ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់? សម ថា​រ័​ត្ន និយាយ​អ្វីខ្លះ​ពី​ការ​ប្រកួត​អន្តរជាតិ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​១ កក្កដា ខាង​មុខ​នេះ កីឡាការិនី សម ថា​រ័​ត្ន នឹង​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ក្បាច់គុន​ចម្រុះ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​នាង​មមាញឹក​នឹង​សកម្មភាព​ថតកុន ហើយ​ខកខាន​

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​១ កក្កដា ខាង​មុខ​នេះ កីឡាការិនី សម ថា​រ័​ត្ន នឹង​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ក្បាច់គុន​ចម្រុះ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​នាង​មមាញឹក​នឹង​សកម្មភាព​ថតកុន ហើយ​ខកខាន​ការ​ប្រកួត​នៅ​លើ​សង្វៀន​បែប​នេះ​ប្រមាណ​ជិត​មួយ​ឆ្នាំ ។ នាង​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ជា​ច្រើន​សម្រាប់​ជំនួប​ដ៏​ក្ដៅ​គគុក​ជាមួយ​កីឡាការិនី​ជើង​ខ្លាំង​ថៃ ប៉ុន្តែ​ក៏​មិនសូវ​មាន​ជំនឿ​ចិត្តច្រើន​ដែរ ដោយសារ​តែ​អះអាង​ថា នាង​អន់​ជើង​ក្រោម និង​មិន​បាន​ហូប​ចុក​ទៀងពេល​ព្រោះតែ​ជាប់រវល់​ថតកុន​ផង​នា​ពេល​ចុង​ក្រោយ ។

សម ថា​រ័​ត្ន និយាយ​ថា នាង​គ្មាន​ការ​ប្រកួត​តាំងពី​ខែ​១០​ក្នុង​ឆ្នាំ​២០១៦​ដោយ​នាង​មិនមែន​មិន​ទទួល​ប្រកួត​នោះ​ទេ ប៉ុន្តែ​មក​ពី​គ្មាន​អ្នក​ណា​ផ្គូផ្គង​ឱ្យ​នាង​ប្រកួត​ទើប​នាង​ចេះ​តែ​ងាក​ទៅ​ថតកុន ហើយ​មមាញឹក​នឹង​ការងារ​សិល្បៈ​ជា​ជំនួស​វិញ ។ នាង​ថា ខ្លួន​ទើបតែ​ត្រូវ​គណៈកម្មការ​ក្បាច់គុន​ចម្រុះ​សម្រេច​ឱ្យ​ឡើង​ប្រកួត​ជា​ថ្មី​ម្ដងទៀត​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​នេះ​ប៉ុណ្ណោះ ដោយ​នាង​ត្រូវ​គេ​ឱ្យ​ប្រកួត​ជាមួយ​កីឡាការិនី​ថៃ​នៅ​លើ​សង្វៀន​ទីក្រុង​បាងកក​នា​ថ្ងៃ​ទី​១ កក្កដា ។

នាង​ថា នេះ​មិនមែន​ជា​ការ​ប្រកួត​លើក​ទី​១​របស់​ខ្លួន​នោះ​ទេ ដោយសារ​តែ​នាង​ធ្លាប់​ទទួល​ការ​ប្រកួត​ជាមួយ​គណៈកម្មការ​អន្តរជាតិ​មួយ​នេះ​៤​លើក​មក​ហើយ ដោយ​គ្រាន់តែ​ទឹកដី​ថៃ​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ​គឺជា​លើក​ទី​១ ។ នាង​ថា ការ​ប្រកួត​ទាំង​៤​លើក​នោះ គឺ​សុទ្ធតែ​នៅ​ក្រៅ​ស្រុក​ទាំងអស់​ដូច​ជា​នៅ​សិង្ហ​បុរី និង​ហ្វ៊ី​លី​ពី​ន ហើយ​ទទួលលទ្ធផល​ឈ្នះ​២​លើក និង​ចាញ់​២​លើក ។

