បណ្ដើរ​ៗ ។

លោក ង​ន សាំង អនុប្រធាន​សហព័ន្ធ​នេះ​ឱ្យ​ដឹង​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​បើកចំហ​ឲ្យ​នាំ​ចូល​រថយន្ត​ជជុះ គឺ​មាន​តែ​កម្ពុជា​នេះឯង ក្នុង​នោះ​ប្រទេស​ជិតខាង​មួយ​ចំនួន​ដូច​ជា វៀត​ណាម និង​ឡាវ​ជាដើម បាន​បិទ​ការ​នាំ​ចូល​ជា​បណ្ដើរ​ៗ​ហើយ ។ លោក​ថា ៖« បន្ទាប់​ពី​បិទ​ទីផ្សារ​នាំ​ចូល​នេះ វិនិយោគិន​ក៏​បាន​សម្លឹង​មើល​ទីផ្សារ​ដំឡើងរថយន្ត​សម្រាប់​ផ្គត់ផ្គង់​ផង​ដែរ ។ ជាក់ស្ដែង នៅ​ប្រទេស​ឡាវ​កំពុង​តែ​វិនិយោគ​លើ​រោងចក្រ​ដំឡើងរថយន្ត​នៅ​ទីនោះ » ។

លោក​លើក​ឡើង​ថា នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​អាស៊ាន ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក គឺ​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន និង​ត្រូវ​បង់ពន្ធ​ប្រហាក់ប្រហែល​នឹង​រថយន្ដ​ថ្មី ឬ​អាច​ច្រើន​ទៅ​ទៀត ហើយ​ត្រូវការ​ឯកសារ​បញ្ជាក់​ច្រើន​ផង​ដែរ ។ យ៉ាងណាមិញ រថយន្ត​មួយ​ទឹក​ដែល​នាំ​ចូល​ទីផ្សារ​កម្ពុជា មិន​ត្រូវ​បានដឹង​ប្រវត្តិ ឬ​ប្រភព​ច្បាស់លាស់​ទេ ។ ដូចនេះ​ហើយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​អនុញ្ញាត​ឲ្យ​នាំ​ចូល ។

បើ​តាម​តួលេខ​ពី​សហព័ន្ធ​ឧស្សាហកម្ម​យាន យន្ត​កម្ពុជា ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​បាន​នាំ​ចូល​រថយន្ត​ប្រមាណ​ពី​៦​ទៅ​៧​ម៉ឺន​គ្រឿង ក្នុង​នោះ​រថយន្ត​មួយ​ទឹក​មាន​ចំណែក​ទីផ្សារ​ប្រមាណ​៩០% ជា​ចំនួន​ច្រើន​លើសលប់​ក្នុង​ចំណោម​រថយន្ត​នាំ​ចូល​ទាំងអស់ ។

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​នាំ​ចូល​រថយន្ដ​ថ្មី​មក​កម្ពុជា ដូច​ជា Ford, Jaguar និង Range Rover ធ្លាប់​បាន​សិក្សា​ពី​លទ្ធភាព​បង្កើត​រោងចក្រ​ដំឡើងរថយន្ដ​នៅ​កម្ពុជា​ដែរ ប៉ុន្ដែ​ដោយសារ​កត្តា​បង់ពន្ធ​រថយន្ដ​ថ្មី​ដែល​ដំឡើង​ក្នុងស្រុក​ខ្ពស់ និង​ពន្ធ​ផ្សេង​ៗ​ទៀត ខណៈ​ទំហំ​នៃ​ការ​វិនិយោគ​ច្រើន ហើយ​រាជរដ្ឋាភិបាល​បើក​ទូលាយ​ឲ្យ​មានការ​នាំ​ចូល​រថយន្ដ​មួយ​ទឹក​ដោយ​សេរី​នោះ ក្រុមហ៊ុន​ក៏​សម្រេច​មិន​ដំណើរការ​គម្រោង​ដ៏​ធំ​មួយ​នេះ​តែ​ម្ដង ។

យ៉ាងណា​ក៏​ដោយ ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី​មក​ទីផ្សារ​កម្ពុជា លោក​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្មី​ម្ដងទៀត សួ​ម​ជួយ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ជា​ពិសេស ប្រវត្តិ​រថយន្ដ​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ស្រុក​គេ​ទេ ហើយ​ឈ្មួញ​បាន​នាំ​ចូល​មក​ស្រុក​ខ្មែរ ដែល​នាំ​ឲ្យ​អ្នកទិញ​មាន​បញ្ហា​ខាង​សុវត្ថិភាព​ជា​រឿយ​ៗ​ដូច​ជា ប្រព័ន្ធ​ហ្វ្រាំង ឬ​ឆ្លងភ្លើង​ឆេះ​ខណៈ​កំពុង​បើកបរ​ជាដើម ។

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​បិទ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​ម្ដង​រួច​មក​ហើយ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ។ ទោះបី​យ៉ាងណា សំណើ​នេះ​ត្រូវ​បាន​ពលរដ្ឋ​រិះគន់ និង​មិន​ឯកភាព ដោយ​ពួក​គេ​លើក​ឡើង​ថា បញ្ហា​កកស្ទះ​ចរាចរណ៍ មិនមែន​ដោយសារ​ការ​នាំ​ចូល​រថយន្ដ​មួយ​ទឹក​ឡើយ ។

ចំណែក​លោក ង​ន សាំង និយាយ​ថា ៖«​ការ​កកស្ទះ​ចរាចរណ៍ មិនមែន​បណ្ដាល​មក​ពី​រថយន្ដ​មួយ​ទឹក ឬ​រថយន្ដ​ថ្មី​ទេ ក៏​ប៉ុន្តែ​លោក​សំណូមពរ​ឲ្យ​បិទ​ទីផ្សារ​ឡាន​មួយ​ទឹក​នេះ​ដើម្បី​ពង្រីក​ទីផ្សារ​រថយន្ដ​ថ្មី ព្រោះ​វា​មាន​សុវត្ថិភាព មិន​បំពុលបរិស្ថាន និង​សន្សំ​សំចៃ​ផង​ដែរ » ។

លោក​បន្ដ​ថា ប្រសិនបើ​កម្ពុជា​អាច​បិទ​ទីផ្សារ​នាំ​ចូល​រថយន្ត​មួយ​ទឹកបាន និង​បន្ធូរ​បន្ថយពន្ធ​រថយន្ដ​ថ្មី​នោះ ទីផ្សារ​រថយន្ដ​ថ្មី​នឹង​កើនឡើង ពេល​នោះ​ក្រុមហ៊ុន​ធំ​ៗ​នឹង​ងាក​មក​បណ្ដាក់ទុន​សាងសង់​រោងចក្រ​ដំឡើង ឬ​ផលិត​រថយន្ត​នៅ​កម្ពុជា​តែ​ម្ដង ហើយ​រាជរដ្ឋាភិបាល នឹង​ទទួល​បាន​ចំណូល​ច្រើន​ជាង​ចំណូល​បាន​មក​ពី​ពន្ធ​នាំ​ចូល​រថយន្ដ​មួយ​ទឹក​សព្វថ្ងៃ ៕