សារព័ត៌មាន«Childcare.co.vk»របស់អង់គ្លេសផ្សាយថា ប្តីប្រពន្ធមួយគូនៅភូមិតូចមួយជាប់ព្រំដែនស្កុតលែន បានប្រកាសជួលអ្នកថែទាំកូន២នាក់ អាយុ៥ឆ្នាំ និង៧ឆ្នាំ ដោយផ្តល់ប្រាក់ឈ្នួល៦៣.០០០ដុល្លារក្នុងមួយឆ្នាំ រួមទាំងថ្ងៃឈប់សម្រាកក្នុង១ឆ្នាំ២៨ថ្ងៃ ។ ការប្រកាសជួលអ្នកថែទាំកុមារនោះបន្ទាប់ពីអ្នកថែទាំជាច្រើននាក់លាឈប់កាលពីឆ្នាំមុន ក្នុងហេតុផលខ្មោចលង ។
«Childcare.co.vk» បានចុះផ្សាយដោយមិនបង្ហាញឈ្មោះប្តីប្រពន្ធនោះទេ ប៉ុន្តែនៅក្នុងសេចក្តីប្រកាសជ្រើសរើសអ្នកថែទាំក្មេងបញ្ជាក់ថា ស្ត្រីជាប្រពន្ធ និងប្តីជាប់រវល់ការងារជាប្រចាំ និងត្រូវធ្វើដំណើរឆ្ងាយពីផ្ទះជាញឹកញាប់ ហើយមានពេលខ្លះមិនបានត្រឡប់ទៅផ្ទះដល់ទៅ៤ថ្ងៃឯណោះ ។ ដូច្នេះហើយទើបប្រកាសជ្រើសរើសអ្នកថែទាំកូនចំនួន២នាក់ ។ តួនាទីចម្បងត្រូវត្រៀមអាហារពេលព្រឹក នាំក្មេងទៅសាលារៀន និងទៅទទួលពេលចេញពីសាលា ជួយបង្រៀននៅផ្ទះ និងនាំក្មេងឱ្យចូលគេង ។
ផ្ទះរបស់ប្តី-ប្រពន្ធនោះស្ថិតនៅក្នុងភូមិតូចមួយមានទេសភាពស្រស់ត្រកាល ។ អ្នកថែទាំក្មេងមានបន្ទប់សម្រាកផ្ទាល់ខ្លួន មានផ្ទះបាយ និងបន្ទប់ទឹកនៅក្នុងបន្ទប់គេងរៀងខ្លួន ។
នៅពេលទិញដំបូងមិនមានការបញ្ជាក់ប្រាប់២នាក់ប្តីប្រពន្ធនោះថា ផ្ទះមាន «ខ្មោចសណ្ឋិត» ទេ ។ ទោះជាយ៉ាងណាក្តី ម្ចាស់ផ្ទះមិនធ្លាប់ជួបខ្មោចលងទេ ។
អ្នកថែទាំកុមារដែលលាឈប់ក្នុងរយៈពេលពី២ទៅ៣ឆ្នាំកន្លងមកសរុប៥នាក់ បានលើកហេតុផលថាការសុំឈប់ព្រោះ«ត្រូវខ្មោចលង» ។
អ្នកថែទាំក្មេងខ្លះបញ្ជាក់ថា មានឮសំឡេងខ្លាំងដ៏ចម្លែក រីឯខ្លះទៀតបញ្ជាក់ថា មានឮសំឡេងបែកកែវ ឮសំឡេងផ្ទេរផ្លាស់គ្រឿងសង្ហារិមនៅក្នុងផ្ទះ ៕
ចែករំលែកព័តមាននេះ