ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អកត្តញ្ញូ​ដល់​ឪពុក​បាក់​ធ្មេញ និង​ទាត់​២​ជើង​ថែម​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​បង្កើត​ម្នាក់​បាន​ប្ដឹង​ឲ្យ​នគរបាល ប៉ុស្ដិ៍​រដ្ឋបាល​កា​កាប​ធ្វើការ​ចាប់ខ្លួន​កូនប្រុស​អកត្តញ្ញូ​របស់​ខ្លួន​ម្នាក់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​បង្កើត​ម្នាក់​បាន​ប្ដឹង​ឲ្យ​នគរបាល ប៉ុស្ដិ៍​រដ្ឋបាល​កា​កាប​ធ្វើការ​ចាប់ខ្លួន​កូនប្រុស​អកត្តញ្ញូ​របស់​ខ្លួន​ម្នាក់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ក្រោយ​ពេល​ដែល​អស់​លទ្ធភាព​ប្រៀនប្រដៅ រហូត​កូន​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ងប់ងុល ហើយ​បាន​ដាល់​កញ្ចប់មាត់​គាត់ បណ្ដាល​ឲ្យ​បាក់​ធ្មេញ ព្រមទាំង​ទាត់​ធាក់​គាត់​ចំនួន​២​ជើង​ថែម​ទៀត​ផង នេះ​គឺជា​ការ​ឈឺចាប់​នឹង​ទទួល​រង​នូវ ភាព​អាម៉ាស់​បំផុត​សម្រាប់​ជីវិត​គាត់ និង​ក្រុម​គ្រួសារ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៨៥A ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ កូនប្រុស​អកត្តញ្ញូ​រូប​នោះ​ឈ្មោះ ឃុន ឫទ្ធា អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ដោយឡែក​បុរស​ជា​ឪពុក​ឈ្មោះ ឡុ​ង រី អាយុ​៦៦​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ជាមួយ​គ្នា​។

បុរស​ជា​ឪពុក​បង្កើត​រូប​នោះ បាន​ប្រាប់​នគរបាល​ថា កូនប្រុស​អកត្តញ្ញូ​ម្នាក់​នេះ បាន​ជ្រុលខ្លួន​ប្រើប្រាស់​គ្រឿងញៀន​យូរ​មក​ហើយ ប៉ុន្តែ​មុន​នឹង​ក្លាយ​ខ្លួន​ជា​មនុស្ស​ញៀន​ថ្នាំ​យ៉ាង​ងប់ងុល​បែប​នេះ គាត់​ដែល​ជា​ឪពុក​បាន​ស្ដីប្រដៅ​ខ្លាំង​ណាស់ ប៉ុន្តែ​មិន​ស្ដាប់​តាម​នោះ​ឡើយ ដោយសារ​តែ​បែប​នេះ​ទើប​ក្លាយជា​ញៀន​ថ្នាំ ម្ដង​។ មិនតែប៉ុណ្ណោះ​ធ្លាប់​បាន​ចូល​មណ្ឌល​កែប្រែ​គ្រឿងញៀន រយៈពេល​៣​ខែ​ថែម​ទៀត​ផង ប៉ុន្តែ​នៅ​តែ​មិន អាច​កែខ្លួន​បាន​ដដែល បន្ទាប់​មក​តែងតែ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ និង​លែង​ដឹង​ខុស​ត្រូវ​ស្គាល់ បុណ្យ​ស្គាល់​បាប ស្គាល់​គុណ​ស្គាល់​ទោស​អ្វី​ទាំងអស់​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ កូនប្រុស​រូប​នេះ​បាន​យក​ថូផ្កា ដែល​គាត់​ដាំ​ដើមឈើ​ទាល នៅ​មុខ​ផ្ទះ​បោះ ចោល​អស់​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ឃើញ​សកម្មភាព​បែប​នេះ គាត់​ជា​ឪពុក​បាន​ឃាត់ ស្រាប់តែ​ត្រូវ​លោក​កូន​ស្រែក​គំរាមកំហែង ព្រមទាំង​ដាល់​ចំ​កញ្ចប់មាត់​បណ្ដាល​ឲ្យ​បាក់​ធ្មេញ និង​ទាត់​ធាក់​គាត់​ចំនួន​២​ជើង​ថែម​ទៀត បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ខណៈនោះ​គាត់​បាន​អត់ធ្មត់ គិត​ថា​មិន​ប្ដឹង​នគរបាល​ទេ ប៉ុន្តែ​បែរជា​កូន​អកត្តញ្ញូ​ម្នាក់​នោះ បានចិត្ត​ត្រឡប់​មក​វិញ អុកឡុក និង​ជេរ​គំរាម​គាត់​សារ​ជា​ថ្មី​ទៀត ទើប​គាត់​ទ្រាំ​លែង​បាន​ក៏​ប្តឹង​ឲ្យ​នគរបាល​ប៉ុស្តិ៍​កា​កាប​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង​៕