ខេត្តកណ្តាល ៖ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាននាំគ្នារអ៊ូរទាំរឿងបញ្ហាគំនរសំរាមជះក្លិនស្អុយអសោចឆួលពេញក្នុងផ្សារអង្គុយលក់ដូរទ្រាំស្ទើរពុំបាន ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការប៉ះពាល់ដល់សុខភាពទៅថ្ងៃមុខ។ អាជីវករលើកឡើងថា ពួកគាត់បង់លុយភាស៊ីមិនដែលអាក់ខានម្តងណាទេ ចុះហេតុអ្វីបានជាលោកប្រធានផ្សារ ឈ្មោះ អ៊ិន យ៉ុម បណ្តោត បណ្តោយ ឲ្យកូនចៅប្រមូលសំរាមយកមកចាក់គរចោលដូចភ្នំនៅខាងក្រោយខ្នងពួកគាត់អង្គុយលក់ដូរទៅវិញ។
អាជីវករបន្តថា បន្ទាប់ពីចាក់គរចោលគេឃើញអ្នកមកប្រមូលយកតែអាខាងលើ រីឯខាងក្រោមនៅសល់ដដែលទុកចោលរហូតទាល់តែរលេះរលួយមានដង្កូវរងើម មើលទៅគួរឲ្យខ្ពើមរអើមជះក្លិនស្អុយអសោច មិនត្រឹមតែឆួលពេញក្នុងផ្សារទេ សូម្បីតែអ្នកនៅខាងក្រៅផ្សារក៏ទ្រាំពុំចង់បានដែរ ជាពិសេសពេលហូបបាយម្តងៗចង់ក្អួតចង្អោរ។ អាជីវករបញ្ជាក់បន្តថា នាពេលមានភ្លៀងធ្លាក់ក្លិនស្អុយជះឆួលកាន់តែខ្លាំងស្ទើរតែថប់ដង្ហើម ហើយកាកសំណល់សំរាមស្អុយរលួយបានហូរលាយឡំជាមួយទឹកភ្លៀងធ្លាក់ចូលទៅក្នុងទឹកស្ទឹងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅអមសងខាងស្ទឹងកំពុងប្រើប្រាស់ទឹកជាប្រចាំ។ ពលរដ្ឋជាច្រើនរិះគន់ថាចំណុចនេះគឺជាកន្លែងកំពង់ចម្លងទូកដរឆ្លងសិស្សសាលាតូចៗ និងពលរដ្ឋមកផ្សារទិញម្ហូបអាហារព្រឹកល្ងាចមិនគួរណា លោក អ៊ិន ប្រធានផ្សារយកសំរាមមកចាក់គរនៅទីនេះសោះដែលវានាំឲ្យប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់សុខភាពសិស្សតូចៗ។
និយាយទៅលោក អ៊ិន យ៉ុមមិនដែលខ្វាយខ្វល់គិតគូរពីបញ្ហាអនាម័យ សោភ័ណភាពក្នុងផ្សារ ឬការប៉ះពាល់ដល់សុខភាពពលរដ្ឋនោះទេ គឺដឹងតែពីយកលុយធ្វើមានបានខ្លួនឯងជាការស្រេច ព្រោះរឿងសំរាមក្នុងផ្សារគគីរនេះកើតមានយូរឆ្នាំហើយមិនដែលឃើញអាជ្ញាធរ ឬមន្ត្រីជំនាញណាមួយដោះស្រាយជូនអាជីវករ និងពលរដ្ឋនោះទេទោះបីពួកគាត់សំណូមពរច្រើនលើកច្រើនសារទៅអាជ្ញាធរក៏ដោយ។ ពាក់ព័ន្ធបញ្ហានេះអ្នកយកព័ត៌យើងមិនអាចទំនាក់ទំនងសូមការបំភ្លឺពីលោក អ៊ិន យ៉ុម ប្រធានផ្សារបានទេ។ ចំណែកលោក ឈុន វណ្ណៈប្រធានការិយាល័យបរិស្ថានស្រុកកៀនស្វាយ ក៏មិនអាចទំនាក់ទំនងបានដែរ ព្រោះទូរសព្ទ័ចូលមិនមានទទួល៕
ចែករំលែកព័តមាននេះ