រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ទាក់ទងស្នេហ៍នាយហុងដា តាមហ្វេសប៊ុក ។ទោះជាយ៉ាងណាក្តីនាយហុងដា មិនទាន់បើកចិត្តទទួលយកស្នេហាថ្មីទេ ដ្បិតចិត្តនៅតែនឹកអាណិតប្រពន្ធដែលទើបតែលាកចាកលោកទៅថ្មីៗនេះ ។
នាយហុងដា ខណៈចិត្តនៅអាល័យភរិយានោះ ស្រាប់តែមាននារីវ័យក្មេងម្នាក់ចង់បាននាយធ្វើជាម្ចាស់ស្នេហ៍ ។ លោកអឿន សុខាហៅហុងដា កាលពីពេល ថ្មីៗកន្លងមកឱ្យដឹងថា «នារីម្នាក់នោះស្អាតដូចតារាតួកុន នៅវ័យក្មេងស្ទើរតែច្រឡំអ្នកសម្តែង ប្រសិនបើ កំលោះៗទាំងឡាយបានមកឃើញផ្ទាល់ភ្នែក ពិតជាអាចបាក់ស្រឡាញ់តែម្តង។ សម្រាប់ខ្ញុំនៅនឹកប្រពន្ធក្មេងដែលទៅចោលដដែល ដោយខ្ញុំមិនទាន់បើកចិត្តទទួលយកនារីស្រស់សោភាវ័យក្មេងនោះដែលចង់ស្អំបេះដូងបាននៅអំឡុងពេលនេះឡើយ គ្រាដែលអារម្មណ៍នៅនឹកភរិយាក្មេងមិនទាន់អាចលុបក្នុងចិត្តបាន ។ ម្យ៉ាងទៀតខ្ញុំសុំពេលគិតតែរឿងការងារសិល្បៈឲ្យរលូនទៅមុខទៀត ។ ចង់នៅក្បែរកូនស្រីតូចឲ្យគ្នាកក់ក្តៅ មិនអាចចេះតែចង់បានអ្នកណាដូចចិត្តរបស់យើង លឿនៗបានដែរ ។
ខ្ញុំអរគុណដល់ស្ត្រីវ័យក្មេង ដែលតែងតែឆាតមកសុំស្រឡាញ់ ចង់ជំនួសភរិយារបស់ខ្ញុំ តែខ្ញុំសុំមិនទាន់ទទួលនោះទេ បើទោះជាចិត្តរបស់ខ្ញុំចង់ស្គាល់ និងចង់រាប់អានក៏ដោយ» ។
ចំពោះអារម្មណ៍បែបណាទៅលើនាងឃ្មឹបអតីតភរិយាដែលចូលរួមសម្តែងជាមួយគ្នានោះនាយហុង ដា អះអាងថា «អត់ប្រកាន់ទេ រឿងពីមុន ជារឿងពីមុន អង្គុយតែចងកំហឹងបានអីមកវិញ បើមនុស្សលង់ទឹកទៅហើយមានតែធ្វើបុណ្យទៅ ។ ខ្ញុំមិនដែលហាមមិនឱ្យសម្តែងជាមួយនេះទេ មានតែអរដែលគ្នាមានការងារធ្វើគ្រាន់បានអង្ករច្រកឆ្នាំងចិញ្ចឹមគ្រួសារ» ៕
ចែករំលែកព័តមាននេះ