ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្ប​ការិនី ​និង​យុវតីពេញ​និយម​កៀប​ធ្មេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តារា​ស្រី និង​យុវតី​ជា​ច្រើន​ពេញ​និយម​កៀប​ធ្មេញ ក្នុង​ន័យ​លម្អ​បង្កើន​សោភ័ណ​ភាព​ធ្មេញ​របស់​ខ្លួន ។ ទោះជា​យ៉ាងណា​ក្តី យុវតី​ខ្លះ​ញញើត​ចំពោះ​ការ​កៀប​ធ្មេញ​នេះ ។

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តារា​ស្រី និង​យុវតី​ជា​ច្រើន​ពេញ​និយម​កៀប​ធ្មេញ ក្នុង​ន័យ​លម្អ​បង្កើន​សោភ័ណ​ភាព​ធ្មេញ​របស់​ខ្លួន ។ ទោះជា​យ៉ាងណា​ក្តី យុវតី​ខ្លះ​ញញើត​ចំពោះ​ការ​កៀប​ធ្មេញ​នេះ ។

ការ​កៀប​ធ្មេញ ឬ​គេ​ហៅ​ថា​«​ធ្មេញ​ដែក​» បាន​ហូរ​ចូល​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​វា​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​ប្រទេស​ជិតខាង និង​នៅ​លើ​ពិភពលោក ។
បើ​តាម​យុវតី​មួយ​ចំនួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អះអាង​ស្រ​ដៀង​គ្នា​ថា ការ​កៀប​ធ្មេញ ធ្វើ​ឲ្យ​ធ្មេញ​ដុះ​ជិត​ល្អ និង​មើលទៅ​មាន​សោភ័ណ​ភាព ។

បម្រើ​ការ​នៅ​ក្រសួងមហាផ្ទៃ​កញ្ញា​វិមាន អះអាង​ថា នាង​កៀប​ធ្មេញ រយៈពេល​ប្រមាណ​២​ឆ្នាំ​មក​ហើយ ព្រោះ​ពេញចិត្ត​ព្រមទាំង​មានការ​ជំរុញ​ពី​មិត្តភក្តិ​ផង ។

កញ្ញា​វិមាន​បញ្ជាក់​ថា «​ដំបូង​ឡើយ​ខ្ញុំ​ហាក់​មិន​ហ៊ាន​ប្រើប្រាស់​វិធី​កៀប​ធ្មេញ​នេះ​ឡើយ ប៉ុន្តែ​ដោយសារ​តែ​មានការ​ជំរុញ​ពី​មិត្តភក្តិ​ទើប​ខ្ញុំ​សម្រេច​ធ្វើ​វា​ឡើង ហើយ​វា​ក៏​ទទួល​បាន​លទ្ធ​ភាពល្អ​ផង​ដែរ។

រយៈពេល​ជាង​២​ឆ្នាំ​នេះ ខ្ញុំ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ការ​ដាក់​ធ្មេញ​កៀប​នេះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​ធ្មេញ​ដុះ​ស្អាត ហើយ​មាន​សោភ័ណ​ភាព​មាត់​ធ្មេញ​ផង​ដែរ ។ ការ​ដាក់​ដំបូង​គឺ​វា​មានការ​ឈឺចាប់​ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​ក្រោយមក បន្ទាប់​ពី​ធ្វើ​តាម​ការ​ណែនាំ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ វា​មិន​មានការ​ឈឺចាប់​អ្វី​បន្ត​ទៀត​ឡើយ ប៉ុន្តែ​រយៈពេល​១​ខែ​ខ្ញុំ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ម្តង ដើម្បី​ដូរ​កៅស៊ូរឹត​ថ្មី » ។

