ខេត្តឧត្តរមានជ័យ ៖ មនុស្ស៤នាក់រងរបួសធ្ងន់ រួមនឹងស្ត្រីម្នាក់មានផ្ទៃពោះជិតគ្រប់ខែផងដែរ ខណៈជួបគ្រោះចរាចរណ៍ដែលបង្កដោយរថយន្តពីរគ្រឿង កាលពីវេលាម៉ោង០៦និង១០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខP.R១៧៤ ស្ថិតនៅក្នុងភូមិអួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះដែលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ ដែលជាអ្នករួមដំណើរជាមួយរថយន្តម៉ាក សាំយ៉ុង ពណ៍សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២Z-៧៦០៣ ដែលបើកបរដោយឈ្មោះស្រោង ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសធ្ងន់ ។ ដោយឡែកអ្នកបើកបររថយន្តមួយគ្រឿងទៀតចង្កូតស្តាំ ពណ៍ត្រីអី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ឈ្មោះ មុំ រតនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបជាមន្ត្រីយោធា នៅក្នុងអង្គភាពវរៈសេនាតូចលេខ៤១៣ កងពលតូចថ្មើជើងលេខ៤២ រសនៅភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ សាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ៖ គេបានឃើញរថយន្តទាំងពីរគ្រឿងនេះ បើកបរបញ្ច្រសទិសគ្នា ហើយរថយន្តពាក់ស្លាកលេខ ខេមរៈភូមិន្ទ បើកបររេចង្កូតពាសពេញតែផ្លូវ ប្រហែលស្រវឹង ស្រាប់តែទៅបុករថយន្តម៉ាក សាំយ៉ុង យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកធ្វើដំណើរនៅក្នុងរថយន្ត សាំយ៉ុង មនុស្សប្រុសស្រីរងរបួសធ្ងន់ចំនួន៤នាក់ ។
នគរបាលស្រុកអន្លង់វែងបានឱ្យដឹងថា ក្រោយពីកើតហេតុ មន្ត្រីជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ជំហានដំបូងបានជួយនាំអ្នករងរបួសមកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បន្ទាប់មកនគរបាលជំនាញបានធ្វើការវាសវែង រួចយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅអធិការស្រុក រងចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