សម្រាប់​ការ​ប្រកួត​ជា​ថ្មី​ម្ដងទៀត​នេះ នាង​អះអាង​ថា បាន​ត្រៀមខ្លួន​មិន​ក្រោម​១​ខែ​ពេញ​នោះ​ទេ ទម្រាំ​តែ​ដល់​ថ្ងៃ​ប្រកួត ដោយ​នាង​បាន​ទាំង​ផ្អាក​ទទួល​ការងារ​ថតកុន ដែល​បាន​ទាក់ទង​មក​ថ្មី ហើយ​ទទួល​ថត​តែ​ការងារ​ដែល​នៅ​សេសសល់ ដើម្បី​កុំឱ្យ​ប៉ះពាល់​ការ​ហ្វឹកហាត់​នោះ​ផង ។ នាង​ថា សប្បាយចិត្ត​ដែល​បាន​ឡើង​ប្រកួត​ជា​ថ្មី តែ​ក៏​មិនសូវ​មាន​ជំនឿ​ចិត្ត​ផង​ដែរ ដោយសារ​តែ​កីឡាការិនី​ដែល​នាង​ត្រូវ​ប៉ះ​ជាមួយ​គឺជា​កីឡាករ​ជើង​ខ្លាំង ហើយ​នាង​ខ្លួនឯង​បើ​ធៀប​នឹង​ពេល​ប្រកួត​ញឹក​កាលពី​ច្រើន​ឆ្នាំ​មុន គឺ​ពេល​នេះ​ហាក់ដូចជា​ធ្លាក់​ជើង​ក្រោម​បន្តិច ។ នាង​ថា គ្រូបង្វឹក​សរសើរ​ថា នាង​មាន​គ្រឹះ​ល្បុក្កតោ និង​ក្បាច់គុន​បុរាណ​ខ្មែរ​ល្អ តែ​សម្រាប់​ជើង​ក្រោម​របស់​នាង​គឺ​មាន​បញ្ហា ទើប​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​នាង​ត្រូវ​ចំណាយពេល​ជាមួយ​កីឡាករ​ជំនាញ​ៗ​ជា​គ្រូបង្វឹក​ដើម្បី​ពង្រឹង​ជើង​ក្រោម ។ នាង​ថា ការ​ប្រកួត​ក្បាច់គុន​ចម្រុះ​មិន​ខុស​ពី​វ៉ៃ​គ្នា​ឆ្កួត​ៗ​លើ​រេញ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ឱកាស​គ្រោះថ្នាក់​គឺ​មាន​តិច​ជាង​ការ​ប្រកួត​ប្រដាល់សេរី ដោយសារ​តែ​លក្ខខណ្ឌ​សម្រាប់​ការ​ប្រកួត គឺ​ឱ្យ​តែ​ភាគី​ណាមួយ​ដួល​សន្លប់​គេ​អត់​រាប់​ទេ គឺ​ឱ្យ​ចាញ់​តែ​ម្ដង ដែល​នាង​យល់​ថា​នោះ​ជា​បញ្ហា​មួយ​ដែល​មិន​បង្ក​គ្រោះថ្នាក់ ។

នាង​មាន​គម្រោង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​អំឡុង​២​ថ្ងៃមុន​ប្រកួត ឬ​មួយ​ថ្ងៃមុន​ប្រកួត​តាម​ជើង​យន្តហោះ ដោយ​នាង​អះអាង​ថា សម្រាប់​មួ​យស​ប្ដា​ហ៍​រាប់​ពី​ថ្ងៃនេះ​ទៅ គឺ​ដឹង​តែ​ហាត់​អត់​មាន​ពេល​សម្រាក​តែ​ម្ដង ។ នាង​មិន​ចង់​បរាជ័យ​នៅ​លើ​សង្វៀន​នោះ​ទេ ដោយសារ​តែ​នាង​នៅ​ចង់​ប្រកួត និង​ចង់បាន​តម្លៃ​ខ្លួន​ពី​ការ​ប្រកួត​អន្តរជាតិ​បែប​នេះ​ជា​ជាង​ការ​សម្ដែង ។ នាង​ថា ការ​សម្ដែង​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ការ​ប្រកួត​លើ​រេញ​អន្តរជាតិ​គឺ​បាន​តម្លៃ​ខ្លួន​ខ្ពស់ ប្រហាក់ប្រហែល​នឹង​១​ពាន់​ដុល្លារ ដែល​នាង​យល់​ថា​ជា​ចំនួន​ខ្ពស់ ព្រោះ​ការ​ហ្វឹកហាត់​ដ្បិតថា​ត្រូវ​ត្រៀម​ច្រើន ប៉ុន្តែ​ក៏​ជា​ការងារ​ជា​ប្រចាំ​ដែល​នាង​ត្រូវធ្វើ​ទៅ​ហើយ ។

