រុស្ស៊ី-អ៊ុយក្រែន ៖ ការវាយប្រហារខាងព័ត៌មានវិទ្យាប្រភេទប្រើវីរុស WANNACRY ដូចកាលពីខែឧសភា កន្លងទៅ នាថ្ងៃទី២៧ មិថុនា ត្រូវបានធ្វើប្រឆាំងបណ្តាក្រុមហ៊ុនពហុជាតិ ព្រមទាំងបណ្តាក្រុមហ៊ុន និងសេវាកម្មអឺរ៉ុប និងអាមេរិកទាំងឡាយក្រោយការវាយប្រហារខ្លាំងក្លានៅរុស្ស៊ី និងអ៊ុយក្រែនមក ។
ក្រោយពីបង្ខំឱ្យក្រុមហ៊ុនប្រេងយក្សរុស្ស៊ី ROSNEFT ប្រើ SERVEUR បំរុង ព្រមទាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៊ុយក្រែន TCHERNOBYL ឱ្យងាកមកចាត់វិធានការទប់ទល់វិទ្យុសកម្មដោយប្រើកម្លាំងមនុស្ស វីរុស RANSONWARE (RANCONGICIEL) PETRWRAP បង្កឧទាហរណ៍ឱ្យខូចប្រព័ន្ធព័ត៌វិទ្យារបស់ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ MAERSK កាត់ផ្តាច់ភ្លើងអគ្គិសនីក្រុមហ៊ុនផលិតនំ BISCUITS LU និង OREO ហើយបង្ខំឱ្យបុគ្គលិកក្រុមហ៊ុនអាល្លឺម៉ង់ NIVEA បញ្ឈប់ការងារ ។
ក្រុមហ៊ុនផលិតឱសថ MERCK ជាអ្នករងគ្រោះដំបូងគេ ដោយសារការវាយប្រហារព័ត៌មានវិទ្យានោះនៅសហរដ្ឋអាមេរិក ដោយប្រព័ន្ធព័ត៌មានវិទ្យារបស់គេរងការប៉ះពាល់ ។
លោក COSTIN RAJU នៃក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យារុស្ស៊ី KASPERSKY បានព្រមានតាម TWITTER ថា វីរុសនេះត្រូវបានចម្លងលើពិភពលោកទាំងមូល ដោយប្រទេសជាច្រើនរងការប៉ះពាល់ ។
លោកថា អ៊ុយក្រែនជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺរុស្ស៊ី ប៉ូឡូញ និងអីុតាលី ។
យោងតាមព័ត៌មានរបស់សហគ្រាសជាច្រើនរងការវាយប្រហារដំណាលគ្នាថា មានវីរុសមួយបញ្ចេញការទាមទារប្រាក់លោះ៣០០ដុល្លារ លើអេក្រង់កុំព្យូទ័រពួកគេ ។
យោងតាមអ្នកឯកទេសជាច្រើនខាងសន្តិសុខព័ត៌មានវិទ្យាថា វីរុស PETRWRAP ជាវីរុសកាឡៃពីវីរុស RANSONWARE PETYA ដែលប្រើវាយប្រហារកាលពីឆ្នាំទៅមិញ ។ ចំណែកក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យារុស្ស៊ី KASPERSKY អះអាងថា នេះជាវីរុស RANSOMWARE ថ្មី ដែលពុំធ្លាប់ឃើញរហូតមកទល់ពេលនេះ ។
គួររំលឹកថា កាលពីថ្ងៃទី១២ ឧសភា ការវាយប្រហារដោយវីរុសទាមទារបង់ប្រាក់លោះ WANNACRY មួយធ្វើឱ្យប៉ះពាល់ដល់កុំព្យូទ័រច្រើនពាន់គ្រឿងលើពិភពលោក ដោយប៉ះពាល់ជាពិសេសដល់សេវាកម្មសុខភាពអង់គ្លេស បណ្តារោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តបារាំង RENAULT ។ ពួកអ្នកវាយប្រហារទាមទារឱ្យបង់ប្រាក់លោះ ដើម្បីឱ្យបណ្តាកុំព្យូទ័រអាចដំណើរការបានវិញ ។
ក្រុមហ៊ុនប្រឆាំងវីរុសអាមេរិក SYMANTEC អះអាងថា ក្រុមអ្នកវាយប្រហារខាងព័ត៌មានវិទ្យាគឺក្រុម LAZARUS សង្ស័យមានទំនាក់ទំនងមួយផ្នែកជាមួយកូរ៉េខាងជើង ៕
ចែករំលែកព័តមាននេះ