ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រះ​ឥត​ប្រណី ប៊ិះ​ក្ស័យ​មនុស្ស​ទាំង​ហ្វូង​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ខណៈ​ពេល​ឈប់​ស្ងៀម​ដាក់​មនុស្ស ដែល​ជិះ​ក្នុង​នោះ​ចុះ​អស់​ក៏​បើក​ចេញ​ហើយ​មិនដឹង​យ៉ាងម៉េច​ទេ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ខណៈ​ពេល​ឈប់​ស្ងៀម​ដាក់​មនុស្ស ដែល​ជិះ​ក្នុង​នោះ​ចុះ​អស់​ក៏​បើក​ចេញ​ហើយ​មិនដឹង​យ៉ាងម៉េច​ទេ ស្រាប់តែ​ជ្រុល​ទៅ​បុក​រះ​ធុង​ទឹកកក ជណ្ដើរ​ផ្ទះ​ប្រជាពលរដ្ឋ បុក​មនុស្ស​បណ្ដាល​ឲ្យ​រង​របួស និង​បុក​រថយន្ត ព្រមទាំង​របង​បុរី​ជា​បន្តបន្ទាប់ ទើប​ឈប់​ស្ងៀម ដែល​សង្ស័យ​ចេះ​បើក​ស្ទើរភ្លើង និង​ច្រឡំ​ហ្គែ​ស្មានថា​ហ្វ្រាំង​ទើប​កើតរឿង​បែប​នេះ ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​បុរី ប៊ុ​ន ហួរ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្ក​ខាងលើ​នោះ​បាន​បើកបរ​ចូល​ទៅ​ឈប់​នៅ​ក្នុង​បុរី ប៊ុ​ន ហួរ ហើយ​បាន​ដាក់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​នោះ​ចុះ ហើយ​ក្នុង​នោះ​ក៏​មាន​ស្ត្រី​រង​គ្រោះ​ម្នាក់​ផង​ដែរ ប៉ុន្តែ​ពុំ​ដឹង​ថា ជា​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ ឬ​ក៏​ជា​រថយន្ត​ដឹក​បងប្អូន​នោះ​ឡើយ​។ លុះ​ក្រោយ​ពេល​ដាក់​មនុស្ស​ចុះ​អស់​រថយន្ត បាន​បើក​ថយក្រោយ​ក្នុង​បំណង​ចាក​ចេញពី​ទីនោះ ប៉ុន្តែ​ដោយសារ​តែ​ផ្លូវ​ចង្អៀត ទើស​របង​រោងចក្រ​មិន​អាច​បើក​ថយក្រោយ​បាន​បុរស​ដែល​ជា​អ្នកបើកបរ ក៏​បាន​បើក​ទៅ​មុខ​វិញ​។ ពេល​នោះ​ស្រាប់តែ​ជ្រុល​ទៅ​បុក​ជណ្ដើរ​ផ្ទះ និង​ធុង​ទឹកកក​ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត បន្ទាប់​មក​ទៀត​រថយន្ត​ខាងលើ​មិន​បាន​ឈប់​ស្ងៀម​ឡើយ បាន​ជ្រុល​ទៅ​បុក​ស្ត្រី ដែល​ទើប​ចុះ​លើ​រថយន្ត​នេះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ត​បង្ក​នៅ​តែ​លឿន​ទៅ​មុខ​ទៀត និង​បាន​បន្ត​ទៅ​បុក​រះ​រថយន្ត​១​គ្រឿង​ម៉ាក​BMW ដែល​ម្ចាស់​គេ​ចត​នៅ​មុខ​ផ្ទះ បណ្ដាល​ឲ្យ​រថយន្ត​BMW​នោះ រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​។ ប៉ុន្តែ​ទោះជា​បុក​រះ​ជា​បន្តបន្ទាប់​បែប​នេះ​ក្ដី ក៏​រថយន្ត​ខាងលើ​នោះ​មិន​បាន​ឈប់​ស្ងៀម​ដែរ គឺ​នៅ​តែ​លឿន​ទៅ​មុខ​ទៀត​ដដែល ហើយ​បាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ក៏​បាន​បុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​តូ​យ៉ូ​តា​កាម​រី​ស្វិត​ដែល​ម្ចាស់​ចត​មុខ​ផ្ទះ​ដែរ រួច​ហើយ​បាន​ជ្រុល​ទៅ​បុក​របង​បុរី ប៊ុ​ន ហួរ នៅ​ខាង​មុខ ពេញទំហឹង​ទៀត​។ ប៉ុណ្ណឹង​ហើយ​រថយន្ត​នេះ នៅ​មិន​ព្រម​ឈប់​ទៀត​អ្នកបើកបរ​បាន បើក​ថយក្រោយ​វិញ និង​បាន​បុក​រថយន្ត​កាម​រី​គូថ​ស្វិត​នោះ​សារ​ជា​ថ្មី​ទៀត ទើប​ឈប់​ស្ងៀម​បណ្ដាល​ឲ្យ​រថយន្ត​បង្ក នោះ​រង​ការ​ខូចខាត​ទាំង​ផ្នែក​ខាង​មុខ និង​ខាងក្រោយ​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នក បើកបរ​រងគ្រោះថ្នាក់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ បាន​ធ្វើការ​សម្រុះសម្រួល​ជាមួយ​ជន​រង​គ្រោះ និង​បាន​ចេញ​សំណង​ថ្លៃ​ជួសជុល​រថយន្ត BMW និង​រថយន្ត​កាម​រី​ស្វិត ព្រមទាំង​ធុង​ទឹកកក​ប្រជាពលរដ្ឋ ដែល​ខ្លួន​បើក​បុក​រះ​ជា​បន្តបន្ទាប់​នោះ​ជា​ការ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ហើយ​ឧប្បត្តិ​ហេតុនេះ ត្រូវ​បាន​គេ​សង្ស័យ​ថា អ្នកបើកបរ​រថយន្ត​នោះ​ចេះ​ស្ទើរភ្លើង និង​ច្រឡំ​ហ្គែ​ស្មានថា​ជា​ហ្វ្រាំង ធ្វើ​ឲ្យ​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​បើកបរ​ទើប​ជួប​រឿង​ស៊យ​បុក​រះ​ឥត​ប្រណី​បែប​នេះ​៕