ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​លើក​ឡើង​ជុំវិញ​បញ្ហា​ប្រឈម​នៃ​ឧស្សាហកម្ម​កៅស៊ូ​កម្ពុជា

6 ឆ្នាំ មុន

ដំណាំ​កៅស៊ូ​កម្ពុជា ជា​ឧស្សាហកម្ម​ដ៏​ចម្បង​មួយ​ដែល​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​ដល់​សង្គម​ជាតិ ។ បច្ចុប្បន្ន ចម្ការ​កៅស៊ូ​បាន​និង​កំពុង​ដាំ​ដុះ​នៅ​ខេត្ត​មួយ​ចំនួន​ធំ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា

ដំណាំ​កៅស៊ូ​កម្ពុជា ជា​ឧស្សាហកម្ម​ដ៏​ចម្បង​មួយ​ដែល​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​ដល់​សង្គម​ជាតិ ។ បច្ចុប្បន្ន ចម្ការ​កៅស៊ូ​បាន​និង​កំពុង​ដាំ​ដុះ​នៅ​ខេត្ត​មួយ​ចំនួន​ធំ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា ខេត្តកំពង់ធំ​, កំពង់ចាម​, ត្បូងឃ្មុំ​, ក្រចេះ​, ស្ទឹង​ត្រែង​, មណ្ឌលគិរី និង​ខេត្ត​អំណោយផល​ដំណាំ​នេះ​មួយ​ចំនួន​ទៀត ។ យ៉ាងណា​ក៏​ដោយ គិត​មក​ដល់​បច្ចុប្បន្ន ឧស្សាហកម្ម​មួយ​នេះ បើ​ទោះជា​មាន​ស្ថានភាព​ប្រសើរ​ជាង​កាលពី​៥​ទៅ​១០​ឆ្នាំ​មុន​ក្ដី ក៏​អ្នកជំនាញ​មើលឃើញ​ថា វា​នៅ​តែ​ជួប​បញ្ហា និង​កំពុង​ដើរ​ថយក្រោយ​បន្ដិច​ម្ដង​ៗ​ពី​ការ​ក្លាយ​ខ្លួន​ជា​អ្នក​ផលិត​កៅស៊ូ​ដ៏​សំខាន់​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​តម្លៃ​ទីផ្សារ​កៅស៊ូ​លើ​ពិភពលោក​ធ្លាក់​ចុះ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ពី​ប្រទេស​ដែល​មាន​ផលិតកម្ម​កៅស៊ូ​ច្រើន ។ ក្រៅពី​ជួប​បញ្ហា​តម្លៃ​ហើយ ឧស្សាហកម្ម​មួយ​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​អ្នកទិញ​កៅស៊ូ​ខុសច្បាប់ និង​ការ​បង់ពន្ធ​ជាដើម ។

ដើម្បី​បង្ហាញ​ពី​ឧបសគ្គ​នៃ​ទីផ្សារ​ឧស្សាហកម្ម​កៅស៊ូ​កម្ពុជា​កាន់តែ​ច្បាស់ លោក បូ​ដ ចេ​ហ្វ (Jet BOEDT)​អគ្គនាយក​ក្រុមហ៊ុន​SOCFIN ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​កៅស៊ូ​នៅ​ខេត្តមណ្ឌលគិរី លើ​ផ្ទៃដី​៧.៥០០​ហិ​កតា បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្ដិភាព អំពី​ទីផ្សារ និង​បញ្ហា​មួយ​ចំនួន បន្ទាប់​ពី​សមាជិក​នៃ​ប្រទេស​ផលិត​កៅស៊ូ​ធំ​ជាងគេ​លើ​ពិភពលោក រួម​មាន ថៃ ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី បាន​ជួបជុំ​គ្នា​ពិភាក្សា​លើ​ការ​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន ដោយហេតុ​ថា សកម្មភាព​របស់​ពួក​គេ​បាន​ជះ​ឥទ្ធិពល​ដល់​ឧស្សាហកម្ម​កៅស៊ូ​របស់​កម្ពុជា ។