នាង​មិន​ហ៊ាន​ប្រកាស​ថា ការ​ប្រកួត​នៅ​យប់​ថ្ងៃ​ទី​១ កក្កដា ខាង​មុខ​នឹង​មាន​លទ្ធផល​ឈ្នះ​ត្រឡប់​មក​វិញ​នោះ​ទេ តែបើ​ការ​ប្រកួត​នោះ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​គឺ​ពិតជា​ធ្វើ​ឱ្យ​នាង​បាត់បង់​ទីផ្សារ​ក្រៅ​ស្រុក​ដែល​ជា​ចំណូលចិត្ត​របស់​ខ្លួន ។ នាង​ប្រកាស​ថា​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ថ្វី​ដ្បិតតែ​ការ​ខាន​ប្រកួត​យូរ និង​ការ​ទទួល​ថត​រឿង​បាន​ធ្វើ​ឱ្យ​នាង​ពិបាក​បាយ​ទឹក​ត្រូវ​ម៉ោង ហើយ​ប៉ះពាល់​ដល់​កម្លាំង​មួយ​ចំនួន​មុន​ពេល​ហ្វឹកហាត់ ។

ការ​ប្រកួត​លើក​នេះ កីឡាការិនី​សម ថា​រ័​ត្ន បាន​ចាត់​ទុក​ថា ជា​ការ​ប្រកួត​សំខាន់​មួយ បន្ទាប់​ពី​នាង​បាត់​មុខ​អស់​ច្រើន​ខែ​ដោយសារ​តែ​គ្មាន​ការ​ផ្គូផ្គង ។ នាង​បង្ហាញ​ពី​ការ​បារម្ភ​ក្នុង​ពេល​ដែល​នាង​គឺជា​ធនធាន​កីឡាការិនី​ដែល​មានការ​ប្រឹងប្រែង​មួយ​រូប ប៉ុន្តែ​មិន​មានការ​ប្រកួត​ណាមួយ​ដើម្បី​កម្ដៅ​សាច់ដុំ ហើយ​រង់​ចាំតែ​ការ​ប្រកួត​អន្តរជាតិ​ដែល​យូរ​ៗ​ខែ​ទើប​មាន​ម្ដង ។

ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ក្រៅពី​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​បង្អួត​សមត្ថភាព​នៅ​ក្នុង​ទីក្រុង​បាងកក នាង​ក៏​ត្អូញត្អែរ​ពី​ការ​ប្រិតប្រៀង​លើ​របប​អាហារ​ដើម្បី​រក្សា​ទម្ងន់ និង​ថែ​សុខភាព​ផង​ដែរ ដោយសារ​នាង​មិន​បាន​យកចិត្តទុកដាក់​លើ​រឿង​នេះព្រោះ​មិន​មានការ​ប្រកួត​ច្រើន​ខែ​មក​ហើយ លុះ​មក​ប្រើ​ពេល​មួយ​ខែ​ចុង​ក្រោយ​ដើម្បី​ហ្វឹកហាត់ និង​កំណត់​របប​អាហារ​វិញ​គឺ​ពិត​ជា​លំបាក ។ នាង​សារភាព​ថា មិនមែន​តែ​រូប​នាង​នោះ​ទេ​គឺ​កីឡាករ​ណា​ក៏​ដោយ​ឱ្យ​តែ​គ្មាន​ការ​ប្រកួត នោះ​ការ​ម៉ត់ចត់​ចំពោះ​របប​អាហារ និង​ការ​ហ្វឹកហាត់​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់ ទើប​អាច​បណ្ដាល​ឱ្យដៃ​ជើង​ស្ពឹក​ស្រពន់ ហើយ​ស្ថានភាព​សុខភាព​ក៏​នឹង​មានការ​ប្រែប្រួល​ប្រ​សិន​បើ​ទម្ងន់​ឡើង​ចុះ​ខុស​ប្រក្រតី ។ ទោះបី​យ៉ាងណា សម ថា​រ័​ត្ន បាន​អះអាង​ថា ក្នុង​នាម​ជា​កីឡាការិនី​ម្នាក់​ដែល​មានឈ្មោះ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​គឺ​មិន​ចង់​ចាញ់​ត្រឡប់​មក​វិញ​នោះ​ទេ តែ​អាច​បណ្ដាល​មក​ពី​ស្ថានភាព​ដែល​នាង​រៀបរាប់​ខាងលើ​គឺជា​ផល​រាំងស្ទះ ទើប​មាន​កីឡាករ​ខ្លះ ដោយ​នាង​បាន​សំដៅលើ​ខ្លួនឯង​ផង មានការ​ប្រែប្រួល ។ អ្វី​ដែល​នាង​ត្រូវ​គិត​មួយ ​ទៀត​គឺ​ថែ​សុខភាព​កុំឱ្យ​មានការ​ប៉ះពាល់​នៅ​មុន ​ពេល​ប្រកួត ជា​ពិសេស​គឺ​ជំងឺ​ផ្ដាសាយ​ដែល​មាន ការ​រាលដាល​ដល់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​អំឡុង​ខែ​ធ្លាក់​ភ្លៀង​នា​ពេល​នេះ​៕