ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីកេ​រឿង «​កាកី​» សម្តែង​ដោយ​ជោគជ័យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកសម្របសម្រួល និង​ទំនាក់ទំនង​កម្មវិធី​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​លោក​គាត សុ​គី​ម បាន​ប្រកាស​ពី​ជោគជ័យ​នៃ​កម្មវិធី​សម្តែង​ល្ខោន​យីកេ​រឿង «​កាកី​» ដ្បិត​ទទួល​បានការ​គាំទ្រ​ពី

រាជធានី​ភ្នំពេញ ៖ អ្នកសម្របសម្រួល និង​ទំនាក់ទំនង​កម្មវិធី​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​លោក​គាត សុ​គី​ម បាន​ប្រកាស​ពី​ជោគជ័យ​នៃ​កម្មវិធី​សម្តែង​ល្ខោន​យីកេ​រឿង «​កាកី​» ដ្បិត​ទទួល​បានការ​គាំទ្រ​ពី​អ្នក​ទស្សនា ។ ល្ខោន​យីកេ​រឿង «​កាកី​» សម្តែង​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ២០១៧ រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ សហការ​ជាមួយ​ក្រុម​យីកេ​អមតៈ និង​កម្មវិធី​បុណ្យ នៅ​សារមន្ទីរ​ជាតិ ។

លោក​គាត សុ​គី​ម ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ទស្សនីយភាព​ល្ខោន​យីកេ​រឿង «​កាកី​» ទទួល​ការ​គាំទ្រ​ពី​អ្នក​ទស្សនា ដោយ​សំបុត្រ​លក់ដាច់​គ្មាន​សល់ បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​មួយរ​យៈមក ។ ទស្សនិកជន​ដែល​ចូល​ទស្សនា​ភាគច្រើន​ជនជាតិ​ខ្មែរ ខណៈ​បរទេស​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ  ។ នេះ​គឺជា​ជោគជ័យ​មួយ​ដែល​អ្នក​រៀបចំ​កម្មវិធី​ចង់បាន ។

ការ​សម្តែង​យីកេ​នេះ រៀបចំ​ក្រោម​គម្រោង​ដែល​មានឈ្មោះ​ថា «​សហគ្រាស​អភិវឌ្ឍន៍​សិល្បៈ​»​ដែល​គម្រោង​នេះ​ធ្វើ​ឡើង​១​ខែ​ម្តង ដោយ​ក្នុង​នោះ​បាន​នាំ​សិល្បករ​ដែល​មិនសូវ​មានឱកាស​សម្តែង​ឲ្យ​ចូលរួម​សម្តែង​ជូន​ទស្ស​និក​នៅ​លើ​ឆាក​សិល្បៈ​ផ្លែផ្កា ។

ឱកាស​នោះ​មិន​ត្រឹមតែ​ផ្តល់​ជូន​ទស្សនីយភាព​យីកេ​ប៉ុណ្ណោះ​ទេ គឺ​មានការ​ជជែក​ពិភាក្សា​ពី​អត្ថន័យ​រឿង​«​កាកី​» និង​ឥទ្ធិពល​នានា​មក​លើ​សង្គម និង​ស្ត្រី ។

បើ​តាម​លោក​គាត សុ​គី​ម ក្រៅ​អំពី​ការ​សម្តែង​សិល្បៈ និង​របាំ​ប្រពៃណី​បុរាណ​ចំនួន​៨​ទម្រង់​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ នោះ នៅ​ថ្ងៃអាទិត្យ រៀបចំ​កម្មវិធី​សម្តែង​ពិសេស​មួយ​ដាច់​ដោយឡែក ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​សិល្បករ ផ្សេង​ៗ​មាន​លទ្ធភាព​ក្នុង​ការ​បញ្ចេញស្នាដៃ​របស់​ខ្លួន ។

លោក​គាត សុ​គី​ម និយាយ​ថា «​ដោយសារ​មើលឃើញ​ពី​ជោគជ័យ​ក្នុង​ការ​សម្តែង​យីកេ​រឿង «​កាកី​» នេះ​រួច​មក យើង​បាន​រៀបចំ​គម្រោង​សម្តែង​ល្ខោននិយាយ​រឿង «​កុលាប​ប៉ៃលិន​» ទៀត ។ យើង​សង្ឃឹមថា ល្ខោននិយាយ​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ដូច​គ្នា​ទៅ​នឹង​ល្ខោន​យីកេ​រឿង «​កាកី​» ដែរ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​បី​ស​ប្តា​ហ៍​ក្រោយ​នេះ​» ។

សិល្បករ​ដែល​ចូលរួម​សម្តែង​ក្រោម​គម្រោង​សហគ្រាស​អភិវឌ្ឍន៍​សិល្បៈ គឺ​មួយ​ផ្នែក​ជ្រើសរើស​សិស្ស​ដែល​បាន​បណ្តុះបណ្តាល​ចេញពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​មួយ​ផ្នែក​ទៀត គឺជា​សិស្ស​ដែល​ចេញ​មក​ពី​គម្រោង​បណ្តុះបណ្តាល​របស់​សិល្បៈ​ខ្មែរ​អមតៈ​ដែល​ពួក​គេ​បាន​ផ្តាច់ខ្លួន​ជា​ក្រុម​ឯករាជ្យ ។ សិល្បករ​ទាំងអស់​នោះ​បាន​សម្តែង​ទេព​កោសល្យ​ជូន​ទស្សនិកជន​ជក់ចិត្ត​ដិតអារម្មណ៍​ទៅ​តាម​សាច់​រឿង ក៏​ដូច​ជា​បង្ហាញ​ទស្សន​យ​ភាព​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​ទស្ស​និក​បាន​ស្គាល់​កាន់តែ​ច្បាស់​ឡើង ។

សំបុត្រ​ដាក់​លក់​ទៅ​តាម​ចំនួន​កៅអី​ទស្សនា​ដែល​មាន​តែ​២០០​ប៉ុណ្ណោះ ដោយ​តម្លៃ​ចាប់ពី​៣​ដុល្លារ​ទៅ​៥​ដុល្លារ ។

លោក​គាត សុ​គី​ម បាន​អំពាវនាវ​ដល់​ទស្សនិកជន​ខ្មែរ​ឲ្យ​គាំទ្រ​ការ​សម្តែង​ទស្សនីយភាព​សិល្បៈ​បុរាណ​ខ្មែរ ដើម្បី​ចូលរួម​អភិរក្ស និង​ផ្តល់​ឱកាស​ដល់​សិល្បករ​ដែល​បាន​ហាត់រៀន និង​ចាប់​អាជីព​សិល្បៈ​បុរាណ​មានឱកាស​ទទួល​បាន​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព ៕