១-​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​កៅស៊ូ​ដ៏​ធំ​មួយ​នៅ​កម្ពុជា អ្នក​គិត​យ៉ាងដូចម្ដេច​ចំពោះ​កិច្ច​ពិភាក្សា​របស់​បណ្ដា​ប្រទេស​ផលិត​កៅស៊ូ​លើ​ពិភពលោក ?
គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​ពិនិត្យ​មើល​ពី​លទ្ធភាព​នៃ​ការ​កាត់​បន្ថយ​ផលិតកម្ម​ដើម្បី​លើកកម្ពស់​តម្លៃ​កៅស៊ូ​បច្ចុប្បន្ន ដែល​កំពុង​មាន​តម្លៃ​ទាប​នៅ​ក្នុង​បណ្ដា​ប្រទេស​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។ អ្នកដឹង​ហើយ​ថា ប្រទេស​ថៃ ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ជា​ប្រទេស​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ធំ​ៗ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។ អ្វី​ដែល​សំខាន់​និង​ជា​ពិសេស​ជាងគេ​នោះ គឺ​នៅ​ប្រទេស​ថៃ កៅស៊ូ​ភាគច្រើន​ត្រូវ​បាន​ផលិត​ដោយ​កសិករ​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ ហើយ​តម្លៃ​កៅស៊ូ​ទាប​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សេដ្ឋកិច្ច​ក្នុងស្រុក ។

កាលពី​ពេល​កន្លង​មក ប្រទេស​ទាំងនេះ​តែងតែ​ប្រកាស​ចេញ​នូវ​សកម្មភាព​ស្រ​ដៀង​ៗ គ្នា​ដើម្បី​កាត់​បន្ថយ​ផលិតកម្ម កុំ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​បន្ដ​ទៀត ។ កាលពី​ឆ្នាំ​មុន ពួក​គេ​បាន​ប្រកាស​ថា នឹង​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ​៦០​លាន​តោន ដែល​ជា​បរិមាណ​មួយ​ដ៏​ច្រើន​នៃ​ផលិតកម្ម​ប្រចាំឆ្នាំ​នៅ​ទូ​ទាំង​ពិភពលោក ប៉ុន្ដែ​បញ្ហា​រហូត​មក​ដល់​ពេល​នេះ គឺថា​វិធានការ​ទាំងនោះ​មិន​ត្រូវ​បាន​អនុវត្ត​ម្ដងណា​ឡើយ ។ ប្រសិនបើ​មានការ​កាត់​បន្ថយ​មែន​នោះ វា​នឹង​មាន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​មួយ​យ៉ាង​ច្បាស់​សម្រាប់​អ្នក​ផលិត​កៅស៊ូ​ទាំងអស់ រួម​ទាំង​កម្ពុជា​ផង​ដែរ ព្រោះថា នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​កាត់​បន្ថយ​នោះ តម្លៃនឹង​មាន​សញ្ញា​វិជ្ជមាន ។

២-​ប្រសិនបើ​ពួក​គេ​យល់ព្រម​កាត់​បន្ថយ​ផលិតកម្ម​មែន តើ​វា​នឹង​ជះ​ឥទ្ធិពល​អ្វីខ្លះ​ដល់​ឧស្សាហកម្ម​កៅស៊ូ​នៅ​កម្ពុជា ?
ដូច​អ្វី​ដែល​បាន​ពន្យល់​ខាងលើ ប្រទេស​ដែល​បាន​ប្រកាស​នូវ​វិធានការ​បែប​នោះ គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ផលិត​កៅស៊ូ​ដ៏​ធំ​ជាងគេ​លើ​ពិភពលោក ហើយ​តម្លៃ​ទីផ្សារ​ក៏​វា​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​តាម​សកម្មភាព​របស់​ពួក​គេ​ដែរ​។ ប្រសិនបើ​ការ​នាំ​ចេញ​របស់​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ​មែន​នោះ បណ្ដា​ប្រទេស​ផលិត​កៅស៊ូ​ខ្នាត​តូច ដូច​ជា​កម្ពុជា​ជាដើម នឹង​ទទួល​បាន​សញ្ញា​វិជ្ជមាន​ពី​សកម្មភាព​ទាំងនេះ ។

