ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំណត់​យក​ទីតាំង​4​រៀបចំព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​2023

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ថា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ថា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង កម្ពុជា​បាន​សម្រេច​ជ្រើស​យក​ទីតាំង​សំខាន់​ៗ​ចំនួន​៤​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​នោះ​ទីតាំង​ចំនួន​៣​បាន​កំណត់​ច្បាស់លាស់​ហើយ នៅ​សល់​តែ​១​ទីតាំង​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ ។

ទីតាំង​ដែល​កម្ពុជា​កំណត់​យក​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នោះ​គឺ​៖

ទី​១-​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ជា​កន្លែង​សំខាន់​ជាងគេ​សម្រាប់​ធ្វើ​ពិធី​បើក​និង​ពិធី​បិទ​ព្រោះ​ពហុ​កីឡដ្ឋាន​ដែល​កំពុង​សាងសង់​នេះ​មាន​លក្ខណៈ​ទំនើប​ជាងគេ​នៅ​ក្នុង​តំបន់​អា​ស៊ី​អាគ្នេយ៍មាន​កន្លែង​ប្រកួត​កីឡា​ស្ទើរតែ​គ្រប់​ប្រភេទ​ដូច​ជា​បាល់ទាត់ បាល់ទះ បាល់បោះ និង​ហែល​ទឹកជា​ដើម ។

ទី​២-​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក អាច​ធ្វើ​ជា​កន្លែង​សម្រាប់​ប្រកួត​កីឡា​ប្រហាក់ប្រហែល​នឹង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ដែរ ។

សព្វថ្ងៃ​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តែ​ស្ទុះស្ទា​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពាក់​សម្ភារ​ដល់​ពហុ​កីឡដ្ឋាន​ដ៏​ចំណាស់​មួយ​នេះ​ដូច​ជា​កៅអី​ជ័រ​ល្អ និង​អំ​ពូ​ល​ភ្លើង​ដែល​អាច​បម្រើ​ឱ្យ​ការ​ប្រកួត​នៅ​ពេល​យប់​បាន ។ ប៉ុន្តែ​ទីតាំង​ទាំង​២​កន្លែង​នេះ​សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ក្នុង​សាល និង​លើគោក​តែ​ប៉ុណ្ណោះ​។

ទី​៣-​ខេត្តកំពត និង​ខេត្ត​កែប មាន​ឆ្នេរសមុទ្រ​ធ្វើ​ជា​កន្លែង​សម្រាប់​ប្រកួត​កីឡា​លើ​ទឹក​ដូច​ជា​ម៉ូតូ​ទឹក ទូកក្ដោង ទូក​កា​នូ ទូក​កា​យ៉ាក់​។​ល​។ និង

ទី​៤-​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ  បើ​មិន​មានការ​កែប្រែ​ទេ​ទីតាំង​មួយ​នេះ​នឹង​ត្រូវ​ជ្រើសរើស​ធ្វើ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ព្រោះ​មាន​អគារ​សម្រាប់​ជួល​ធ្វើ​ជា​កន្លែង​ប្រកួត​កីឡា​ក្នុង​សាល​ដូច​ជា​ប្រដាល់ តេ​ក្វា​ន់​ដូ ជាដើម ។

លោក វ៉ា​ត់ ចំរើន បាន​លើក​ឡើង​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ឡាវ​កន្លង​មក​ថា ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​មិន​គ្រប់គ្រាន់​ដូច​យើង​ដែរ ដូច្នេះ​គេ​បាន​ជួល​ទីតាំង​ណាមួយ​ដែល​អាច​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ក្នុង​សាល​បាន ។

សម្រាប់​កម្ពុជា​អាច​ល្អ​ប្រសើរ​ជាង​ឡាវ ព្រោះ​យើង​មាន​ទីតាំង​ប្រកួត​ច្រើន​ជាង ជា​ពិសេស​យើង​មាន​ឆ្នេរសមុទ្រ​ដែល​អាច​បម្រើ​ដល់​ការ​ប្រកួត​កីឡា​លើ​ទឹកបាន ។ ចំពោះ​កីឡា​ដែល​ត្រៀម​ដាក់​ឱ្យ​ប្រកួត​នៅ​ពេល​នោះ​មាន​ចាប់ពី​៣០​ដល់​៣៥​ប្រភេទ​ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​កីឡា​កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​លើ​គ្រប់​ប្រភេទ​កីឡា​ទាំងនោះ ធ្វើ​យ៉ាងណា​ឱ្យ​ប្រភេទ​កីឡា​ទាំងនោះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ។ បើ​ប្រភេទ​កីឡា​ណាមួយ​មិន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ក៏​ដូច​ជា​ត្រៀមខ្លួន​ឱ្យ​បាន​ល្អជា​មុន​ទេ គឺ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ឡើយ ។ ចំពោះ​ការ​វាយតម្លៃ​ទៅ​លើ​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​អាច​ដណ្ដើម​បាន​មេដាយ​វិញ គឺ​ត្រូវធ្វើ​ឡើង​មុន​ពេល​៤​ឆ្នាំ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​មក​ដល់ មិន​អាច​វាយតម្លៃ​ក្នុង​ពេល​ឥឡូវនេះ​បាន​ទេ ។ លោក​បាន​សង្កត់ធ្ងន់​ថា កីឡា​ទាំង​៣៥​ប្រភេទ​ដែល​កំពុង​តែ​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​សព្វ​ថ្ងៃនេះ បើ​មាន​កម្រិត​បច្ចេកទេស​គ្រប់គ្រាន់​គឺ​ដាក់​ឱ្យ​ចូលរួម​ប្រកួត​ទាំងអស់​តែ​ម្ដង តែបើ​ប្រភេទ​កីឡា​ណាមួយ​អសកម្ម​ទោះបី​នៅ​សល់​ត្រឹម​១០​ឬ​២០​ប្រភេទ​កីឡា​ក៏​ត្រូវ​តែ​ប្រកួត​ដែរ ។ យើង​ដឹង​ហើយ​ថា វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​អាស៊ាន​សុទ្ធតែ​ខ្លាំង​ៗ ដូច្នេះ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ត្រូវ​តែ​ខំប្រឹង​ទាំងអស់​គ្នា ដោយ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ ៕