ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ក្រសួងបរិស្ថាន​ឱ្យ​រោងចក្រ​ “​មេន​ហាត​ថេ​ន​” ​កែ​លំអ​ស្ថានភាព

13 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ មន្ដ្រី​ជំនាញ​បាន​ធ្វើការ​ស្ដីបន្ទោស​ដល់​រោងចក្រ​ដែល​មាន​កម្មករ​ជាង១០០​ នាក់ ដួល​សន្លប់​ថា ការ​ណែនាំ​ពី​ជំនាញ ក្រសួងបរិស្ថាន​មិន​ត្រូវ​បាន​មេការ​របស់​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​សួន ​ឧស្សាហកម្ម “​មេន​ហាត​ថេ​ន​” ស្ដាប់ និង​អនុវត្ដ​តាម​ឡើយ ទើប​បណ្ដាល​ឱ្យ​កម្មករ-កម្មការិនី​ដួល​សន្លប់​ជា បន្ដបន្ទាប់​ដោយ​ក្នុង​រយៈពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ មាន​រហូត​ដល់​ទៅ​១២៩​នាក់ ដែល​បញ្ហា​នេះ មក​ពី​ថៅកែ​រោងចក្រ​កេង​ចំណេញ​ដោយ

ខេត្ដកំពង់ចាម ៖ មន្ដ្រី​ជំនាញ​បាន​ធ្វើការ​ស្ដីបន្ទោស​ដល់​រោងចក្រ​ដែល​មាន​កម្មករ​ជាង១០០​នាក់ ដួល​សន្លប់​ថា ការ​ណែនាំ​ពី​ជំនាញ ក្រសួងបរិស្ថាន​មិន​ត្រូវ​បាន​មេការ​របស់​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​សួន​ឧស្សាហកម្ម “​មេន​ហាត​ថេ​ន​” ស្ដាប់ និង​អនុវត្ដ​តាម​ឡើយ ទើប​បណ្ដាល​ឱ្យ​កម្មករ-កម្មការិនី​ដួល​សន្លប់​ជា បន្ដបន្ទាប់​ដោយ​ក្នុង​រយៈពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ មាន​រហូត​ដល់​ទៅ​១២៩​នាក់ ដែល​បញ្ហា​នេះ មក​ពី​ថៅកែ​រោងចក្រ​កេង​ចំណេញ​ដោយ​បិទម៉ាស៊ីនបូមខ្យល់ និង​មិន​បើក​បង្អួច​ឱ្យ​អស់ ។

លោក​ហេង ណា​រ៉េ​ត ប្រធាន​នាយកដ្ឋាន បំពុល និង​ទីប្រឹក្សា​ក្រសួងបរិស្ថាន ​បានឱ្យ​កោះសន្ដិភាព​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​១៦ សីហា ២០១០ ថា ព្រឹក​ថ្ងៃ​ទី​១៥ សីហា ត្រូវ​នឹង​ថ្ងៃអាទិត្យ ដែល​ពុំ​មានកម្ម​ការិនី​ចូល​ធ្វើការ​នៅ​ក្នុង​សួន  ឧស្សាហកម្ម​មេន​ហាត​ថេ​ន​នោះ រូប​លោក​បាន ចុះ​ទៅ​ពិនិត្យ​រួម​ជាមួយ​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធមួយ​ចំនួន​ក្នុង​ខេត្ដ ដោយ​តំរូវ​ឱ្យ​រោងចក្រ​បើកង្អួច​ទាំងអស់ និង​កង្ហារ​បូម​ខ្យល់​ចេញ ដើម្បីសាកល្បង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ។ លោក មាន​ប្រសាសន៍​បន្ដ​ថា ក្នុង​រយៈពេល​ដែល​កំពុងធ្វើការ​សាកល្បង គឺ​រូប​លោក​បានឱ្យ​ភាគី​ខាងរោងចក្រ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​លោក​ឱ្យបាន​ជាប់​ជា​ប្រចាំ ដើម្បី​តាមដាន​មើល​ក្រែង មាន​បញ្ហា​ថប់​ខ្យល់​បណ្ដាល​ឱ្យ​កម្មការិនី​ដួល សន្លប់​ទៀត ។

ស្រាប់តែ​នៅ​វេលា​ម៉ោង​៩​និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ សីហា លោក​បាន​ទទួលដំណឹង​ថា មានកម្ម​ការិនី​ដួល​សន្លប់​បន្ដ​ទៀត ភ្លាម​នោះ​រូប​លោក​បាន​ប្រញាប់ប្រញាល់​ចេញពីរាជធានី ចុះ​ទៅ​ពិនិត្យ​មើល​ម្ដងទៀត​ឃើញ​ថា ភាគី​ខាង​រោងចក្រ​មិន​ព្រម​អនុវត្ដ​ទៅ​តាម​ការណែនាំ​របស់​លោក​ឡើយ ដោយ​មិន​បាន​បើក បង្អួច និង​ម៉ាស៊ីនបូមខ្យល់​ទាំងស្រុង​ទេ ទើបលោក​បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​ជា​បន្ទាន់ ។ ឆ្លងតាម​ការ​ពិនិត្យ​ជា​លើក​ទី​២ ត្រង់​ចំណុច​ដែលមានកម្ម​ការិនី​ពុល​ដួល​សន្លប់​ច្រើន​នោះ​ឃើញថា ខ្វះ​អុកស៊ីហ្សែន ប៉ុន្ដែ​ពេល​លោក​ឱ្យ​បើកបង្អួច​អស់ និង​ចុច​កុងតាក់​បើក​ម៉ាស៊ីនបូមខ្យល់ ឃើញ​ថា កំរិត​ខ្យល់​នៅ​ត្រង់​កន្លែង​នោះ​មានគ្រប់គ្រាន់​វិញ ​។

