ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ម្នាក់​ត្រូវ​ចោរឆក់​កាបូប ខណៈ​ជិះ​ម៉ូតូ​ទៅ​បង្រៀន​សិស្ស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​បង្រៀន​ម្នាក់​ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​បង្រៀន​សិស្ស​នៅ​តាម​ផ្ទះ​មួយ​កន្លែង ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង ស្រាប់តែ​ចោរឆក់​យក​កាបូប​ទៅ​បាត់

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​បង្រៀន​ម្នាក់​ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​បង្រៀន​សិស្ស​នៅ​តាម​ផ្ទះ​មួយ​កន្លែង ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង ស្រាប់តែ​ចោរឆក់​យក​កាបូប​ទៅ​បាត់ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​តាម​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ គាត់​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ព្រោះ​គាត់​ស្មានថា​ចំណុច​កើតហេតុ​នោះ​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កា​កាប​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ អាង ដា​វី អាយុ​៤០​ឆ្នាំ គាត់​គឺជា​គ្រូបង្រៀន​តាម​ផ្ទះ និង​ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​កាបូប​របស់​គាត់​ដែល​ចោរឆក់​យក​ទៅ​បាត់​នោះ​មាន​លុយ​ចំនួន​ជាង​៦០​ដុល្លារ​,​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង​,​សៀវភៅ​ធនាគារ​, សៀវភៅពុម្ព​ចំនួន​៣​ក្បាល​,​និង​អត្តសញ្ញាណប័ណ្ណ​ផង​ដែរ​។ នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​គុប​ជ្រុង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ​1CQ- 4797 ធ្វើ​ដំណើរ​តាម​ផ្លូវ​២០០៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដើម្បី​ទៅ​បង្រៀន​សិស្ស​នៅផ្ទះ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ស្ថា​នី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ទល់មុខ សាលា​ណ​ត​ប្រ៊ី​ដ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ ជិះ​ទៅ​ក្បែរ​គាត់ ប៉ុន្តែ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទេ ហើយ​ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន​ទៅ​មុខ​បាត់​ទៅ​។ បន្ទាប់​មក​ក៏​មាន​ជនសង្ស័យ​ម្នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មិន​ចាំ​ស្លាក​លេខ ១​គ្រឿង​ផ្សេង​ទៀត​បាន​ជិះ​ទៅ​អែបជិត​គាត់​ទៀត ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​គាត់​បាន​សម្រេច និង​បាន​គេចខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​អ្នកគ្រូ​ខាង​កើ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​បន្ទាប់​ពី​ធ្វើការ​សួរនាំ​ទើប​ដឹង​ថា ចំណុច​កើតហេតុ​នោះ​ស្ថិត​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទើប​នគរបាល​ប៉ុស្ដិ៍​កា​កាប ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​វិញ​៕