ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានផលឯណាដែលកើតឡើងដោយគ្រាន់តែបន់ស្រន់ ឬបួងសួងនោះឡើយ

6 ឆ្នាំ មុន

ការងារ​អ្វី​ៗ​ដែល​នឹង​សម្រេច​ផល​ទៅ​បាន លុះណាតែ​បុគ្គល​ប្រឹងប្រែង ព្យាយាម​ធ្វើ ព្យាយាម​ប្រព្រឹត្ត​ប្រតិបត្តិ​យ៉ាង​ខ្លាំងក្លា​បំផុត និង​ត្រឹមត្រូវ​ណាស់ ទើប​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការងារ​នោះ​នោះ មិនមែន​សម្រេច​ដោយ​គ្រាន់តែ

ការងារ​អ្វី​ៗ​ដែល​នឹង​សម្រេច​ផល​ទៅ​បាន លុះណាតែ​បុគ្គល​ប្រឹងប្រែង ព្យាយាម​ធ្វើ ព្យាយាម​ប្រព្រឹត្ត​ប្រតិបត្តិ​យ៉ាង​ខ្លាំងក្លា​បំផុត និង​ត្រឹមត្រូវ​ណាស់ ទើប​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការងារ​នោះ​នោះ មិនមែន​សម្រេច​ដោយ​គ្រាន់តែ​សុំ​ប្រាថ្នា ឬ​ដោយ​គ្រាន់តែ​ហាមាត់​អង្វរករ​បន់ស្រន់​នោះ​ទេ ។ រីឯ​ការ​ប្រតិបត្តិ​គុណធម៌​តាម​បែប​លទ្ធិ​សាសនា​វិញ​ក៏​មិន​ខុស​គ្នា​ដែរ ពោល​គឺ​មាន​ច្រើន​ថ្នាក់ ច្រើន​វគ្គ​ជា​អនេក តែ​លោក​ពោល​ថា គុណធម៌​គឺ​សីល​ជា​ថ្នាក់​ដើម​បំផុត ។ សីល​លោក​ទុក​ដូច​ភូមិ​ផែនដី គុណធម៌​ដទៃ​ៗ​ទុកដូចជា​ពូជ មាន​ផែនដី​គឺ​សីល​បរិបូណ៌​ហើយ ទើប​ពូជ​ធារ​គឺ​គុណធម៌​ដទៃ​ៗ​អាច​លូតលាស់​ដុះដាល​ចម្រើន​ឡើងជា​លំដាប់​ទៅ​បាន ។

អ្នក​បរិបូណ៌​ដោយ​សីល​រមែង​មាន​សេចក្តី​ត្រជាក់​ចិត្តជា​ថ្នាក់​ៗ​ឡើង​ទៅ​ដូច​ព្រះ​បរម​សាស្តា​ជា​ម្ចាស់​សាសនា​ទ្រង់​ត្រាស់​សរសើរ​អានិសង្សសីល​ថា ឥ​ច្ឆ​តិ ហិ ភិក្ខុ​វេ សីល​វ​តោ ចេ​តោ ប​ណិ​ធិ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ប្រាថ្នា​ដែល​តាំងនៅ​ក្នុង​ចិត្ត​អ្នកមាន​សីល​រមែង​បាន​សម្រេច​អ្វី​ៗ​ដូច​បំណង ។ ព្រោះ​មាន​ពុទ្ធភាសិត​ដូច្នេះ​បានជា​ក្នុង​ទីបំផុត​នៃ​ការ​សមាទានសីល លោក​អ្នក​ឱ្យ​សីល​តែង​សំដែង​អានិសង្សសីល​ប្រាប់​អ្នក​សមាទាន ហើយ​ទូន្មាន​ឱ្យ​អប់រំ​ឱ្យ​ដុសខាត់​សម្អាត​សីល​ថា សត្វ​ទាំងឡាយ​បាន​សុគតិភព ក៏​ព្រោះ​សីល បាន​ភោគៈ​ព្រោះ​សីល បាន​រំលត់ទុក្ខ​ក៏​ព្រោះ​សីល ហេតុ​នោះ​អ្នក​សមាទានសីល​គប្បី​ជម្រះ​សីល​របស់​ខ្លួន​ឱ្យ​បរិសុទ្ធ​ចុះ ។

តាម​សេចក្តី​ក្នុង​ពុទ្ធភាសិត​នេះ​ឃើញ​ថា កាល​ជន​ទាំងឡាយ​ជា​អ្នក​រក្សាសីល មាន​សីល​៥​ជាដើម ពេល​កំពុង​សមាទាន​សិក្ខាបទ​នោះ នៅ​ជា​សីល​បណ្តោះអាសន្ន​នៅឡើយ​ទេ លុះតែ​សមាទាន​ហើយ អ្នក​សមាទាន​នោះ​បាន​ជួបនឹង​សត្វ​គួរ​សម្លាប់​មិន​សម្លាប់ ជួបនឹង​ទ្រព្យ​គេ​គួរ​លួច​មិន​លួច ជួបនឹង​ស្រី​ស្អាត​គួរ​សេពសន្ថវៈ​មិន​រួមរ័ក ជួបនឹង​ពាក្យ​គួរ​ភូត​កុហក​មិន​ភូតភរ ជួបនឹង​សុរា​ឬ​ថ្នាំ​ញៀន​គួរ​សេព​មិន​សេព ទើប​បានជា​សីល​ស្ថាពរ ។

តាម​សេចក្តី​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា និច្ចសីល​គឺ​សីល​៥ ដែល​ត្រូវ​រក្សា​ជា​និច្ច​មិន​ចាំបាច់​ទៅ​សមាទាន​អំពី​បុគ្គល​ដទៃ​ទេ គ្រាន់តែ​តាំងចិត្ត​ថា​ជា​អ្នករក្សា​គ្រប់​សិក្ខាបទ​ទាំង​៥ ហើយ​វៀរចាក​គ្រប់​អំពើអាក្រក់​ទាំង​៥​យ៉ាង មានការ​សម្លាប់​ជាដើម​ទៅ​ក៏​បានជា​សីល​ពិតប្រាកដ​ហើយ ។ ការ​ដែល​សមាទាន​អំពី​អ្នក​ដទៃ​នោះ គឺ​គ្រាន់តែ​ពោល​ប្រាប់​គេ​ថា ខ្លួន​បាន​រក្សា​សិក្ខាបទ​នេះ​មួយ​ៗ​ឱ្យ​គេ​ជួយ​ជា​សាក្សី​ដឹង​ឮ​ប៉ុណ្ណោះ ត្រង់​ការ​រក្សា​សិក្ខាបទ​នោះ​ៗ ស្រេច​ហើយ​តែ​នៅ​លើ​ខ្លួនឯង​ផ្ទាល់ មិនមែន​ឱ្យ​អ្នក​ឱ្យ​សីល​នោះ​គេ​ជួយ​រក្សា​ជួស​យើង​បាន​ទេ ៕
(​​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយសម្រាប់ថ្ងៃសីល ១៤រោច ខែជេស្ឋ​)