លោក​ហេង ណា​រ៉េ​ត ប្រធាន​នាយកដ្ឋាន បំពុល និង​ទីប្រឹក្សា​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ករណី​កម្មការិនី​ពុល​ដួល​សន្លប់​នេះ​មិនមែន ទើបតែ​កើត​មាន​លើក​ទី​១ នៅ​ខេត្ដកំពង់ចាមនេះ​ទេ គឺ​នៅ​ភ្នំពេញ​ក៏​កើត​មាន​ជា​ច្រើន​លើក មក​ហើយ​ដែរ ។ ក​ត្ដា​ភ័យ​ខ្លាច​ស្ទើរតែ​ពាក់កណ្ដាល​គួប​ផ្សំ​នឹង​សុខភាព​មិន​អំណោយផលផង​នោះ​ ក៏​ជា​ហេតុ​បណ្ដាល​ឱ្យ​សន្លប់​ក៏​មាន ហើយ​បើ​តាម​លក្ខណៈ​បច្ចេកទេស​ជា​ទូទៅ ការ​វាស់​ខ្យល់​អុកស៊ីហ្សែន គឺ​មិន​ឱ្យ​តូច​ជាង២០​ភាគរយ​ទេ ។ ម្យ៉ាងទៀត​ពេល​កម្មការិនី ចូល​មក​ធ្វើការ​មាន​គ្នា​ដល់​ទៅ​៩០០​នាក់ នឹងអាច​ធ្វើ​ឱ្យ​អុកស៊ីហ្សែន​នៅ​ខាងក្នុង​អគារ​កាត់ ដេរ​មានការ​ប្រែប្រួល ដូច្នេះ​បើ​ពុំនោះ​ទេ ពេល​យើង​ម្នាក់​ៗ​ដកដង្ហើម​ចេញ​មក​ធ្វើ​ឱ្យ កំហាប់​ជាតិពុល​មានការ​កើន​មិន​សមាមាត្រនឹង​គ្នា ។ សំខាន់​បំផុត​នោះ ធ្វើ​យ៉ាងណា​ឱ្យ​ខ្យល់បក់​ចូល​ឆាប់​បាន​ចេញ​វិញ ។

លោក​ប្រធាន​នាយកដ្ឋាន​បំពុល​បាន​បន្ថែមតាម​ទូរស័ព្ទ​ថា នា​ព្រឹក​ថ្ងៃ​ទី​១៧ សីហា រូបលោក​បាន​ឈរ​នៅ​ជាមួយនឹង​កម្មការិនី ដើម្បីពិនិត្យ​មើល​បន្ថែម​ទៀត រហូត​មក​ដល់​ម៉ោង១១​ព្រឹក ពុំ​ឃើញ​មានកម្ម​ការិនី​នៅ​វេន​ទី​១ ណា ម្នាក់​ដួល​សន្លប់​នោះ​ទេ ។ ទោះបីជា​យ៉ាងណា លោក​នឹង​នៅ​តាមដាន​២​វេន​ទៀត ធ្វើ​យ៉ាងណាឱ្យ​ថៅកែ​រោងចក្រ​អនុវត្ដ​តាម​ការ​ណែនាំ​រប​ស់ ក្រ​សួង​បរិស្ថាន​ឱ្យ​បាន​១០០​ភាគរយ ដោយ​មិនឱ្យ​មាន​ជា​លើក​ទី​២​ទៀត​ទេ​ ។ លោក​បាន​សង្កត់ធ្ងន់​ថា បើ​ភាគី​ខាង​រោងចក្រ​មិន​ធ្វើ​តាម​ទេ​នោះ នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​ជា​កំហិត ។ លោក​សំ សីហា ប្រធាន​រដ្ឋបាល​រោងចក្រ​មេន​ហាត​ថេ​ន បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា នៅ​ក្នុង​អគារ​ទូ​ប៉ា​ង​ថ្មី​មាន​កង្ហារ​បូម​ខ្យល់ ឯអគារ​ចាស់​នៅ​ទល់មុខ​មាន​កង្ហារ និង​ម៉ាស៊ីនត្រជាក់​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

លោក​ចេ​ង ហ៊ា​ង ប្រធាន​មន្ទីរ​ការងារ​ខេត្ដ ប្រាប់​ថា កម្មករ កម្មការិនី​ដែល​ដួល​សន្លប់​កាល ពី​យប់​ថ្ងៃ​ទី​១២, ១៣, ១៤ និង​ព្រឹក​ថ្ងៃ​ទី​១៦ សីហា សរុប​ទាំងអស់​មាន​ចំនួន​១២៩​នាក់ ។ ចំពោះ​អគារ​ទូ​ប៉ា​ង​ថ្មី ពី​មុន​មាន​ម៉ាស៊ីនត្រជាក់ លុះ​ពេល​ខូច​គ្មាន​គ្រឿងបន្លាស់​បាន​ដាក់​ម៉ាស៊ីន បូម​ខ្យល់ និង​កង្ហារ​ជំនួស​វិញ តែ​មិន​បាន​ស្រួលដូច​ដើម​ទេ ៕