ខណៈពេលទីផ្សារប្រេងពិភពលោកបារម្ភពីការធ្លាក់ចុះនៃការផ្គត់ផ្គង់ កំណើនតម្រូវការដែលមានសភាពយឺតនៅក្នុងប្រទេសនាំចូលប្រេងឆៅសំខាន់ៗនៅអាស៊ីកំពុងរារាំងដល់កិច្ចប្រឹងប្រែងដើម្បីស្តាតុល្យភាពទីផ្សារ ។
ការផ្គត់ផ្គង់ប្រេងឥន្ធនៈលើសតម្រូវការនៅក្នុងប្រទេសចិន ការខកចិត្តពីការបញ្ឈប់ការប្រើប្រាស់រូបិយប័ណ្ណនៅក្នុងប្រទេសឥណ្ឌា និងការថយចុះនៃចំនួនប្រជាពលរដ្ឋនៅប្រទេសជប៉ុនកំពុងរារាំងកំណើនតម្រូវការប្រេងឆៅនៅក្នុងប្រទេសទាំង៣ក្នុងចំណោមប្រទេសទិញប្រេងកំពូលនៅលើពិភពលោក ។
ប្រទេសទាំង៣មានចំនួន១ភាគ៥នៃការប្រើប្រាស់ប្រេងជាសកលចំនួន៩៧លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ហើយការរង្គោះរង្គើក្នុងចំណោមប្រទេសទាំងនេះ នឹងធ្វើឲ្យកំណើនតម្រូវការប្រេងនៅអាស៊ីតិចជាងការរំពឹងទុក ដែលជួយកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអង្គការOPECដើម្បីគាំទ្រតម្លៃប្រេង ។
លោក Michael Corley នាយកគ្រប់គ្រងក្រុមហ៊ុន Mercatus Energy Advisors បានថ្លែងថា ៖« យើងពិតជាមើលឃើញពីតម្រូវការទាបជាងមុននៃអតិថិជន ២ទៅ៣វិស័យ គឺក្នុងឧស្សាហកម្ម ផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវថ្នល់។ពួកគេពិតជាកំពុងប្រើប្រាស់ប្រេងតិចជាងការរំពឹងទុក »។
នៅក្នុងប្រទេសចិន ការប្រជែងជាមួយអាមេរិកក្នុងនាមជាអ្នកនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក ការនាំចូលក្នុងខែឧសភាមានត្រឹមតែ៩លានបារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែការកាត់បន្ថយក្នុងប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងនឹងកំណត់លើតម្រូវការប្រេងឆៅនៅក្នុងត្រីមាសទី៣ ។
នៅក្នុងប្រទេសឥណ្ឌាដែលបានយកឈ្នះប្រទេសជប៉ុនក្នុងនាមជាអ្នកនាំចូលប្រេងដ៏ធំបំផុតទី៣របស់ពិភពលោកកាលពីឆ្នាំមុន ការនាំចូលប្រេងឆៅបានធ្លាក់ចុះជាង៤% នៅចន្លោះខែមេសា និងខែឧសភាដល់ប្រហែល៤,២លានបារ៉ែលក្នុង១ថ្ងៃ ដែលជាផលប៉ះពាល់នៃកម្មវិធីបញ្ឈប់ការប្រើប្រាស់រូបិយប័ណ្ណថ្មីៗរបស់ប្រទេសនេះទៅលើការប្រើប្រាស់ ។
ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចូលរបស់ឥណ្ឌាមានបរិមាណថេរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីមានការកើនឡើងប្រចាំឆ្នាំ៧,៤%កាលពីឆ្នាំមុន ។
នៅក្នុងប្រទេសជប៉ុនដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅក្នុងទ្វីបអាស៊ី តម្រូវការប្រេងបានធ្លាក់ចុះក្នុងអំឡុងពេលជាច្រើនឆ្នាំ ដោយសារតែការធ្លាក់ចុះចំនួនប្រជាពលរដ្ឋវ័យចំណាស់ និងការកើនឡើងនៃរថយន្តដែលមានម៉ាស៊ីនល្អ ឬការប្រើប្រាស់ឥន្ធនៈជំនួសមានដូចជា ជីវម៉ាស៊ូត និងជីវអាកុល ។
កាលពីខែមេសា ប្រទេសជប៉ុនបាននាំចូលប្រេងប្រហែល៣,៥លានបារ៉ែលក្នុង១ថ្ងៃ ដោយធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន៥,៩លានបារ៉ែលក្នុង១ថ្ងៃកាលពីឆ្នាំ២០០៥ ។
ជាមួយនឹងការផ្គត់ផ្គង់ដ៏សម្បូរបែប តម្រូវការប្រេងនៅអាស៊ីបានរួមចំណែកដល់ការធ្លាក់ចុះតម្លៃចំនួន២០%សម្រាប់តម្លៃប្រេងឆៅគោល Brent ដល់៤៥ដុល្លារក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះខ្លាំងបំផុតនៅក្នុងឆមាសទី១នៃឆ្នាំនេះចាប់តាំងពីឆ្នាំ១៩៩៧ ៕
ចែករំលែកព័តមាននេះ