ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​អាជ្ញាធរ​បណ្ដោយ​ឲ្យ អ្នកមាន​ដឹក​ខ្សាច់​លុប​ព្រែក​សាធារណៈ…?

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ អ្នកមាន​លុយ​មាន​អំណាច​កំពុង​ប្រើ​រថយន្ត​ធំ​ៗ​ជា​ច្រើន​គ្រឿង​ធ្វើការ​ដឹក​ជញ្ជូន​ខ្សាច់ ដើម្បី​ចាក់​លុប​ព្រែក​សាធារណៈ​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន

ខេត្តកណ្តាល ៖ អ្នកមាន​លុយ​មាន​អំណាច​កំពុង​ប្រើ​រថយន្ត​ធំ​ៗ​ជា​ច្រើន​គ្រឿង​ធ្វើការ​ដឹក​ជញ្ជូន​ខ្សាច់ ដើម្បី​ចាក់​លុប​ព្រែក​សាធារណៈ​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ហើយ​ការ​ដឹក​ជញ្ជូន​ខ្សាច់​ចាក់​លុប​ព្រែក​សាធារណៈ​នេះ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ទំនាប​នា​រដូវវស្សា ជា​ពិសេស​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដោយសារ​តែ​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​ដាក់​ហៀរ​ៗ​ទ្រុង អត់​គ្រប ហើយ​បើក​លឿន​ៗ​ហុយ​ទ្រលោម និង​ជ្រុះ​រាយ​ប៉ាយ​ពាសពេញ​លើ​ដងផ្លូវ ត្រង់​ចំណុច​ខាងលើ​។ ម្ចាស់​ដី​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ ដោយ​គេ​ប្រាប់​ថា​ម្ចាស់​ដី​រស់នៅ​ភ្នំពេញ​ទើប​មក​ទិញ​ដី​នេះ​។

ប្រជាពលរដ្ឋ​និយាយ​ថា ព្រែក​នេះ​កើត​មាន​តាំងពី​ដូនតា​ដែល​គេ​ហៅ​ថា ព្រែក​បង្កង មាន​ជម្រៅ​ជ្រៅ មាន​ទទឹង​ពី​មាត់​ព្រែក​ម្ខាង​ទៅ​មាត់​ព្រែក​ម្ខាង​ប្រវែង​ប្រហែល​២០​ទៅ​៣០​ម៉ែត្រ ត​ភ្ជាប់​តាំងពី​ឃុំ​គគីរ​ចេញ​ទៅ​ដៃទន្លេ​មេគង្គ​ត្រង់​ចំណុច​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​។ ពលរដ្ឋ​បន្ត​ថា ព្រែក​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួក​គាត់​រស់នៅ​អម​សងខាង​មាត់​ព្រែក សម្រាប់​យក​ទឹក​ប្រើប្រាស់ មុជ ដាំ​ស្ល ជា​ពិសេស​ស្រោចស្រព​ផលដំណាំ​។ ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ពេល​ដែល​ពួក​គាត់​ចាក់​ដី​ក្រោយ​ផ្ទះ​បន្តិចបន្តួច​ដើម្បី​ទប់​កុំ​ឲ្យ​ហូរ​ច្រោះ​បាក់​ច្រាំង​នា​រដូវវស្សា គឺ​មាន​អាជ្ញាធរ​ចុះ​មក​ហាមឃាត់​មិន​ចាក់​ដោយ​ប្រាប់​ថា ប៉ះពាល់​ដី​ចំណី​ប្រឡាយ​បិទ​ចរន្តទឹក​។ ដល់​ពេល​អ្នកមាន​លុយ​មាន​អំណាច​ចាក់​លុប​បិទ​ចរន្តទឹក​ព្រែក​ជិតឈឹង​សូ​ម្បី​តែ​លូ​មិន​ដាក់​ផង​។

ជាក់ស្តែង​ចាប់ពី​ភូមិ​ចិន​កោះ និង​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ គឺ​មាន​គេ​ចាក់​ដី​ចាក់​ខ្សាច់​លុប​កាត់​ព្រែក​ជា​ច្រើន​កន្លែង ខ្លះ​សាងសង់​សំណង់​រឹង​អត់​ច្បាប់​ជា​ហូរហែ មិន​ដែល​ឃើញ​វត្តមាន​អស់លោក​អាជ្ញាធរ​ពាក់​ព​ន្ធ័​ណាមួយ​ចេញ​មុខ​មក​ហាមឃាត់​នោះ​ទេ​ធ្វើ​ឲ្យ​មតិ​ជា​ច្រើន​រិះគន់​ថា ប្រហែល​អាជ្ញាធរ​ទទួល​បាន​លាភសក្ការៈ​ពី​ម្ចាស់​ដី​ទាំងនោះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហើយ​មើល ទៅ​បើ​ពុំនោះ​ទេ​គឺ​មិន​អាច​ចាក់​លុប​ព្រែក​នេះ​បាន​ឡើយ​។ ពាក់​ព​ន្ធ័​ករណី​នេះ​ដែរ​លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរ​សព្ទ័​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា នេះ​ថា រឿង​ឡាន​ដឹក​ខ្សាច់​ជ្រុះ​លើ​ផ្លូវជាតិ​ចាំ​លោក​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​មើល​។

រីឯ​បញ្ហា​លុប​ព្រែក​គឺ​រូប​លោក​អភិបាល​ពុំ​បានដឹង​អស់​ទេ​បើ​ពលរដ្ឋ​ណា​កើតទុក្ខ​មិន​សុខចិត្ត សុំ​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​អាជ្ញាធរ​មក​។ លោក​អភិបាល​បាន​ប្រាប់​បន្ត​ថា​រុញ​ឲ្យ​អ្នក​យក​ព៌​ត​មាន​សួរ​ទៅ​អាជ្ញាធរ​ឃុំ​ខ្លះទៅ​ព្រោះ​លោក​ជាប់រវល់​៕