៣-​តើ​អ្នក​គិត​ថា​ឆ្នាំ​ក្រោយ​នេះ តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​សកលលោក វា​វិវត្តន៍​យ៉ាងណា​ដែរ ?
វា​ពិបាក​ណាស់​ក្នុង​ការ​និយាយ​ថា ទីផ្សារ​នឹង​ដើរ​ដល់​ណា​សម្រាប់​ស​ប្ដា​ហ៍​ខាង​មុខ ខែ​ខាង​មុខ និង​ពាក់កណ្ដាល​ឆ្នាំ​នេះ ឬ​ពីរ​បី​ឆ្នាំ​ខាង​មុខ​។ ផ្អែក​លើ​បច្ចុប្បន្នភាព​នៃ​តម្លៃ​កៅស៊ូ ឃើញ​ថា វា​មានឱកាស​ច្រើន​ដែល​ទីផ្សារ​អាច​ងើបឡើង​វិញ​ជាង​ធ្លាក់​ចុះ ។ តម្លៃ​កៅស៊ូ​លើ​ទីផ្សារ​អាច​នឹង​ថេរ​មួយ​រយៈ​ដោយ​ស្ថិត​នៅ​ចន្លោះ​១.៣០០​ទៅ​១.៦០០​ដុល្លារ​ក្នុង​១​តោន ។ តម្លៃ​កៅស៊ូ​លើ​ទីផ្សារ​បច្ចុប្បន្ន វា​អាស្រ័យ​លើ​ផ្នែក​ផ្គត់ផ្គង់​ជាង​ផ្នែក​តម្រូវការ ជា​ពិសេស សេដ្ឋកិច្ច​ចិន​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ជាមួយ​តម្លៃ​កៅស៊ូ​ធម្មជាតិ ខណៈ​ដែល​ប្រទេស​នេះ​ជា​អ្នក​នាំ​ចូល​កៅស៊ូ​ដ៏​ធំ​ស្ទើរ​គ្របដណ្តប់​ដល់​៤០%​នៃ​ផលិតកម្ម​កៅស៊ូ​លើ​ពិភពលោក ។ សេដ្ឋកិច្ច​ថមថយ​នៅ​ប្រទេស​ចិន ពិត​ណាស់​វា​បាន​ប៉ះពាល់​ដល់​ទំនិញ​ទាំងអស់ ប៉ុន្ដែ​បញ្ហា​ភាគច្រើន​កើត​ចេញពី​ភាគី​ផ្គត់ផ្គង់ ។ ដើម​កៅស៊ូ​ជា​ច្រើន​ដែល​បាន​ដាំ​កាលពី​១០​ឆ្នាំ​ចុង​ក្រោយ ក្នុងអំឡុងពេល​តម្លៃ​កៅស៊ូ​កើនឡើង​ខ្ពស់​នោះ ពេល​នេះ​វា​កំពុង​ពេញវ័យ​អាច​ផលិត​បាន​យ៉ាង​ពេញលេញ ។ ដូច្នេះ ការ​ផលិត​នឹង​កើនឡើង​លឿន​ជាង​ការ​ប្រើប្រាស់ ដែល​បង្កើត​ឲ្យ​មាន​ផល​លើស​ដ៏​មហិមា​មួយ ។ ខ្ញុំ​មាន​ជំនឿ​ថា ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ការ​ផ្គត់ផ្គង់​និង​តម្រូវការ នឹង​មាន​តុល្យភាព​ជាង​មុន ហើយ​ពេល​នោះ​នឹង​បង្កើត​ឲ្យ​តម្លៃ​មាន​ស្ថិរភាព​បន្ថែម​ទៀត​។ ក្នុង​នាម​ជា​ផលិតករ​ម្នាក់ អ្នក​គ្មាន​ជម្រើស​ណាមួយ​ល្អ​ជាង​ធ្វើការ​បាន​ល្អជា​មួយ​ថ្លៃដើម​នៃ​ផលិតកម្ម​របស់​អ្នក និង​ត្រួតពិនិត្យ​ពួក​វា​នោះ​ទេ ។ ក្នុង​នាម​ជា​កសិករ​ម្នាក់ អ្នក​អាច​សម្រេចចិត្ត​ឈប់​ចៀរ​ជ័រ ប៉ុន្ដែ​ក្នុង​ករណី​ខ្លះ​វា​ពិបាក​ក្នុង​ការ​ធ្វើ​សម្រេចចិត្ត ពីព្រោះ​មនុស្ស​ត្រូវការ​ចំណូល​ប្រកបដោយ​ស្ថិរភាព​មួយ ។

