ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសតូចម្នាក់បានលង់ទឹកស្រះស្លាប់ ខណៈពេលរត់តាមបងប្រុសជិះកង់ដើរលេង ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។
ក្មេងប្រុសរងគ្រោះឈ្មោះ កិញ ពិទូ អាយុ២ឆ្នាំ រស់នៅជាមួយជីតាឈ្មោះ ស្មុគ កិញ អាយុ៦៥ឆ្នាំ និងជីដូននៅភូមិកើតហេតុ ចំណែកម្តាយឪពុកទៅរកស៊ីធ្វើការនៅប្រទេសថៃ ចំណែកបងប្រុសក្មេងរងគ្រោះឈ្មោះអឿន វ៉ា ភេទប្រុសអាយុ១១ឆ្នាំ។
តាមការឲ្យដឹងពីនគរបាលថា មុនពេលកើតហេតុនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ក្មេងប្រុសរងគ្រោះបានរត់តាមបងប្រុសរបស់គេដែលជិះកង់ទៅលេងក្នុងវត្តត្របែក តែបងប្រុសរបស់គេមិនដឹងថា ប្អូនរត់តាមទេ លុះដល់ជីតាត្រឡប់មកពីភូមិក្បាលខ្ទីងវិញមិនឃើញចៅ ក៏សួរប្រពន្ធគាត់ថា បាត់ចៅទៅណាហើយមិនឃើញ ពេលនោះមានការសង្ស័យក៏ស្រែកហៅញាតិបងប្អូនជួយរក លុះដល់វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ទើបប្រទះឃើញសពក្មេងប្រុសអណ្តែតក្នុងទឹកស្រះខាងត្បូងវត្តចម្ងាយ៥០ម៉ែត្រ ដែលមានទឹកជម្រៅ២,៥០ម៉ែត្រ។ ចំណែកសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារបានចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្រេង និងក្តីអាឡោះអាល័យពន់ពេក៕
ចែករំលែកព័តមាននេះ