កញ្ញា​វិមាន កៀប​ធ្មេញ​ដោយ​ចំណាយ​ប្រាក់​ប្រមាណ​២​ពាន់​ដុល្លារ ។

កញ្ញា​សួន សុ​ម៉ា​នុ​ត បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ឱ្យ​ដឹង​ស្រ​ដៀង​គ្នា​ដែរ​ថា នាង​កៀប​ធ្មេញ​យូរ​មក​ហើយ ដោយ​មិន​ប៉ះពាល់​អ្វី​គួ​ឲ្យ​កត់សម្គាល់​ឡើយ ។ «​ការ​កៀប​ធ្មេញ​ផ្តល់​ប្រយោជន៍​ឱ្យ​ធ្មេញ​ដុះ​ស្មើ​ស្អាត និង​មិន​មាន​បញ្ហា​ឈឺធ្មេញ​ដូច​មនុស្ស​ដែល​មិន​បាន​ប្រើប្រាស់​វា​ទេ ដោយ​វា​ជា​វិធី​មួយ​មិនមែន​គ្រាន់តែ​ជា​ការ​លម្អ ទេ ។ ជា​ទូទៅ​យើង​ធ្វើការ​សម្អាត​ធ្មេញ ដោយ​ច្រាស​ដុសធ្មេញ​ជា​ធម្មតា គ្រាន់តែ​វា​បាន​ធ្វើ​ឲ្យ​យើង​ទើស​ដែក​ដែល​បាន​ដាក់​នោះ​បន្តិច តែ​វា​មិនមែន​ជា​បញ្ហា​ចោទ​ឡើយ​» ។

កញ្ញា​ម៉ា​នុ​ត ថា តម្លៃ​មិន​ដូច​គ្នា​ទេ ពោល​គឺ​ទៅ​តាម​គ្រូពេទ្យ​ឯកទេស ផ្សេង​ៗ​គ្នា ហើយ​តម្លៃ​វា​អាច​មាន​ចាប់ពី​១​ពាន់​ដុល្លារ​ទៅ​២​ពាន់​ដុល្លារ ឬ​អាច​លើស​ពី​នេះ ។

មិនដឹង​ត្រូវ​ដក​ចេញ​វិញ ឬ​យ៉ាងណា​ទេ តែ​កញ្ញា​ម៉ា​នុ​ត​ថា បើ​អាច​នាង​នឹង​ប្រើប្រាស់​វា​ឲ្យ​បាន​ច្រើន​ឆ្នាំ ព្រោះ​មិន​ប៉ះពាល់​អ្វី​ឲ្យ​ធ្ងន់​ទេ ។

ដោយឡែក​សិល្ប​ការិនី​ខ្មែរ​មួយ​ចំនួន​ក៏​កៀប​ធ្មេញ​ដែរ ដូច​ជា​តារាចម្រៀង​ដ៏​ល្បី​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា កញ្ញា​សាឡា​ត់ ស្រី​ឡា​ង និង​តារាចម្រៀង​វ័យក្មេង​សុវត្ថិ​ឌី ធា​រី​កា​ជាដើម ។

ឱ​ក សុគន្ធ​កញ្ញា បាន​កៀប​ធ្មេញ​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​កន្លះ មុន​ពេល​នាង​សម្រេចចិត្ត​ដោះ​ចេញ​វិញ ។ ចំណែក​កញ្ញា សាឡា​ត់ ស្រី​ឡា​ង និង​សុវត្ថិ​ឌី ធា​រី​កា ទើបតែ​កៀប​ធ្មេញ​នា​ពេល ថ្មី​ៗ​កន្លង​មក ។

ឱ​ក សុគន្ធ​កញ្ញា ធ្លាប់​អះអាង​ថា នាង​ជឿជាក់​ជាង​មុន​នៅ​ពេល​នាង​ញញឹម ម្តង​ៗ បន្ទាប់​ពី​នាង​កៀប​ធ្មេញ ។

ចំណែក​កញ្ញា​សាឡា​ត់ ស្រី​ឡា​ង បញ្ជាក់​ថា ការ​ដាក់​ធ្មេញ​ដែក​នេះ​មានការ​លំបាក​ខ្លាំង​តែ​៣​ខែ​ប៉ុណ្ណោះ ព្រោះ​ត្រូវ​កល់​ធ្មេញ ។

សុវត្ថិ​ឌី ធា​រី​កា​វិញ​បាន​កៀប​ធ្មេញ​សម្រាប់​កែ​សម្រស់ ដោយ​បាន​វះកាត់​ធ្មេញ​កំណើត​របស់​នាង​ផង​ដែរ ៕