៤-​តើ​ធ្វើ​យ៉ាងណា ដើម្បី​កែ​លម្អ និង​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កៅស៊ូ​នៅ​កម្ពុជា ហើយ​អ្វី​ជា​ចំណុចខ្សោយ​នោះ ?
ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​យឺត​ៗ​ជា​ថ្មី​ម្ដងទៀត​ក្នុង​ការ​ក្លាយជា​អ្នក​ផលិត​កៅស៊ូ​ដ៏​សំខាន់​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ។ សម្រាប់​អ្នក​ផលិត​ខ្នាត​តូច​នៅ​កម្ពុជា ការ​ដាំ​ដុះ​និង​ប្រមូល​ផល​កៅស៊ូ​ជួយ​ឲ្យ​ចំណូល​មាន​ស្ថិរភាព ។ កម្ពុជា​នឹង​ត្រូវការ​រចនាសម្ព័ន្ធ​ឲ្យ​បាន​ច្រើន ដូច​ជា​រាជរដ្ឋាភិបាល​ត្រូវ​ត្រួតពិនិត្យ​លើ​ពាណិជ្ជកម្ម​កៅស៊ូ ។ ការ​ដាំ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា ក៏​ត្រូវការ​ផង​ដែរ​នូវ​ការ​ប្រកួតប្រជែង​ការ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ។  អ្នកទិញ​ខុសច្បាប់ អាច​ផ្ដល់​នូវ​តម្លៃ​ខ្ពស់​ជាង​ទៅ​កាន់​កសិករ​ខ្នាត​តូច ដោយសារ​តែ​ពួក​គេ​មិន​បង់ពន្ធ​អ្វី​ទាំងអស់​ទៅ​រាជរដ្ឋាភិបាល ដែល​វា​គ្រោះថ្នាក់​បំផុត​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ប្រទេស ។

៥-​ជា​ទស្សនៈ​ផ្ទាល់ខ្លួន តើ​អាជ្ញាធរ​គ្រប់គ្រង​កៅស៊ូ ឬ​រាជរដ្ឋាភិបាល​កម្ពុជា គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ឧស្សាហកម្ម​កៅស៊ូ​កម្ពុជា​ប្រសើរ​ឡើង ?
បញ្ហា​ពន្ធ​នាំ​ចេញ​កៅស៊ូ​នៅ​តែ​ជា​ក្ដី​បារម្ភ​ដ៏​ធំ​សម្បើម​សម្រាប់​អ្នក​ដាំ​កៅស៊ូ​នៅ​កម្ពុជា ជា​ពិសេស ខណៈ​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​បញ្ហា​តម្លៃ​កៅស៊ូ​ថោក​នៅ​លើ​ទីផ្សារ ដូច​ជា​ពួក​យើង​នា​ពេល​នេះ​អីចឹង ។ ការ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​ដែល​ជា​អ្នក​ផលិត​កៅស៊ូ​មិន​មាន​បង់ពន្ធ​ជូន​រដ្ឋ​នោះ បាន​ក្លាយជា​បញ្ហា​ដ៏​លំបាក​បំផុត ៕